* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)
* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch

ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីព្រះនារាយណ៍ផ្ទំ

30-10-2026 20:19

(ភ្នំពេញ)៖ នៅក្នុងប្រវត្តិសិល្បៈនិងបដិមាសាស្ត្រខ្មែរសម័យបុរាណ ព្រះបដិមាព្រះនារាយណ៍ផ្ទំ ឬ «អនន្តសាយិន» (Anantasayana) ឃើញមានបង្ហាញព្រះអង្គផ្ទំ មានព្រះកេសបែរតាមទិសផ្សេងៗទាំងបួន ហើយកន្លែងខ្លះព្រះអង្គកើយលើព្រះហត្ថស្តាំ និងកន្លែងខ្លះទៀត ព្រះអង្គកើយលើព្រះហត្ថឆ្វេងវិញ។

តើភាពខុសគ្នាទាំងនេះ មានសេចក្តីយ៉ាងណា?

បុរាណវិទូ អ៉ឹម សុខរិទ្ធី បានឲ្យដឹងថា ចំពោះទិសដៅព្រះកេសបែរតាមទិស បើមើលតាមក្បួនឥណ្ឌា អាចអាស្រ័យតាមមូលហេតុសំខាន់ នៃការគន់គូរតាមតម្រាសាសនាព្រាហ្មណ៍ គឺក្បួនតម្រា Vastu Shastra (Spatial Orientation)។ នៅក្នុងការរៀបចំស្ថាបត្យកម្មប្រាសាទបុរាណ ទិសដៅនៃការដំឡើងចម្លាក់ ជាពិសេសនៅលើហោជាង ឬនៅលើផ្តែរជាដើម ត្រូវរៀបចំស្របទៅតាមទិសដៅនៃចក្រវាឡ ឬមុខនៃប្រាសាទ។ ឧទាហរណ៍ ចំពោះទិសខាងកើត ឬទិសខាងជើង ប្រសិនបើចម្លាក់បដិមា ត្រូវបង្វែរភក្ត្រទៅកាន់ទិសខាងកើត ដែលជាទិសសិរីមង្គល ឬទិសនៃព្រះអាទិត្យរះ ជាងត្រូវឆ្លាក់ឲ្យព្រះនារាយណ៍ផ្ទំបែរព្រះកេស ទៅទិសខាងជើង ហើយព្រះអង្គកើយលើព្រះហត្ថស្តាំ ឬ ព្រះហត្ថឆ្វេង ទៅតាមទីតាំងដែលត្រូវបង្វែរព្រះភក្ត្ររបស់ព្រះអង្គមកខាងមុខ សំដៅសាវកចូលមកគោរពបូជា។ ចំពោះការកើយលើព្រះហត្ថស្តាំ ឬឆ្វេង គឺដើម្បីធានាថា ភក្ត្ររបស់ព្រះអង្គបែរមកទិសខាងទិសខាងកើត ឬទិសដែលចម្បង ដែលមិនបែរខ្នងដាក់សាវក ឬផ្លូវចូលឡើយ។

លើសពីនេះ តាមទស្សនវិជ្ជាព្រហ្មញ្ញសាសនា ព្រះហត្ថស្តាំ (ទិសស្តាំ/ទិសខាងកើត) តំណាងឲ្យធាតុព្រះសូរ្យ (ព្រះអាទិត្យ) ថាមពលវិជ្ជមាន ការភ្ញាក់រលឹក និងការបង្កើតលោក (Srishti)។ ព្រះផ្ទំកើយព្រះហត្ថស្តាំជានិមិត្តរូបនៃការត្រៀមខ្លួនភ្ញាក់ឡើងដើម្បីគ្រប់គ្រង និងថែរក្សាចក្រវាឡ។ រីឯព្រះហត្ថឆ្វេង (ទិសឆ្វេង/ទិសខាងលិច) តំណាងឲ្យធាតុចន្រ្ទ (ព្រះចន្ទ) ថាមពលអវិជ្ជមាន ឬស្ងប់ស្ងាត់ ពោលគឺជាការសម្រាកយ៉ាងជ្រាលជ្រៅ និងការចូលកាន់ដំណាក់កាល "យោគនិទ្រា" (Yoganidra) រវាងការរលត់ និងការកើតឡើងវិញនៃកប្ប។

យើងគ្រប់គ្នាបានឃើញឥទ្ធិពលទស្សនវិជ្ជានេះលើរចនាបថសិល្បៈ និងជាងចម្លាក់តាមសម័យកាលនៃប្រវត្តិសាស្រ្តនគរខ្មែរ។ នៅក្នុងសិល្បៈខ្មែរបុរាណ (ដូចជាសម័យកោះកេរ បន្ទាយស្រី អង្គរវត្ត ឬភ្នំដាជាដើម) ជាងចម្លាក់ខ្មែរបង្ហាញសេរីភាពនៃការច្នៃប្រឌិតខ្ពស់ ប៉ុន្តែនៅតែរក្សាតាមក្បួនខ្នាត។ ការជ្រើសរើសព្រញបដិមាផ្ទំកើយព្រះហត្ថខាងណានោះ ពេលខ្លះ ឬជួនកាលអាស្រ័យលើ «តុល្យភាពនៃសោភ័ណភាព» (Symmetry) នៃរូបចម្លាក់ទាំងមូលនៅលើផ្តែរ ឬហោជាង ដើម្បីឲ្យសមស្របទៅនឹងសមាសភាពរូបរាងជុំវិញ (ដូចជា ត្រូវបង្ហាញព្រះព្រហ្មផុសចេញពីផ្កាឈូកលើផ្ចិត និងរូបព្រះនាងលក្ស្មីណ៍ជូតព្រះបាទ ដែលអ្នកស្រាវជ្រាវខ្លះប្រើដល់ពាក្យ massage ទៅទៀតផង)។

ឥទ្បូវ សូមសាកល្បងពិនិត្យអំពីឥទ្ធិពលពីឥណ្ឌាភាគខាងត្បូង និងខាងជើង មកលើកម្ពុជទេសម្តង។ នៅឥណ្ឌាភាគខាងត្បូង (ដូចជាសិល្បៈ Pallava ឬ Chola) ចម្លាក់ព្រះនារាយណ៍ផ្ទំភាគច្រើនកើយព្រះហត្ថឆ្វេង។ ប៉ុន្តែនៅពេលសមាសភាពនេះចូលមកដល់អាស៊ីអាគ្នេយ៍ ជាពិសេសនគរខ្មែរ សិល្បករចម្លាក់បានសម្របសម្រួលទម្រង់ទាំងពីរនេះទៅតាមរចនាបថ និងបរិបទនៃប្រាសាទនីមួយៗវិញ។

ដូច្នេះ ការផ្ទំកើយលើព្រះហត្ថស្តាំ ឬឆ្វេង មិនមែនជាការខុសឆ្គង ឬជាចៃដន្យនោះទេ ប៉ុន្តែជាការគិតគូរយ៉ាងល្អិតល្អន់រវាង ទិសដៅស្ថាបត្យកម្មនៃប្រាសាទ និមិត្តរូបនៃយោគនិទ្រា និង សោភ័ណភាពនៃការគោរពបូជាព្រះអង្គ៕