យល់ដឹងផ្នែកច្បាប់៖ នីតិវិធីនៃការពិន័យស៉ីវិល
28-12-2025 14:38
(ភ្នំពេញ)៖ ការពិន័យស៊ីវិល គឺជាផ្នែកមួយនៃទណ្ឌកម្មស៊ីវិល ដោយដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដែលត្រូវបានកំណត់ដោយឈរលើសា្មរតីទទួលខុសត្រូវផ្នែករដ្ឋប្បវេណី នឹងត្រូវបង់ប្រាក់ពិន័យ តាមចំនួនណាមួយជាកំណត់ ។ គួរបញ្ជាក់ផងដែរថា ការពិន័យជាស៊ីវិល ប្រាក់ដែលទទួលបានពីការពិន័យត្រូវបានចាត់បញ្ចូលទៅក្នុងថវិការដ្ឋ ចំណែកឯសំណងនៃការខូចខាត ប្រាក់សំណងនោះ គឺត្រូវបានផ្តល់ឱ្យជនរងគ្រោះ ។
តើការពិន័យស៊ីវិលធ្វើឡើងយ៉ាងដូចម្ដេច? ហើយមានដំណើរការប្រព្រឹត្តទៅបែបណាខ្លះ?
ដើម្បីស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «នីតិវិធីនៃការពិន័យស៊ីវិល» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
យោងតាមច្បាប់ស្ដីពីនីតិវិធីនៃការពិន័យស៊ីវិលឆ្នាំ២០០៨ ការពិន័យស៊ីវិល គឺជាទណ្ឌកម្មមួយប្រភេទ ដែលកំណត់ឱ្យអ្នកប្រព្រឹត្តខុសនឹងបញ្ញត្តិនៃច្បាប់រដ្ឋប្បវេណី ត្រូវបង់ប្រាក់ពិន័យ តាមកម្រិតចំនួនណាមួយជាកំណត់ដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ដែលចែងអំពីនីតិវិធីនៃរឿងក្ដីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹង ។ ជាក់ស្ដែងតាមមាត្រា ១៥៤ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ២០០៦ ក្នុងករណីដែលតតិយជន មិនគោរពតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ តុលាការអាចពិន័យជាប្រាក់ចំនួនមិនលើសពី ២.០០០.០០០ (ពីរលាន) រៀល ដោយដីកា សម្រេចបាន ។ ក្នុងន័យនេះ តុលាការអាចពិន័យស៊ីវិលទៅតតិយជនណា ដែលមិនគោរពតាមដីកាសម្រេចបង្គាប់ឱ្យផ្តល់ឯកសារ ក្នុងកម្រិតចំនួនទឹកប្រាក់មិនលើសពី ២.០០០.០០០ (ពីរលាន) រៀលបាន ។
ស្របតាមមាត្រា ៣ នៃច្បាប់ស្ដីពីនីតិវិធីនៃការពិន័យស៊ីវិល រឿងក្តីពិន័យស៊ីវិល ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលបានកំណត់ នៅក្នុងមាត្រា ៨ (សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាមលំនៅឋានជាអាទិ៍) នៃក្រមនីតិវិធីរដ្ឋប្បវេណីរបស់ភាគីនៃនីតិវិធីនៃការពិន័យស៊ីវិលនោះ លើកលែងតែករណីដែលមានបញ្ញត្តិពិសេសនៅក្នុងច្បាប់ផ្សេង ។ នីតិវិធីនៃការពិន័យស៊ីវិលនេះទៀតសោធ ត្រូវចាប់ផ្តើមដោយឆន្ទានុសិទ្ធិរបស់តុលាការ ។
យោងតាមមាត្រា ៥ នៃច្បាប់ដដែល បានបញ្ញត្តិអំពីនីតិវិធីនៃការវិនិច្ឆ័យ មានដូចខាងក្រោម៖
*១៖ ការសម្រេចសេចក្តីអំពីការពិន័យស៊ីវិល ត្រូវធ្វើឡើងដោយដីកាសម្រេច ។
*២៖ ដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ដោយមានសំអាងហេតុ និងសេចក្តីសម្រេចបញ្ចប់ ហើយចៅក្រមត្រូវចុះហត្ថលេខាលើលិខិតដីកាសម្រេចនេះ ។
*៣៖ ដើម្បីចេញដីកាសម្រេចអំពីការពិន័យស៊ីវិល តុលាការត្រូវសួរមតិយោបល់ពីតំណាងអយ្យការ និងស្តាប់សេចក្តីថ្លែងការណ៍របស់ភាគីជាមុន ។
*៤៖ ចំពោះដីកាសម្រេចអំពីការពិន័យស៊ីវិល តំណាងអយ្យការ និងភាគីអាចប្តឹងជំទាស់បាន ។ ដីកាសម្រេចដាក់ពិន័យស៊ីវិល មិនត្រូវមានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរទេ ។
*៥៖ ក្នុងករណីដែលបានចេញដីកាសម្រេចដាក់ពិន័យស៊ីវិល ប្រាក់ប្រដាប់ក្តីតុលាការដែលចាំបាច់សម្រាប់នីតិវិធីនៃដីកាសម្រេចអំពីការពិន័យស៊ីវិល រួមទាំងនីតិវិធីនៃការវិនិច្ឆ័យអំពីបណ្ដឹងជំទាស់ គឺជាបន្ទុករបស់បុគ្គលដែលទទួលដីកាសម្រេចនោះ ហើយក្រៅពីករណីនេះ គឺជាបន្ទុករបស់រដ្ឋ ។
*៦៖ ក្នុងករណីដែលមានបណ្តឹងជំទាស់ពីភាគី ចំពោះដីកាសម្រេចដាក់ពិន័យស៊ីវិល ប្រសិនបើតុលាការនៃបណ្តឹងជំទាស់ លុបចោលនូវដីកាសម្រេចដើម ហើយចេញដីកាសម្រេចថ្មីអំពីការពិន័យស៊ីវិល ទោះបីជាដីកាសម្រេចនេះ ជាដីកាសម្រេចដាក់ពិន័យស៊ីវិលក៏ដោយ ក៏ប្រាក់ប្រដាប់ក្តីតុលាការដែលបានកំណត់នៅក្នុងកថាខណ្ឌទី៥ ខាងលើនេះ គឺជាបន្ទុករបស់រដ្ឋដែរ ។
សរុបជារួមមក ការពិន័យស៊ីវិល ជាទូទៅត្រូវបានគេប្រើនៅក្នុងករណីដែលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី មានគោលបំណងពង្រឹងប្រសិទ្ធភាព និងនីតិវិធីរបស់តុលាការ ។ ជាមួយគ្នានេះ ក្នុងករណីដែលភាគី ឬបុគ្គលដែលពាក់ព័ន្ធមិនគោរពកាតព្វកិច្ច ឬទាមទារសិទ្ធិអ្វីមួយ ដើម្បីធានាថា រាល់ការសម្រេចសេចក្តីរបស់តុលាការមានប្រសិទ្ធភាព និងត្រូវបានភាគីគោរពតាម ដើម្បីទទួលបានយុត្តិធម៌ឆាប់រហ័ស ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ប៊ិន សុគន្ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



