យល់ដឹងផ្នែកច្បាប់៖ ករណីខ្ចីប្រាក់មិនមែនជាបទល្មើសព្រហ្មទណ្ឌ

16-11-2025 17:50

(ភ្នំពេញ)៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) តែងតែឃើញបងប្អូនប្រជាពលរដ្ឋមានការផុសផ្សាយ វែកញែកអំពីករណីខ្ចីប្រាក់ ដោយកូនបំណុលមិនព្រមសងប្រាក់ទៅឱ្យម្ចាស់បំណុលវិញ ។ សកម្មភាពនេះម្ចាស់បំណុលយល់ឃើញថា កូនបំណុលបានឆបោក ឬ រំលោភលើទំនុកចិត្តចំពោះខ្លួន ដោយបានធ្វើឱ្យខូចផលប្រយោជន៍របស់ម្ចាស់បំណុល ដែលជាមូលហេតុធ្វើឱ្យម្ចាស់បំណុលមួយចំនួនដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងកូនបំណុល ដើម្បីស្នើសុំឱ្យតុលាការធ្វើការផ្តន្ទាទោសកូនបំណុលដាក់ពន្ធនាគារ ។

ដូចនេះប្រសិនបើកូនបំណុលមិនអនុវត្តកាតព្វកិច្ចក្នុងការសងប្រាក់ទៅឱ្យម្ចាស់បំណុលវិញ តើកូនបំណុលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផ្នែកព្រហ្មទណ្ឌដែរឬទេ ?

ហេតុនេះ ដើម្បីយល់កាន់តែច្បាស់ និងស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី ករណីខ្ចីប្រាក់មិនមែនជាបទល្មើសព្រហ្មទណ្ឌ មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចតទៅ។

ការខ្ចីប្រាក់កើតឡើងពីឆន្ទៈរវាងអ្នកឱ្យខ្ចី (ម្ចាស់បំណុល) និងអ្នកខ្ចី (កូនបំណុល) ដែលជាសកម្មភាពមួយបានកំណត់ក្នុងក្រមរដ្ឋប្បវេណី ដោយម្ចាស់បំណុលមានករណីយកិច្ចឱ្យកូនបំណុលប្រើប្រាស់ប្រាក់ ដោយសមស្របតាមកិច្ចសន្យា ហើយកូនបំណុលមានករណីយកិច្ចត្រូវសងប្រាក់ទៅឱ្យម្ចាស់បំណុល នៅថ្ងៃដែលកំណត់ត្រូវសង ។ ដូចនេះ ក្នុងករណីកូនបំណុលមិនអនុវត្តនូវករណីយកិច្ចក្នុងការសងប្រាក់ទៅឱ្យម្ចាស់បំណុលនោះទេ គឺជាការបំពានលើកិច្ចសន្យាខ្ចីប្រាក់ រវាងម្ចាស់បំណុលជាមួយកូនបំណុល ។

ការបំពានលើកិច្ចសន្យា សំដៅទៅលើករណីដែលកូនបំណុលមិនអនុវត្តតាមកាតព្វកិច្ចដែលកើតឡើងពីកិច្ចសន្យា ដែលមានទម្រង់រួមមាន (១) កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឱ្យទាន់ពេលកំណត់ត្រូវអនុវត្ត ដោយសារការយឺតយ៉ាវក្នុងការអនុវត្ត (២) អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច (៣) កូនបំណុលមិនបានអនុវត្តឱ្យបានពេញលេញតាមខ្លឹមសារនៃកាតព្វកិច្ច និង (៤) ករណីផ្សេងទៀតដែលគ្មានការអនុវត្តតាមខ្លឹមសារនៃកាតព្វកិច្ច(មាត្រា៣៨៩ នៃក្រមរដ្ឋប្បវេណី) ។

នៅពេលកូនបំណុលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួនបែបនេះ ម្ចាស់បំណុលអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ដើម្បីស្នើសុំឱ្យតុលាការចេញសាលក្រមដែលមានខ្លឹមសារទៅតាមអ្វីដែលម្ចាស់បំណុលទាមទារតាមផ្លូវច្បាប់ជាធរមាន ។

ម្យ៉ាងវិញទៀត ម្ចាស់បំណុលអាចទាមទារឱ្យអនុវត្តដោយបង្ខំចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់ ឬសងសំណងនៃការខូចខាត ទៅលើកូនបំណុលបានផងដែរ ។

ចំពោះទស្សនៈដែលយល់ឃើញថា ករណីខ្ចីប្រាក់ជាបទល្មើសព្រហ្មទណ្ឌ ពុំត្រឹមត្រូវតាមច្បាប់នោះទេដោយហេតុថាជាគោលការណ៍ អំពើមួយដែលត្រូវបានច្បាប់ចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ លុះត្រាតែអំពើល្មើសនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្ដន្ទាទោសបាន (មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ) ។ ចំពោះករណីកូនបំណុលមិនព្រមសងប្រាក់ទៅឱ្យម្ចាស់បំណុលវិញ នៅពេលដល់ការកំណត់ត្រូវសងមកដល់នោះ គឺពុំមែនជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ហើយក៏មិនមែនជាបទឆបោក ឬបទរំលោភលើទំនុកចិត្តដែលមានចែងក្នុងក្រមព្រហ្មទណ្ឌផងដែរ ពីព្រោះថាការខ្ចីប្រាក់មិនសង កើតឡើងពីការមិនអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ដែលមានទម្រង់ដូចរៀបរាប់ខាងលើ ដោយកូនបំណុលត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ស្របតាមក្រមរដ្ឋប្បវេណី ។

ថ្វីត្បិតតែកូនបំណុលមិនអនុវត្តកាតព្វកិច្ចក្នុងការសងប្រាក់ទៅឱ្យម្ចាស់បំណុល មិនមែនជាបទល្មើសព្រហ្មទណ្ឌក៏ពិតមែន ប៉ុន្តែប្រសិនបើកូនបំណុលមិនអនុវត្តកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានវិញ (ចេញមូលប្បទានប័ត្រ“សែក” គ្មានប្រាក់ ឬមិនមានប្រាក់គ្រប់គ្រាន់) ដោយកូនបំណុលបានចេញមូលប្បទានប័ត្រ (សែក) ទៅឱ្យម្ចាស់បំណុលហើយម្ចាស់បំណុលមិនអាចបើកប្រាក់បានទៅតាមមូលប្បទានប័ត្រ (សែក) ដែលកូនបំណុលបានចេញឱ្យនោះទេដូចនេះកូនបំណុលត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផ្នែកព្រហ្មទណ្ឌចំពោះសកម្មភាពខាងលើ ស្របតាមបញ្ញត្តិមាត្រា ២៣១ កថាខណ្ឌទី៣ ចំណុចទី៣ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

សរុបមក ករណីខ្ចីប្រាក់មិនសង គឺមិនមែនជាបទល្មើសព្រហ្មទណ្ឌឡើយ ដោយម្ចាស់បំណុលអាចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ និងអាចទាមទារឱ្យអនុវត្តដោយបង្ខំចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់ ឬសងសំណងនៃការខូចខាត ចំពោះកូនបំណុល ស្របតាមច្បាប់ និងតាមយន្តការរបស់តុលាការរដ្ឋប្បវេណី ។

គួរបញ្ជាក់ផងដែរថា ម្ចាស់បំណុលអាចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងកូនបំណុលបាន ក្នុងករណីកូនបំណុលមិនអនុវត្តកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រ «សែក» គ្មានប្រាក់ ឬមិនមានប្រាក់គ្រប់គ្រាន់)ជាដើម៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected]គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm