យល់ដឹងផ្នែកច្បាប់៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់

21-12-2025 19:05

(ភ្នំពេញ)៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម្ចាស់ដីត្រូវទទួលខុសត្រូវក្នុងការបង់ពន្ធប្រចាំឆ្នាំ ទោះបីដីនោះត្រូវបានប្រើប្រាស់ ឬមិនត្រូវបានប្រើប្រាស់ក៏ដោយ ។ កាតព្វកិច្ចអ្នកជាក់ពន្ធប្រចាំឆ្នាំពាក់ព័ន្ធនឹងដីត្រូវបានបែងចែកជា ២ (ពីរ) ប្រភេទសំខាន់ៗគឺ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ។

គោលបំណងសំខាន់របស់នៃការប្រមូលពន្ធ គឺ (១) ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស (២) ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្របនិងមានការអភិវឌ្ឍ (៣) បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ និង(៤) រួមចំណែកជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តកាតព្វកិច្ចបង់ពន្ធទាំងពីរនេះអាស្រ័យទៅលើតំបន់ដី ទំហំដី និងស្ថានភាពនៃការប្រើប្រាស់ដីជាក់ស្តែងរបស់កម្មសិទ្ធិករ ជាពិសេសចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុវត្តភ្ជាប់ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ។ ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ ៥(ប្រាំ) ហិកតា ត្រូវបានលើកលែងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ដោយត្រូវធ្វើការចុះបញ្ជី និងប្រកាសដីមិនប្រើប្រាស់ទៅអាជ្ញាធរពន្ធជារៀងរាល់ឆ្នាំដើម្បីធ្វើការត្រួត ពិនិត្យ ។

តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាត្រូវបានកំណត់ និងអនុវត្តយ៉ាងដូចម្តេច ហើយច្បាប់បានផ្តល់សិទ្ធិ និងកាតព្វកិច្ចបែបណាខ្លះចំពោះអ្នកជាប់កាតព្វកិច្ចបង់ពន្ធនេះ ?

ដូច្នេះដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «ពន្ធលើដីធ្លីមិនបានប្រើប្រាស់» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។

យោងតាមច្បាប់ស្តីពី សារពើពន្ធ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាប្រភេទពន្ធប្រចាំឆ្នាំត្រូវអនុវត្តលើដីមានសំណង់ និងគ្មានសំណង់ដែលមិនបានប្រើប្រាស់ ដែលមានទីតាំងស្ថិតក្នុងព្រះរាជាណាចក្រកម្ពុជា ។ ដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីធ្លីទាំងឡាយដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈទាំង៥ ដូចមានចែងក្នុងប្រការ ១ នៃប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ដូចខាងក្រោម៖

*១. ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ ជាកន្លែងស្នាក់នៅជាគោល និងបានស្នាក់នៅកន្លែងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាងគិតចាប់ពីថ្ងៃទី០១ ខែតុលា នៃឆ្នាំកន្លងទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ។

*២. ដីជួលដែលមានសំណង់មានការកាន់កាប់ជាដីមានសំណង់ស្ថិតនៅ ក្នុងតំបន់លំនៅឋានឬស្ថិតនៅក្នុងតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ដែលបានជួលឱ្យទៅអតិថិជនដើម្បីយកឈ្នួលប្រចាំខែ ប្រចាំឆ្នាំ ឬក្រោមកិច្ចសន្យារយៈពេលវែង ហើយលាភការប្រចាំខែទទួលបានពីការជួលលើសពី ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំ ប្រមូលពន្ធ គុណនឹងមេគុណ ០,០៨។

*៣. ដីដែលមានសកម្មភាពសេដ្ឋកិច្ចជាដីដែលកម្មសិទ្ធិករប្រើប្រាស់ សម្រាប់សកម្មភាពសេដ្ឋកិច្ចដូចជា ដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ស្របតាមការកំណត់តំបន់របស់រដ្ឋ និងប្រាក់ចំណូល ប្រចាំខែបានមកពីសកម្មភាព សេដ្ឋកិច្ចទាំងនោះលើស ពីចំនួន ៨០% នៃចំនួនមួយភាគដប់ពីរនៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណ ០,០៨។

*៤. ដីជាកម្មសិទ្ធិរដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល ជាដីសាធារណៈដែលជាកម្មសិទ្ធិរបស់រដ្ឋ ទោះបីមានក្នុងបញ្ជីសារពើភណ្ឌ ឬក្រៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្តី ហើយដីនោះ មានលក្ខណៈណាមួយនៃចំណុចទាំង ៣ ខាងលើ។

*៥. ដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ និងដីសម្បទានដែលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ឱ្យធ្វើវិនិយោគលើវិស័យអ្វីមួយ ឬដីសម្បទានរយៈពេលខ្លី មធ្យម ឬវែង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យអនុវត្តនូវគម្រោងអ្វីមួយ។

ចំពោះអត្រាពន្ធ ត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃដីដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ដោយត្រូវបានអនុញ្ញាតឱ្យកាត់ចេញពីមូលដ្ឋានគិតពន្ធចំនួន ៥ (ប្រាំ) ហិកតា សម្រាប់ដី ១ (មួយ) កន្លែង។

*ការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទមុនឆ្នាំ២០០៧ ប្រាក់ពន្ធត្រូវបង់ = (ផ្ទៃដីសរុប - ១ ២០០) x មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ

*ការគណនាប្រាក់ពន្ធត្រូវបង់សម្រាប់ការិយបរិច្ឆេទចាប់ពីឆ្នាំ២០០៧ ប្រាក់ពន្ធត្រូវបង់ = ផ្ទៃដីសរុប x មូលដ្ឋានកំណត់ពន្ធ x អត្រាពន្ធ

ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាលើសពី ៥ (ប្រាំ) ហិកតា ត្រូវបានលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

*១. ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់។

*២. ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ។

*៣. ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល។

*៤. ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល។

*៥. ដីដែលជាកម្មសិទ្ធិរបស់សហគមន៍។

*៦. ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។

*៧. ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គលឬរូបវន្តបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យាឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

*៨. ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និង សេវាកម្ម។

*៩. ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់គោលដៅបម្រើការងារក្នុងវិស័យទាំងនេះ។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
កម្មសិទ្ធិករនៃដីជាប់ពន្ធ និងអ្នកជួលដីពីរដ្ឋមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅអគ្គនាយកដ្ឋានពន្ធដារចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។ កម្មសិទ្ធិករត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ នៅធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខា ពន្ធដារខេត្តដែលដីនោះស្ថិតនៅ។

ការចុះបញ្ជី ឬបច្ចុប្បន្នភាពព័ត៌មានដីធ្លីមិនបានប្រើប្រាស់ត្រូវភ្ជាប់ឯកសារមួយចំនួនដូចខាងក្រោម៖

*ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
*អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
*រូបថតរបស់អចលនទ្រព្យ
*និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)
*វិក្កយបត្រទឹក-អគ្គិសនី (ប្រសិនបើមាន)
*ឯកសារពាក់ព័ន្ធផ្សេងទៀតដូចជា៖ លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការកែប្រែ)
*បំពេញទម្រង់ PT 01 “ពាក្យស្នើសុំចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ” ។

សរុបមក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធដែលមានលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ ត្រូវបង់រៀងរាល់ឆ្នាំ ត្រូវកំណត់តាមអត្រា ២% នៃមូលដ្ឋានគិតពន្ធ។ ដីធ្លីមិនបានប្រើប្រាស់ត្រូវធ្វើការចុះបញ្ជី និងប្រកាសជូនអាជ្ញាធរពន្ធពិនិត្យនិងបង់ពន្ធឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ នៅធនាគារដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខា ពន្ធដារខេត្តដែលដីនោះស្ថិតនៅ ។ ដូចនេះ អ្នកជាប់កាតព្វកិច្ចបង់ពន្ធទាំងអស់គប្បីបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការទទួលរងទោសទណ្ឌ តាមច្បាប់ស្តីពី សារពើពន្ធ ជាធរមាន ។

រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងកញ្ញា សាន់ រតនា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕