យល់ដឹងផ្នែកច្បាប់៖ នីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

14-09-2025 16:19

(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាយើង ការចុះបញ្ជីដីធ្លីគឺជាកិច្ចការមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងគោលនយោបាយដីធ្លី ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការបង្ការវិវាទ និងបញ្ចប់វិវាទដីធ្លី ទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីនៅកម្ពុជា មានការបែងចែងជា ០២ (ពីរ) ប្រភេទ រួមមាន «ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» និង «ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ» ។ ហើយក្នុងចំណោមការចុះបញ្ជីដីធ្លីទាំងពីរប្រភេទគឺមានមួយប្រភេទជាគំនិតផ្ដួចផ្ដើមដោយអាជ្ញាធរមានសមត្ថកិច្ច ដែលហៅថា «ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» ។ តើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធធ្វើឡើងយ៉ាងដូចម្ដេច ? ហើយឆ្លងកាត់ប៉ុន្មានដំណាក់កាល?

ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ» មកធ្វើការចែករំលែកដូចតទៅ ។

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជារួមមាន ០៥ ដំណាក់កាលសំខាន់ៗដូចខាងក្រោម៖

ដំណាក់កាលទី១ អំពីការរៀបចំ៖ អភិបាលរាជធានី ខេត្តមានតួនាទីប្រកាសតំបន់ដែលក្រុមមន្រ្តីសុរិយោដីត្រូវធ្វើការកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ ។ បន្ទាប់ពីបានកំណត់រួចមក អភិបាលរាជធានី ខេត្តតម្រូវឱ្យធ្វើការប្រជុំវិនិច្ឆ័យ ដោយផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋានយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ និងមកសាធារណជនយ៉ាងតិច ៣ (បី) ថ្ងៃ មុនការប្រជុំ ។ កិច្ចប្រជុំផ្សព្វផ្សាយត្រូវប្រព្រឹត្តទៅនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យ ។

ដំណាក់កាលទី២ អំពីប្រតិបត្តិការបច្ចេកទេស៖ បែងចែកជា ០២ ដំណាក់កាលទៀតគឺ

១. ការងារវាល គឺមន្រ្តីសុរិយោដីត្រូវចុះធ្វើការកំណត់ព្រំដី វាស់ក្បាលដី និងការវិនិច្ឆ័យទៅលើឯកសារ និងប្រមូលរាល់ឯកសារ ភស្តុតាងផ្សេងៗជាលាយលក្ខណ៍អក្សរ ជាចម្លើយផ្ទាល់មាត់ ឬជារូបដែលទាក់ទងនឹងព្រំដី ។

២. ការងារនៅការិយាល័យ ទិន្នន័យដែលប្រមូលបានពីការងារវាល ត្រូវបញ្ចូលទៅក្នុងកុំព្យូទ័រ បើសិនមិនមានទំនាស់ក្នុងការកំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី ។

ដំណាក់កាលទី៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ៖ អភិបាលរាជធានី ខេត្តត្រូវប្រកាសផ្សាយជាសាធារណៈអំពីឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ទាំងអស់ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា ។ ប្រសិនបើមិនមានការជំទាស់ ឬតវ៉ាក្នុងរយៈពេលនៃការបិទផ្សាយជាសាធារណៈ ទិន្នន័យដែលបានកត់ត្រាក្នុងឯកសារបិទផ្សាយនោះ ត្រូវចាត់ទុកជាទិន្នន័យសុក្រឹត ដែលអាចកំណត់យកជាផ្លូវការតាមច្បាប់បាន ។

ដំណាក់កាលទី៤ អំពីការសម្រេចលើឯកសារ៖ ក្រោយពីផុតរយៈពេល នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) អភិបាលរាជធានី ខេត្ត និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) ហើយឯកសារនោះនឹងត្រូវចាត់ទុកថាជាឯកសារផ្លូវការតាមច្បាប់ ។

ដំណាក់កាលទី៥ អំពីការចេញប័ណ្ណ៖ នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចុះបញ្ជីចេញប័ណ្ណ ។

សរុបមក ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺជាគំនិតផ្ដួចផ្ដើមដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយពន្លឿនការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាយុទ្ធសាស្រ្តក្នុងការបង្ការវិវាទ បញ្ចប់វិវាទដីធ្លី ​​​និងការផ្ដល់ជាកម្មសិទ្ធិស្របច្បាប់ជូនទៅប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ ។

រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក កឹង សម្បត្តិ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕