យល់ដឹងផ្នែកច្បាប់៖ បទសម្អាតប្រាក់

30-11-2025 16:17

(ភ្នំពេញ)៖ ការសម្អាតប្រាក់ គឺជាប្រធានបទ និងជាបញ្ហាប្រឈមដ៏ធំមួយដែលបន្ត និងកំពុងតែកើតមានឡើងនៅតាមបណ្ដារប្រទេសមួយចំនួន ហើយត្រូវបានលើកយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់ ព្រោះថាសកម្មភាពនេះ អាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច និងសន្តិសុខសង្គម ។ ការសម្អាតប្រាក់ យើងអាចហៅបានម្យ៉ាងទៀតថា ជាការលាងលុយកខ្វក់ ដែលកើតចេញពី បុគ្គល ឬក្រុមឧក្រិដ្ឋជនណាមួយ បានធ្វើសកម្មភាពបង្វែរ ឬច្នៃប្រាក់ដែលពួកគេទទួលបានក្រោមរូបភាពមិនប្រក្រតី ឬប្រាក់ដែលទទួលបានដោយការធ្វើអំពើខុសច្បាប់ ហើយធ្វើការបំបែកវាទៅជាប្រាក់ស្របច្បាប់វិញទៅតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាពដែលពួកគេអាចធ្វើទៅបាន ដើម្បីទុកជាប្រយោជន៍ផ្ទាល់ខ្លួន ។

នៅក្នុងប្រទេសកម្ពុជា សកម្មភាពសម្អាតប្រាក់ ត្រូវបានច្បាប់ បញ្ញត្តិថាជាបទល្មើស និងត្រូវផ្តន្ទាទោសស្របតាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ដូច្នេះ តើអ្វីទៅជាបទល្មើស សម្អាតប្រាក់ ? ហើយបុគ្គល ឬក្រុមដែលបានប្រព្រឹត្តនូវបទល្មើសនេះ ត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច ?

ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនសាធារណជន និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី បទសម្អាតប្រាក់ មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម ។

យោងតាមសា្មរតីមាត្រា ៣ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឱ្យនិយមន័យនៃពាក្យ ការសម្អាតប្រាក់ ដូចខាងក្រោម៖

ក៖ ការបំប្លែងឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនេះជាផលនៃបទល្មើសក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឱ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន ។

ខ៖ ការបិទបាំងឬក្លែងសភាវៈពិត ប្រភព ទីតាំង សិទ្ធិចាត់ចែង ចលនា ឬ កម្មសិទ្ធិ ឬសិទ្ធិ លើទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស ។

គ៖ ការធ្វើលទ្ធកម្ម ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស ។

ឃ៖ ការចូលរួម ការប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឱ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់ស្របតាមកថាខណ្ឌទី១ នៃមានត្រា ៣ នៃច្បាប់នេះ ។

ឧទាហរណ៍៖ បុគ្គល ក គឺជាចោរ បានប្លន់ប្រាក់របស់លោក ខ ហើយបានយកប្រាក់នោះទៅទិញទ្រព្យសម្បត្តិណាមួយ ឬជាដីធ្លី រួចធ្វើការលក់ទ្រព្យនោះទៅវិញឱ្យបុគ្គលមួយផ្សេងទៀត ។ សកម្មភាពដែលបានបញ្ជាក់ក្នុងឧទាហរណ៍នេះ គឺជាសកម្មភាពសម្អាតប្រាក់ដូចមានចែងក្នុងមាត្រា ៣ ខាងលើ ។

ម្យ៉ាងវិញទៀត ទាក់ទងនឹងការផ្តន្ទាទោស ស្របតាមមាត្រា ៣៨ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ចែងថា គ្រប់បុគ្គល ឬក្រុមណាមួយដែលជានីតិជន បានប្រព្រឹត្តសកម្មភាពសម្អាតប្រាក់ ដូចមានចែងក្នុងមាត្រា ៣ ខាងលើ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០ (មួយរយលាន) រៀល ទៅ ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល ឬរហូតដល់ស្មើនឹងតម្លៃមូលនិធិ ឬទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការសម្អាតប្រាក់នោះ ។

ឧទាហរណ៍ ៖ កម្មវត្ថុនៃការសម្អាតប្រាក់របស់លោក A មានចំនួន ១០.០០០.០០០ (ដប់លាន) ដុល្លារអាមេរិក ដូច្នេះប្រសិនជាច្បាប់បានរកឃើញថា លោក A បានប្រព្រឹត្តបទល្មើសសម្អាតប្រាក់នោះ លោក A អាចត្រូវទទួលទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ពី ១០០.០០០.០០០ (មួយរយលាន) រៀល ទៅ ៥០០.០០០.០០០ (ប្រាំរយលាន) រៀល ឬរហូតដល់កម្មវត្ថុនៃការសម្អាតប្រាក់របស់លោក A គឺ ១០.០០០.០០០ (ដប់លាន) ដុល្លារអាមេរិក ។

លើសពីនេះ បើការសម្អាតប្រាក់ត្រូវបានធ្វើឡើង៖ (១) ជាទម្លាប់ (២) ដោយប្រើភាពងាយស្រួល ដែលការប្រកបនូវសកម្មភាពវិជ្ជាជីវៈផ្ដល់ឱ្យ (៣) ជាក្រុមមានការចាត់តាំង នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ដែលជាស្ថានទម្ងន់ទោសដូចមានចែងក្នុងមាត្រា ៤០៦ និងអាចត្រូវទទួលទោសបន្ថែមផ្សេងទៀតផងដែរ ដូចជា៖ ការដកសិទ្ធិខ្លះជាពលរដ្ឋស្ថាពរ ការហាមឃាត់ចំពោះការប្រកវិជ្ជាជីវៈ ការរឹបអូសវត្ថុ ឬមូលនិធិជាដើម ។

សរុបមក ការសម្អាតប្រាក់ ឬការលាងលុយកខ្វក់ គឺជាបទល្មើសដែលកើតមានឡើងនៅតាមបណ្ដារប្រទេសមួយចំនួនជុំវិញពិភពលោក ហើយត្រូវបានយកចិត្តទុកដាក់ជាសកល រហូតដល់មានការបង្កើតជាអង្គការមួយដែលមានសមាជិកមកពីតាមបណ្ដារប្រទេសផ្សេងៗចូលជាសមាជិក ក្នុងគោលបំណង ដើម្បីធ្វើការទប់ស្កាត់នូវបទល្មើសសម្អាតប្រាក់នេះ ។ ជាថ្មីចំពោះបុគ្គល ឬក្រុមឧក្រិដ្ឋជនណាមួយដែលបានប្រព្រឹត្តបទល្មើសសម្អាតប្រាក់នៅប្រទេសកម្ពុជា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធាគារ ទោសពិន័យជាប្រាក់ ព្រមទាំងអាចត្រូវទទួលទោសបន្ថែមផ្សេងៗទៀត ដូចមានបញ្ញត្តិក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក កឹង សម្បត្តិ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៦ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕