យល់ដឹងផ្នែកច្បាប់៖ គម្រោងលក់បែបពីរ៉ាមីដ

04-01-2026 20:02

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា បានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ពិតមែន ប៉ុន្ដែនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានជនខិលខូចមួយចំនួន បានបង្កើតរូបភាពជាគម្រោងវិនិយោគថ្មីៗ តាមរយៈការផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិក ឬកូនក្រុម ជាជាងការលក់ផលិតផល ឬសេវាកម្មពិតប្រាកដរបស់ខ្លួន ហើយសន្យាថានឹងផ្តល់ឱ្យបុគ្គលគ្រប់រូបទទួលបាននូវប្រាក់ចំណូលបានច្រើនហួសពីការពិត ក្នុងរយៈពេលខ្លីយ៉ាងឆាប់រហ័ស ដោយមិនតម្រូវឱ្យមានបទពិសោធន៍លើការងារណាមួយឡើយ ។

ទោះបីជាយ៉ាងណាក្ដី នៅពីក្រោយគម្រោងវិនិយោគដែលទទួលបានផលចំណេញដ៏ច្រើនហួសការពិតនោះអាចមានបង្កប់នូវ គម្រោងលក់បែបពីរ៉ាមីដដែលជាសកម្មភាព ខុសច្បាប់ និងអំពើបោកប្រាស់ជាប្រព័ន្ធ ។

តើអ្វីទៅជាគម្រោងលក់បែបពីរ៉ាមីដ? ថាតើការប្រព្រឹត្តបទល្មើសក្នុងទម្រង់លក់បែបពីរ៉ាមីដនេះ ត្រូវផ្តន្ទាទោសយ៉ាងដូចម្តេច?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «គម្រោងលក់បែបពីរ៉ាមីដ» មកធ្វើការចែករំលែក ជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម។

គម្រោងលក់បែបពីរ៉ាមីដ គឺជាគម្រោងវិនិយោគដែលមានលក្ខណៈមិនស្របច្បាប់ដោយគម្រោងនេះពឹងផ្អែកលើសមាជិកចាស់ៗ ក្នុងការកៀរគរសមាជិក ឬកូនក្រុមថ្មីជាបន្ដបន្ទាប់ ហើយម្ចាស់គម្រោងសន្យា នឹងផ្តល់អត្ថប្រយោជន៍ជាកម្រៃ ឬភាគរយក្នុងទំហំណាមួយ ទៅកាន់សមាជិកចាស់ៗ នៅពេលដែលសមាជិកថ្មីដែលខ្លួនរកបាន ធ្វើការវិនិយោគលើគម្រោងរបស់ម្ចាស់គម្រោង ។

យោងតាមមាត្រា២០ កថាខណ្ឌទី២ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ បានកំណត់ពីគម្រោងលក់បែបពីរ៉ាមីដ ដូចខាងក្រោម៖

*១. ផ្ដល់ការផ្គត់ផ្គង់ទំនិញ និង/ឬសេវា ដើម្បីទទួលបានប្រាក់រង្វាន់ ឬតម្លៃតបស្នងមកវិញ និង

*២. បង្កើតឱកាសលក់ទិញ ឱកាសវិនិយោគមួយដល់អ្នកចូលរួមជាច្រើនជាលក្ខណៈបុគ្គល ឬតាមរយៈភ្នាក់ងារដែលមិនមែនជាការបង្កើតឱកាសលក់ទំនិញ ឬសេវាពិតប្រាកដ និង

*៣. គម្រោងនេះមានលក្ខណៈមិនសុចរិតចំពោះអ្នកចូលរួមជាច្រើន ពីព្រោះ៖
- ប្រាក់រង្វាន់ ឬតម្លៃតបស្នងរបស់អ្នកចូលរួមទាំងនោះ គឺពឹងផ្អែកលើការជ្រើសរើសអ្នកចូលរួមបន្ថែម
- អ្នកចូលរួមថ្មីមិនអាចរកអ្នកចូលរួមបន្ថែមទៀតបាន ។

គម្រោងលក់បែបពីរ៉ាមីដនេះផងដែរ ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចតទៅ៖

*១. អំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ៨០.០០០.០០០ (ប៉ែតសិបលាន) រៀល ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត (មាត្រា៤៥)។

*២. ស្ថានទម្ងន់ទោសនៃការលក់បែបពីរ៉ាមីដ ឬលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដោយសារប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០(បួនលាន ) រៀល ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ហើយដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ (មាត្រា៤៦)។

*៣. ស្ថានទម្ងន់ទោសនៃការលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដោយ សារពិការភាព ឬមរណភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ចំពោះអំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ដែលបណ្តាលឱ្យមានពិការភាពអចិន្ត្រៃយ៍ឬបណ្តាល ឱ្យបាត់បង់អាយុជីវិត (មាត្រា៤៧)។

សរុបសេចក្ដីមក គម្រោងលក់បែបពីរ៉ាមីដ មិនមែនជាគម្រោងវិនិយោគដែលផ្តល់ឱកាសឱ្យបុគ្គលគ្រប់រូបក្នុងការ
ទទួ លបានប្រាក់ចំណេញខ្ពស់បែប នេះឡើយ ប៉ុន្ដែផ្ទុយទៅវិញជាគម្រោងបោកប្រាស់ ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ពីសំណាក់ម្ចាស់គម្រោង ដើម្បីបោកបញ្ឆោតលើប្រជាពលរ ដ្ឋ ដែលមិនមានការយល់ដឹងពីប្រព័ន្ធនៃ គម្រោងនេះ ។

រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected]គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕