យល់ដឹងផ្នែកច្បាប់៖ ការឃាត់ខ្លួនអនីតិជនប្រព្រឹត្តបទល្មើស

05-10-2025 16:32

(ភ្នំពេញ)៖ ក្នុងរឿងក្ដីព្រហ្មទណ្ឌ នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមប្រព្រឹត្តបទល្មើស ។

ប៉ុន្តែបើករណីបុគ្គលដែលត្រូវបាន ឃាត់ខ្លួនជាអនីតិជន (ជនដែលមានអាយុតិចជាង ១៨ ឆ្នាំ)ការអនុវត្តគឺ មានលក្ខណៈពិសេសដាច់ដោយឡែកពីបុគ្គល ទូទៅដោយហេតុថា អនីតិជនត្រូវបានធានារក្សាការពារសិទ្ធិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ។ ក្រៅពីក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ កម្ពុជាក៏មានច្បាប់ស្តីពីយុត្តិធម៌អនីតិជន ឆ្នាំ២០១៦ ផងដែរ ដើម្បីអនុវត្តលើករណីអនីតិជនប្រព្រឹត្តបទល្មើស ។

តើច្បាប់ផ្តល់ការការពារសិទ្ធិ និងឧត្តមប្រយោជន៍ដល់អនីតិជនយ៉ាងដូចម្តេចខ្លះ ប្រសិនបើអនីតិជនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយមន្ត្រីនគរបាលយុត្តិធម៌ អាចធ្វើការឃាត់ខ្លួន អនីតិជនបានដែរ ឬទេ?

ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការ ជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «ការឃាត់ខ្លួន អនីតិជនប្រព្រឹត្តបទល្មើស» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

មុននឹងឈានដល់ខ្លឹមសារនៃអត្ថបទច្បាប់ យើងខ្ញុំនឹងធ្វើការបញ្ជាក់អំពីពាក្យគន្លឹះមួយចំនួនជាមុនសិន គឺពាក្យ «អ្នកតំណាងដែលច្បាប់បានកំណត់», «អ្នកទំនុកបម្រុង» និង «ភ្នាក់ងារសង្គមកិច្ច» ។ ពាក្យ អ្នកតំណាងដែលច្បាប់បានកំណត់ គឺអ្នកមានអំណាចមេបា អ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអ្នកអាណាព្យាបាលទូទៅ ។

ពាក្យ អ្នកទំនុកបម្រុង គឺរូបវន្តបុគ្គល ឬនីតិបុគ្គលដែលត្រូវបានជ្រើសរើសដោយអនីតិជន ឬដោយអាជ្ញាធរមានសមត្ថកិច្ច និងមានការយល់ព្រមពីអនីតិជនឱ្យទទួលខុសត្រូវក្នុងការទំនុកបម្រុងខ្លួន ក្នុងអំឡុងពេលអនុវត្តនីតិវិធីដែលមានចែងក្នុង ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ។ រីឯពាក្យ ភ្នាក់ងារសង្គមកិច្ច សំដៅដល់មន្ត្រីរបស់ក្រសួង មន្ទីរ ការិយាល័យទទួលបន្ទុក
វិស័យសង្គមកិច្ចរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬបុគ្គលផ្សេងទៀតដែលទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកកុមារ និងច្បាប់ពាក់ព័ន្ធនឹងអនីតិជន ហើយត្រូវទទួលបានការតែងតាំង ឬទទួលស្គាល់ពីរដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ។

យោងតាម ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ឆ្នាំ២០១៦ មន្ត្រីនគរបាលយុត្តិធម៌អាចឃាត់ខ្លួនអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំបាន ប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌បារម្ភ និងជឿជាក់ថា អនីតិជនអាចរត់គេច ខ្លួន ឬបំផ្លាញភស្តុតាង ឬបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាក្សី ជនរងគ្រោះ ឬសន្តិសុខសាធារណៈ ឬក្នុងគោលបំណងការពារ សុវត្ថិភាពអនីតិជននោះ ។ ប៉ុន្តែ អនីតិជនដែលមានអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៦ (ដប់ប្រាំមួយ) ឆ្នាំការឃាត់ខ្លួនអាចធ្វើទៅបានតែក្នុងករណីដែលអនីតិជននោះប្រព្រឹត្តបទមជ្ឈិមដោយចេតនា ។

ការឃាត់ខ្លួននេះ សម្រាប់តែជា វិធានការចុងក្រោយប៉ុណ្ណោះ ហើយមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ចប់ដំណើរការស៊ើបអង្កេតឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ។ ច្បាប់ចម្លងនៃកំណត់ហេតុស្តីពីការចាប់ខ្លួន និងកំណត់ហេតុសរុបនៃការឃាត់ខ្លួនអនីតិជន ត្រូវផ្តល់ឱ្យមេធាវី តាមការស្នើសុំហើយនៅតាមអង្គភាពដែលមាននគរបាលយុត្តិធម៌នីមួយៗ ត្រូវមានបញ្ជីដោយឡែកស្តីពីការឃាត់ខ្លួនអនីតិជន ហើយរាល់ការឃាត់ខ្លួនអនីតិជន មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាភ្លាម ។

ក្រៅពីការជូនដំណឹងទៅព្រះរាជអាជ្ញា មន្ត្រីនគរបាលយុត្តិធម៌ ក៏ត្រូវជូនដំណឹងជាបន្ទាន់ទៅអ្នកតំណាងដែលច្បាប់ បានកំណត់របស់អនីតិជនបន្ទាប់ពីការចាប់ខ្លួន ឬឃាត់ខ្លួនអនីតិជននោះ ។ ក្នុងករណីមិនអាចផ្តល់ដំណឹងនេះជាបន្ទាន់ ត្រូវជូនដំណឹងដល់អ្នកតំណាងដែលច្បាប់បានកំណត់ក្នុងរយៈពេលយ៉ាងខ្លីបំផុតតាមដែលអាចធ្វើទៅបានអំពី (១) មូលហេតុ នៃការចាប់ខ្លួន ឬឃាត់ខ្លួន និងប្រភេទនៃបទល្មើស (២) ទីកន្លែងដែលអនីតិជនកំពុងស្ថិតនៅ និង (៣) សិទ្ធិចូលរួមរបស់អ្នកតំណាងដែលច្បាប់បានកំណត់នៅអង្គភាពនគរបាល ។ក្នុងករណីមិនអាចទាក់ទងអ្នកតំណាងដែលច្បាប់បានកំណត់ របស់អនីតិជនបាន មន្ត្រីនគរបាលយុត្តិធម៌ត្រូវប្រឹងប្រែងទាក់ទងទៅអ្នកទំនុកបម្រុងដែលជ្រើសរើសដោយអនីតិជន ឬដោយមន្ត្រី នគរបាលយុត្តិធម៌ ដោយមានការយល់ព្រមពីអនីតិជននោះ ។

មន្ត្រីនគរបាលយុត្តិធម៌ ត្រូវជូនដំណឹងភ្លាមផងដែរទៅ ភ្នាក់ងារសង្គមកិច្ច បន្ទាប់ពីអនីតិជននោះ ត្រូវបាននាំមកដល់អង្គភាពនគរបាលយុត្តិធម៌ ដើម្បីផ្តល់សេវាគាំទ្រផ្លូវចិត្ត និង សង្គមដល់អនីតិជននោះផងដែរ ។ បន្ថែមពីនេះត្រូវជូនដំណឹងភ្លាមទៅមេធាវីរបស់អនីតិជនប្រសិនបើមាន ប៉ុន្តែក្នុងករណីអនីតិជននោះគ្មានមេធាវីទេ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរកមេធាវីដោយមិនយកកម្រៃឱ្យអនីតិជននោះឱ្យបានឆាប់បំផុតតាម ដែលអាចធ្វើទៅបាន បន្ទាប់ពីអនីតិជននោះត្រូវបាននាំមកដល់អង្គភាពនគរបាលយុត្តិធម៌ ហើយមន្ត្រីនគរបាលយុត្តិធម៌ត្រូវ មានបញ្ជីឈ្មោះមេធាវីសម្រាប់ឱ្យអនីតិជនធ្វើការជ្រើសរើស ។

មន្ត្រីនគរបាលយុត្តិធម៌ត្រូវធ្វើកំណត់ហេតុដោយឡែកអំពី ការជូនដំណឹង ឬការព្យាយាមជូនដំណឹងទៅអ្នកតំណាងដែលច្បាប់បានកំណត់ អ្នកទំនុកបម្រុង មេធាវីរបស់អនីតិជន និង ភ្នាក់ងារសង្គមកិច្ច និងស្វែងរកមេធាវី និងអ្នកទំនុកបម្រុង ទោះបីជាការជូនដំណឹង ឬការព្យាយាមជូនដំណឹង នោះមិនបាន ទទួលលទ្ធផលផលក្តី ។ ប្រសិនអនីតិជនជាជនជាតិបរទេស មន្ត្រីនគរបាលយុត្តិធម៌ត្រូវរកអ្នកបកប្រែភាសាដោយមិនយក កម្រៃឱ្យអនីតិជន ក្នុងករណីដែលអនីតិជននោះពុំមានអ្នកបកប្រែភាសាផ្ទាល់ខ្លួន ។

លើសពីនេះក្នុងករណីអនីតិជន មានរបួស ឬមានបញ្ហាសុខភាពហើយត្រូវការការព្យាបាល នគរបាលយុត្តិធម៌ ត្រូវបញ្ជូន អនីតិជនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីធ្វើការពិនិត្យព្យាបាលអនីតិជននោះ ហើយរាល់ ការចំណាយលើការពិនិត្យនិងព្យាបាលជាបន្ទុករបស់រដ្ឋ បើក្នុងករណីដែលឪពុកម្តាយ ឬអ្នកអាណាព្យបាលគ្មានលទ្ធភាព ។

មន្ត្រីនគរបាលយុត្តិធម៌មិនត្រូវយកអនីតិជនដាក់បង្ហាញមុខជាជួរឡើយ ក្នុងករណីគ្មានការយល់ព្រមជាមុនពីអនីតិជន ដោយមានការពិគ្រោះយោបល់ជាមួយមេធាវី អ្នកតំណាងដែលច្បាប់បានកំណត់ ឬអ្នកទំនុកបម្រុងរបស់អនីតិជន ហើយបើ ករណីអនីតិជនយល់ព្រម ត្រូវមានកំណត់ហេតុជាលាយលក្ខណ៍អក្សរ និងផ្តិតម្រាមដៃ ត្រង់ចំណុចនេះច្បាប់បានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងករណីដែលបង្ហាញមុខ ឬឈ្មោះ អនីតិជនជាសាធារណៈអាចធ្វើប៉ះពាល់ដល់ផ្លូវច្បាប់ ការសិក្សា និងបានការរើសអើងពីមិត្តភក្តិជាដើម ។ អនីតិជនដែលត្រូវឃាត់ខ្លួន ត្រូវដាក់ដាច់ដោយឡែកពីនីតិជន និងទៅតាមភេទ ហើយ ពុំត្រូវបានទទួលរងទារុណកម្ម ការបង្ខិតបង្ខំ ការគំរាមកំហែង ការសម្លុតបំភិតបំភ័យ ឬទង្វើណាមួយផ្សេងទៀតដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អនីតិជន ឬទទួលរងអំពើអមនុស្សធម៌ណាមួយឡើយ ។

សរុបសេចក្តីជារួមមក ការឃាត់ខ្លួនអនីតិជនប្រព្រឹត្តបទល្មើស គឺត្រូវអនុវត្តតាមបទបញ្ញត្តិ នៃច្បាប់ស្តីពីយុត្តិធម៌
អនីតិជន ឆ្នាំ២០១៦ ដោយត្រូវគិតអំពីសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជនជាចាំបាច់ ហើយមិនត្រូវធ្វើឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូររបស់អនីតិជន ឬធ្វើឱ្យទទួលរងអំពើអមនុស្សធម៌ឡើយ បើមិនដូច្នេះទេ នឹងនាំឱ្យមានមោឃភាពនៃនីតិវិធី ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក ភា ពិសិដ្ឋ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ
និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិមានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ
០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected]គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕