យល់ដឹងផ្នែកច្បាប់៖ ដែនអនុវត្តន៍ច្បាប់ស្តីពីការងារ
26-10-2025 17:20
(ភ្នំពេញ)៖ ច្បាប់ស្តីពីការងារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានានូវសិទ្ធិ ការគាំពារផ្នែកសង្គម ពិសេសដល់កម្មករនិយោជិត និយោជក ព្រមទាំងធានាសុវត្ថិភាពគតិយុត្ត និងស្ថេរភាព ក្នុងការរៀបចំប្រកបដោយប្រសិទ្ធភាពនូវដំណើរការ និងភាពដែលអាចប្រកួតប្រជែងបានលើឆាកអន្តរជាតិផងដែរ ។
ដើម្បីធានាបាននូវគោលបំណងនេះ ច្បាប់ស្តីពីការងារត្រូវមានដែនអនុវត្តន៍ទៅលើទំនាក់ទំនងក្នុងវិស័យការងារ ដែលបានកើតឡើងដោយកិច្ចសន្យាការងារ ហើយត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬធ្វើឡើងដោយផ្ទាល់មាត់ក្តី អាស្រ័យទៅលើគូភាគីនីមួយៗ ក្នុងការថែរក្សាការពារផលប្រយោជន៍ភាគីទាំងសងខាងប្រកបដោយភាពត្រឹមត្រូវ ។
ទន្ទឹមនឹងនេះ ដើម្បីស្វែងយលអំពីដែនអនុវត្តន៍ច្បាប់ស្តីពីការងារ ថាតើច្បាប់នេះត្រូវបានកំណត់នូវការអនុវត្តត្រឹមកម្រិតណា ? ហើយថាតើច្បាប់នេះ មិនត្រូវអនុវត្តទៅលើការងារអ្វីខ្លះដែលស្ថិតនៅក្រោមការអនុវត្តនៃច្បាប់ផ្សេង ?
ហេតុដូចនេះ ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទនិយាយពី "ដែនអនុវត្តន៍ច្បាប់ស្តីពីការងារ" មកធ្វើការចែករំលែកដូចតទៅ ។
ផ្អែកតាមច្បាប់ស្តីពីការងារ ច្បាប់នេះ មានអានុភាពគតិយុត្តអនុវត្តទៅលើទំនាក់ទំនងទាំងឡាយណា កើតចេញពី កិច្ចសន្យាការងារ រវាងនិយោជក ជាមួយកម្មករនិយោជិត ទោះបីជាកិច្ចសន្យានោះ បានធ្វើឡើងជាលាយល័ក្ខណអក្សរក្តី ឬធ្វើឡើងដោយផ្ទាល់មាត់ក្តី ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាធ្វើឡើងនៅទីណាក៏ដោយ ហើយភាគីណាមួយមានសញ្ជាតិជាអ្វី ឬស្នាក់នៅទីណាក៏ដោយ (មាត្រា១ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការងារ) ។
ច្បាប់នេះដែរ ក៏អនុវត្តចំពោះ សហគ្រាស ឬគ្រឹះស្ថាន ឧស្សាហកម្ម រ៉ែ ពាណិជ្ជកម្ម សិប្បកម្ម សេវាកសិកម្ម ការដឹកជញ្ជូនតាមផ្លូវគោក ឬតាមផ្លូវទឹក ទោះបីជាដើម្បីជាប្រយោជន៍សាធារណៈ ពាក់កណ្តាលសាធារណៈ ឬឯកជន ក្រៅសាសនា ឬក្នុងសាសនាក៏ដោយ ទោះមានលក្ខណៈជាការបង្រៀនវិជ្ជាជីវៈ ឬជាការកុសលក៏ដោយ ព្រមទាំងវិជ្ជាជីវៈសេរីនៃសមាគម ឬនៃក្រុមប្រភេទណាក៏ដោយ (មាត្រា១ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការងារ) ។
មួយវិញទៀត ច្បាប់ស្តីពីការងារ ក៏ត្រូវយកមកអនុវត្តទៅលើបុគ្គលិកទាំងអស់ដែលគ្មានគ្រប់គ្រងដោយសហលក្ខន្តិកៈអ្នករាជការ ឬលក្ខន្តិកៈទូត ព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្នដែរ (មាត្រា១ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការងារ) ។
ដោយឡែកចំពោះការងារមួយចំនួន ច្បាប់ស្តីពីការងារ គឺមិនមានដែនអនុវត្តន៍នោះទេ ដោយការងារទាំងនោះត្រូវបានគ្រប់គ្រង និងស្ថិតក្រោមសមត្ថកិច្ចនៃច្បាប់ផ្សេង ។ ផ្អែកតាមមាត្រា១ កថាខណ្ឌទី៤ នៃច្បាប់នេះ មិនត្រូវអនុវត្តទៅលើ៖
ក- ចៅក្រមខាងតុលាការ ។
ខ- ជនដែលតែងតាំងអោយធ្វើការជាអចិន្ត្រៃយ៍ក្នុងក្របខ័ណ្ឌរាជការសាធារណៈ ។
គ- បុគ្គលិកនគរបាល កងទ័ព និងកងតម្រួត ដែលគ្រប់គ្រងដោយលក្ខន្តិកៈដោយឡែក ។
ឃ- បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រដែលគ្រប់គ្រងដោយច្បាប់ពិសេសផ្សេងទៀត ។
កម្មករនិយោជិតទាំងនេះមានសិទ្ធិអនុវត្តបទប្បញ្ញត្តិស្ដីពីសេរីភាពសហជីពនៃច្បាប់ការងារនេះ ។
ង- អ្នកបំរើក្នុងផ្ទះ វៀរលែងតែច្បាប់នេះបានចែងចង្អុលច្បាស់លាស់ ។
អ្នកបំរើក្នុងផ្ទះទាំងនេះ មានសិទ្ធិ អនុវត្តបទប្បញ្ញត្តិ ស្តីពីសេរីភាពសហជីពនៃច្បាប់ការងារនេះ ។ (មាត្រា១ កថាខណ្ឌទី៤ នៃច្បាប់ស្តីពីការងារ) សរុបមកដើម្បីធានានូវ សិទ្ធិ ការគាំពារដល់ផ្នែកសង្គម ពិសេសដល់កម្មករនិយោជិត និយោជក ព្រមទាំងធានាសុវត្ថិភាពគតិយុត្ត និងស្ថេរភាព ក្នុងការរៀបចំប្រកបដោយ ប្រសិទ្ធភាពនូវដំណើរការ និងភាពដែលអាចប្រកួតប្រជែងបានលើឆាកអន្តរជាតិផងដែរនោះ ការអនុវត្តច្បាប់នេះ ត្រូវតែមាននូវដែនអនុវត្តន៍ទៅលើវិស័យការងារ ដែលត្រូវបានកំណត់នៅក្នុងមាត្រា១ នៃច្បាប់ស្ដីពីការងារ ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ https://cicfirm.com (https://cicfirm.com/)https://cicfirm.com/) (https://cicfirm.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



