យល់ដឹងផ្នែកច្បាប់៖ នីតិវិធីតុលាការទាក់ទងនឹងការស្មុំកូនអន្ដរប្រទេស
12-10-2025 17:16
(ភ្នំពេញ)៖ កុមារគ្រប់រូប ត្រូវការរីកចម្រើនធំធាត់នៅក្នុងបរិយាកាសគ្រួសារ ដែលពោរពេញដោយសុភមង្គល សេចក្ដីស្រឡាញ់ និងការយោគយល់ ដើម្បីឱ្យកុមារទទួលបាននូវការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ហើយការស្មុំកូនអន្ដរប្រទេស ប្រៀបបាននឹងដំណោះស្រាយចុងក្រោយ ក្នុងការស្វែងរកគ្រួសារអចិន្ដ្រៃយ៍សម្រាប់កុមារ ក្រោយពីអស់លទ្ធភាពផ្តល់ការឧបត្ថម្ភគាំពារឱ្យកុមាររស់នៅក្នុងគ្រួសារកំណើត បន្ទាប់ពីពិចារណាអំពីការស្មុំកូនក្នុងប្រទេសកម្ពុជារួចរាល់ ។

ការស្មុំកូនអន្ដរប្រទេស គឺពិតជាមាននីតិវិធីស្មុគស្មាញ ដោយត្រូវឆ្លងកាត់អាជ្ញាធរមានសមត្ថកិច្ចរួមមាន៖ អាជ្ញាធរកណ្ដាលស្មុំកូនអន្ដរប្រទេស រដ្ឋបាលស្មុំកូនអន្ដរប្រទេស និងទីភ្នាក់ងារស្មុំកូនអន្ដរប្រទេស ព្រមទាំងមានការស្នើសុំដីកាសម្រេចស្មុំកូនអន្ដរប្រទេសពីតុលាការផងដែរ ។ ហេតុដូច្នេះយើងនឹងពិនិត្យថាតើការស្មុំកូនអន្ដរប្រទេស មាននីតិវិធីនៅតុលាការយ៉ាងដូចម្ដេច ?
ដើម្បីស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី នីតិវិធីតុលាការទាក់ទងនឹងការស្មុំកូនអន្ដរប្រទេស មកធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជនដូចតទៅ។
សាលាដំបូងរាជធានីភ្នំពេញ មានសមត្ថកិច្ចផ្តាច់មុខលើសំណុំរឿងស្មុំកូនអន្ដរប្រទេសដោយត្រូវយកបញ្ញត្ដិស្ដីពីរឿងក្ដីរដ្ឋប្បវេណី ដែលមិនមែនជាបណ្ដឹងមកអនុវត្តចំពោះនីតិវិធីតុលាការទាក់ទងនឹងស្មុំកូនអន្តរប្រទេស (មាត្រា៣៤ នៃច្បាប់ស្ដីពីស្មុំកូនអន្ដរប្រទេស) ។ នៅពេលដាក់ពាក្យសុំដីកាសម្រេច អ្នកដាក់ពាក្យសុំ ត្រូវបង់ប្រាក់ចំនួន ១.០០០.០០០ (មួយលាន) រៀល ដែលជាសោយហ៊ុយសម្រាប់៖ ពិនិត្យភស្តុតាង ចេញដីកាសម្រេច បញ្ជូនឯកសារ ផ្សព្វផ្សាយជូនដំណឹង ស្រាវជ្រាវអង្គហេតុ និងសកម្មភាពខាងនីតិវិធី ដោយទឹកប្រាក់នេះតុលាការត្រូវបង្គាប់ឱ្យអ្នកដាក់ពាក្យសុំបង់ជាមុន ហើយសោហ៊ុយខាងលើក៏អាចលើសពីចំនួន ១.០០០.០០០ (មួយលាន) រៀលផងដែរ (មាត្រា៣៥ នៃច្បាប់ស្ដីពីស្មុំកូនអន្ដរប្រទេស) ។
មុនពេលចេញដីកាសម្រេចស្មុំកូនអន្ដរប្រទេស តុលាការត្រូវពិនិត្យសំណុំឯកសារ និងរបាយការណ៍នានាដែលដាក់ជូនតុលាការដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយត្រូវសន្មត់ថាជាអង្គហេតុពិតទាក់ទងនឹងលក្ខណៈសម្បត្តិ ស្មុំកូនរបស់កុមារ និងភាពសមស្របសម្រាប់ស្មុំកូនរបស់អ្នកសុំក្នុងករណីចាំបាច់តុលាការអាចបង្គាប់ឱ្យអ្នកតំណាងរដ្ឋបាលស្មុំកូនអន្ដរប្រទេសមកបំភ្លឺបន្ថែមអំពី របាយការណ៍ ភស្ដុតាង និងអនុសាសន៍របស់រដ្ឋមន្រ្ដី ។
លើសពីនេះទៀតតុលាការត្រូវផ្ទៀងផ្ទាត់នូវ៖
*(១) លក្ខណវិនិច្ឆ័យ ឬលក្ខខណ្ឌត្រូវបានបំពេញ
*(២) ការពិគ្រោះយោបល់ចាំបាច់នានាត្រូវធ្វើមុននឹងផ្តល់ការយល់ព្រម
*(៣) ការយល់ព្រមចំាបាច់នានាត្រូវបានផ្តល់ដោយគោរពតាមច្បាប់
*(៤) មានការពិចារណាត្រឹមត្រូវលើគ្រប់លទ្ធភាពក្នុងការទុកដាក់កុមារនៅប្រទេសកម្ពុជា
*(៥) អាជ្ញាធរកណ្ដាល ឬអាជ្ញាធរមាសមត្ថកិច្ច ឬទីភ្នាក់ងារស្មុំកូនអន្ដរប្រទេស ដែលបានអនុញ្ញាតនៃប្រទេសទទួល យល់ព្រមលើការទុកដាក់កុមារ
*(៦) កុមារត្រូវបានអនុញ្ញាតឱ្យចូលទីរស់នៅជាអចិន្រ្ដៃយ៍នៅក្នុងប្រទេសទទួល
*និង (៧) ស្មុំកូនពិតជាឧត្តមប្រយោជន៍របស់កុមារ (យោងមាត្រា៣៦ និងមាត្រា៣៧ នៃច្បាប់ស្ដីពីការស្មុំកូនអន្ដរប្រទេស) ។
ដីកាសម្រេចស្មុំកូនអន្ដរប្រទេស ត្រូវចេញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលពាក្យសុំ ដោយពុំចាំបាច់ឆ្លងកាត់ទាញហេតុផលដោយផ្ទាល់មាត់ឡើយ ប៉ុន្ដែប្រសិនបើចាំបាច់តុលាការអាចកោះហៅអ្នកដាក់ពាក្យសុំ ឬអ្នកតំណាង ឬអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកតំណាងទីភ្នាក់ងារ ឬសាក្សីផ្សេងទៀតមកបំភ្លឺ ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់ទាក់ទងនឹងអង្គហេតុបាន ។ តុលាការត្រូវបញ្ជូនដីកាសម្រេចនេះទៅអ្នកដាក់ពាក្យសុំ អ្នកតំណាងដែលច្បាប់បានកំណត់របស់កូនសុំ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មាត្រា៣៩ កថាខណ្ឌទី១ និងមាត្រា៣៨ នៃច្បាប់ស្ដីពីការស្មុំកូនអន្ដរប្រទេស) ។
ដីកាសម្រេចស្មុំកូនអន្ដរប្រទេស អាចប្តឹងជំទាស់ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលបុគ្គលមានសិទ្ធិ និងផលប្រយោជន៍តាមច្បាប់ បានទទួលការបញ្ជូនដីកាសម្រេចស្មុំកូនអន្ដរប្រទេស ហើយក្នុងករណីមិនមានការប្ដឹងជំទាស់ក្នុងរយៈពេលដែលកំណត់ខាងលើនោះទេ ដីកាសម្រេចស្មុំកូនអន្ដរប្រទេសនឹងចូលជាស្ថាពរ ។ ប្រសិនបើបុគ្គលមានសិទ្ធិ និងផលប្រយោជន៍ ដាក់បណ្ដឹងជំទាស់នឹងដីកាសម្រេចស្មុំកូនអន្ដរប្រទេស សាលាឧទ្ធរណ៍ភ្នំពេញត្រូវយកសំណុំរឿងមកធ្វើការវិនិច្ឆ័យ និងសម្រេចចេញដីកាសម្រេចអំពីបណ្ដឹងជំទាស់ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ គិតពីថ្ងៃទទួលបណ្ដឹងជំទាស់ ហើយដីកាសម្រេចអំពីបណ្ដឹងជំទាស់ មិនអាចបណ្ដឹងជំទាស់ទៀតនោះឡើយ (មាត្រា៤០ នៃច្បាប់ស្ដីពីស្មុំកូនអន្ដរប្រទេស)។
សរុបសេចក្ដីមក សំណុំរឿងស្មុំកូនអន្ដរប្រទេស គឺជាសមត្ថកិច្ចផ្តាច់មុខរបស់សាលាដំបូងរាជធានីភ្នំពេញ តុលាការចេញដីកាសម្រេចស្មុំកូនអន្ដរប្រទេសដោយផ្អែកលើភស្តុតាង សំណុំឯកសារ របាយការណ៍នានាដែលដាក់ជូនដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងករណីចាំបាច់តុលាការអាចកោះហៅភាគីពាក់ព័ន្ធដើម្បីបញ្ជាក់ពីអត្ថិភាព ឬនត្ថិភាពនៃអង្គហេតុណាមួយ ហើយបុគ្គលមានសិទ្ធិ និងផលប្រយោជន៍តាមច្បាប់ក៏អាចប្ដឹងជំទាស់នឹងដីកាសម្រេចស្មុំកូនអន្ដរប្រទេសទៅសាលាឧទ្ធរណ៍ភ្នំពេញបានប្រសិនបើដីកាសម្រេចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍របស់ខ្លួន ប៉ុន្ដែមិនអាចប្ដឹងជំទាស់ម្ដងទៀតបានឡើយ ចំពោះការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ភ្នំពេញ ៕
រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងលោក ឆែ វណ្ណម៉ូលីវ័ន្ដ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC)លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm