យល់ដឹងផ្នែកច្បាប់៖ បទរឹបយកសារធាតុញៀន

09-11-2025 16:20

(ភ្នំពេញ)៖ បទល្មើសគ្រឿងញៀន គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍជាតិ។ ដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសនេះ ព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានយកចិត្តទុកដាក់ក្នុងការលុបបំបាត់នូវបទល្មើសគ្រឿងញៀន តួយ៉ាង ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជាមូលដ្ឋានដ៏សំខាន់ក្នុងការអនុវត្តវិធានការផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាព។

ច្បាប់នេះមានគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ត្រួតពិនិត្យរាល់សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀន និងធានាការអនុវត្តកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាភាគីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀន។

ដើម្បីយល់កាន់តែច្បាស់ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី បទរឹបយកសារធាតុញៀ មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

មុននឹងឈានចូលដល់ប្រធានបទ សូមធ្វើការជូននិយមន័យ នៅក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពាក្យថា សារធាតុញៀន សំដៅដល់សារធាតុដែលបង្កឱ្យញៀន ជាអាទិ៍ សារធាតុណាកូទិក សារធាតុដែលធ្វើឱ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ដែលបានមកពីការផលិត ការធ្វើសំយោគ ឬពាក់កណ្តាលសំយោគ ដូចមានចុះក្នុងតារាងទី ១ តារាងទី ២ និងតារាងទី ៣ ដែលជាឧបសម្ព័ន្ធនៃច្បាប់នេះ។

យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៤១ និងមាត្រា៤៩ បានបញ្ញត្តិអំពី បទរឹបយកសារធាតុញៀន៖ គឺជាអំពើដោយចេតនាផ្លាស់ប្តូរដោយផ្ទុយច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រោមការកាន់កាប់របស់អ្នកដទៃ មកដាក់ឱ្យស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន។

រាល់បុគ្គលណាដែលបានប្រព្រឹត្តបទរឹបយកសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី ១ តារាងទី ២ និងតារាងទី ៣ នោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពីទោសដាក់ពន្ធនាគារ ជនល្មើសអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។ ប្រសិនបើបទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងារ នោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល។

ក្នុងករណីដែលការរឹបយកអាចកំណត់បានជាបទល្មើសផ្សេង ហើយបទល្មើសនេះត្រូវបានផ្តន្ទាទោសដែលអតិបរមា នៃទោសដាក់ពន្ធនាគារ ធ្ងន់ជាងអតិបរមានៃទោសដាក់ពន្ធនាគារដែលមានចែងក្នុងកថាខណ្ឌខាងលើនេះ ការរឹបយកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដូចបទល្មើសផ្សេងនោះ។

គួរបញ្ជាក់ផងដែរថា ផ្អែកតាមខ្លឹមសារមាត្រា ៥ នៃច្បាប់នេះ គ្រឿងញៀនត្រូវបានធ្វើចំណាត់ថ្នាក់ដូចខាងក្រោម៖

តារាងទី១៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែលពុំមានផលប្រយោជន៍ខាង
វេជ្ជសាស្ត្រ។

តារាងទី២៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ ។

តារាងទី៣៖ រុក្ខជាតិ និងសារធាតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ប៉ុន្តែមានផលប្រយោជន៍ខាងវេជ្ជសាស្ត្រ។

តារាងទី៤៖ សារធាតុគីមីផ្សំទាំងឡាយ ដែលបានចាត់ថ្នាក់ក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ និងសារធាតុដែលធ្វើឱ្យប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ ឆ្នាំ១៩៨៨ ឬក្នុងការអនុវត្ត
អនុសញ្ញា នេះប្រឆាំងនឹងការចរាចរគ្រឿងញៀនខុសច្បាប់ ។ តារាងទី៤ នេះ ត្រូវបានបែងចែកជាតារាងទី ៤ (I) និងតារាងទី៤ (II) ។ ចំពោះតារាងទាំង ៤ ខាងលើនេះ មានចែងលំអិតនៅក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សរុបមក ការរឹបយកសារធាតុញៀន គឺជាវិធានការសំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងលុបបំបាត់នូវបទល្មើសគ្រឿងញៀន និងផ្តន្ទាទោសដល់បុគ្គលដែលប្រព្រឹត្តអំពើល្មើសច្បាប់ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមប្រកបដោយចីរភាព៕

រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ឡេង ពុទ្ធិសក្តា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm