យល់ដឹងផ្នែកច្បាប់៖ បទរារាំង និង ការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ
23-11-2025 14:56
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ជាអង្គភាពមួយរបស់ប្រទេសកម្ពុជា ដែលមានបេសកកម្ម ដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ តាមរយៈវិធានការអប់រំបង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាប
បទល្មើសពុករលួយ ដោយមានការចូលរួមគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយដើរតួសំខាន់បំផុត ក្នុងការចូលរួមលុបបំបាត់អំពើពុករលួយក្នុងសង្គម ។
អង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិអំណាចក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដើម្បីបម្រើឱ្យការអនុវត្តច្បាប់ ការបង្ក្រាប និងទប់ស្កាត់ បទល្មើសពុករលួយដែលកើតមាន ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយគ្មានការរំខាន ឬជ្រៀតជ្រែកពីសំណាក់អ្នករាជការសាធារណៈ ឬមន្រ្តីដែលពាក់ព័ន្ធឡើយ ។ ក្នុងករណីដែលមានសកម្មភាព នៃការរារាំង ឬជ្រៀតជ្រែក ដល់ដំណើរការបំពេញការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងត្រូវទទួលរងទណ្ឌកម្មចំពោះមុខច្បាប់ ។
តើអ្វីខ្លះ ជាសកម្មភាពរារាំង និងជ្រៀតជ្រែក ដល់ដំណើរការបំពេញការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់បែបណាខ្លះ ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “បទរារាំង និង
ការជ្រៀតជ្រែក ដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធិក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធាណៈ និងអាចធ្វើអធិបញ្ជាដល់អាជ្ញាធរសាធារណៈ មន្ត្រីរាជការ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈ តាមការបោះឆ្នោត ព្រមទាំង
បណ្តាអង្គភាព នៃវិស័យឯកជនពាក់ព័ន្ធមានជាអាទិ៍ ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីនៃអង្គភាពក្នុងការងារស៊ើបអង្កេត (មាត្រា ២៩ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) ។ បន្ថែមពីនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មានសិទ្ធិស្នើសុំកិច្ចសហការប្រមូលព័ត៌មាន និងតាមដានពីផ្នែកចារកម្មពីស្ថាប័ននានា និងសុំកម្លាំងប្រតិបត្តិការពីនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងប្រដាប់អាវុធផ្សេងទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ (មាត្រា ៧ កថាខណ្ឌទី២ នៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ) ។
ការរារាំង និងជ្រៀតជ្រែក ដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺជាអំពើដែលប្រព្រឹត្តដោយ៖ (១) អ្នករាជការសាធារណៈ (បុគ្គលដែលបម្រើការងារក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឬតុលាការ) (២) យោធិន នគរបាលជាតិ (៣) ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត (ដូចជា សមាជិកសភា ក្រុមប្រឹក្សាតាមថ្នាក់) (៤) មន្ត្រីរាជការស៊ីវិល (៥) មន្ត្រីសាធារណៈបរទេស ឬ មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើសកម្មភាពរារាំងដូចជា ការទប់ស្កាត់ ឬមិនសហការ រួមមាន ការផ្តល់ឯកសារ ព័ត៌មាន ឬសម្ភារៈ ដែលអង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិទាមទារស្របតាមច្បាប់ ការមិនឱ្យមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ចូលកន្លែងត្រួតពិនិត្យ ឬជាទម្រង់នៃការគំរាមកំហែង ដល់ដំណើរការអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណង បង្កការលំបាក ការរារាំង ឬជ្រៀតជ្រែកដល់ការបំពេញមុខងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស្រាវជ្រាវ និងអនុវត្តច្បាប់ចំពោះបទល្មើសពុករលួយ ដែលសកម្មភាពទាំងនេះត្រូវផ្តន្ទាទោសតាមមាត្រា ៤០ ពីបទរារាំង និងការជ្រៀតជ្រែក ដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុលរលួយ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា «អ្នករាជការសាធារណៈ យោធិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត មន្ត្រីសង្គមស៊ីវិល មន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។»
សរុបមក ការរារាំង និងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុលរលួយ គឺជាអំពើរបស់មន្រ្តីរាជការនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដូចបានរៀបរាប់ខាងលើ ដែលធ្វើសកម្មភាពបង្កឱ្យមានការរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត និងដំណើរការផ្សេងៗទៀត ក្នុងអំឡុងពេលអនុវត្តភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលអំពើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ស្របតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



