យល់ដឹងផ្នែកច្បាប់៖ ការភ្ជាប់មកជាមួយនូវឯកសារបកប្រែ ជាអាទិ៍
18-01-2026 15:37
(ភ្នំពេញ)៖ ក្នុងព្រះរាជាណាចក្រកម្ពុជា ភាសាខ្មែរ និងអក្សរខ្មែរ ត្រូវបានកំណត់ឱ្យប្រើប្រាស់ជាផ្លូវការ រួមទាំងក្នុងប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ ស្របតាមបញ្ញត្តិមាត្រា ៥ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។ យ៉ាងណាមិញ ក្នុងបរិបទនៃសកលភាវូបនីយកម្ម ស្ថាប័នតុលាការជារឿយៗត្រូវប្រឈមនឹងការពិនិត្យភស្តុតាងដែលមានប្រភពមកពីបរទេស ឬត្រូវបានរៀបចំឡើងជាភាសាបរទេស ។ ក្នុងន័យនេះ នៅពេលដែលភាគីណាមួយពឹងផ្អែកលើឯកសារជាភាសាបរទេស ដើម្បីដាក់ជាភស្តុតាងក្នុងនីតិវិធីតុលាការ ការយល់ដឹងអំពីខ្លឹមសារនៃឯកសារទាំងនោះ គឺជាកត្តាចាំបាច់បំផុតសម្រាប់តុលាការ ។ ហេតុដូច្នេះ តើច្បាប់បានកំណត់លក្ខខណ្ឌអ្វីខ្លះសម្រាប់ភាគី ក្នុងការស្នើសុំឱ្យតុលាការពិនិត្យភស្តុតាងជាឯកសារដែលសរសេរជាភាសាបរទេស? ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនសាធារណជន និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី ការភ្ជាប់មកជាមួយនូវឯកសារបកប្រែ ជាអាទិ៍ មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម ។ ជាក់ស្ដែង តុលាការកម្ពុជាមិនបដិសេធចំពោះការដាក់ភស្តុតាងជាភាសាបរទេសនោះទេ ប៉ុន្តែទន្ទឹមនឹងនេះដែរ រាល់ឯកសារដែលសរសេរជាភាសាបរទេស និងត្រូវដាក់ជូនតុលាការដើម្បីធ្វើជាភស្តុតាង ត្រូវតែបំពេញតាមលក្ខខណ្ឌដែលច្បាប់កំណត់ជាធរមាន ។ យោងតាមបញ្ញត្តិមាត្រា ១៤៩ ការភ្ជាប់មកជាមួយនូវឯកសារបកប្រែ ជាអាទិ៍ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានចែងថា៖ *១-ក្នុងករណីដែលការស្នើសុំឱ្យពិនិត្យភស្តុតាងជាឯកសារដែលសរសេរជាភាសាបរទេស ភាគីដែលស្នើសុំត្រូវភ្ជាប់មកជាមួយនូវសេចក្ដីបកប្រែត្រង់ចំណុចដែលខ្លួនសុំឱ្យពិនិត្យនោះ ។ *២-ក្នុងករណីដែលភាគីម្ខាងទៀត មានយោបល់អំពីភាពត្រឹមត្រូវនៃសេចក្តីបកប្រែ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ភាគីនោះត្រូវដាក់ជូនតុលាការនូវយោបល់របស់ខ្លួនជាលាយល័ក្ខណ៍អក្សរ ។ ផ្អែកតាមខ្លឹមសារនេះ រាល់ប្រភេទឯកសារជាភាសាបរទេស មិនថាជាភាសាអង់គ្លេស ចិន ជប៉ុន ឬភាសាដទៃទៀតឡើយ នៅពេលដែលដាក់ចូលក្នុងតុលាការសម្រាប់ធ្វើជាភស្តុតាង ត្រូវតែមានភ្ជាប់មកជាមួយនូវសេចក្ដីបកប្រែជាភាសាខ្មែរ យ៉ាងហោចណាស់ត្រង់ចំណុចដែលភាគីស្នើសុំឱ្យតុលាការពិនិត្យ ។ គោលបំណងសំខាន់នៃការតម្រូវឱ្យមានសេចក្តីបកប្រែនេះ គឺដើម្បីឱ្យតុលាការអាចស្វែងយល់ពីខ្លឹមសារភស្តុតាង ពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើសេចក្តីវិនិច្ឆ័យបានត្រឹមត្រូវដោយគ្មានមន្ទិលសង្ស័យ ជាពិសេសគឺដើម្បីបង្ការការភាន់ច្រឡំ និងធានាបាននូវតម្លាភាពសម្រាប់ភាគី ។ បន្ថែមពីនេះ សេចក្ដីបកប្រែដែលដាក់ជូនតុលាការពិនិត្យ ត្រូវតែមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមខ្លឹមសារដើម ដើម្បីជៀសវាងការបង្អង់នីតិវិធីដោយភាពមិនចាំបាច់ ព្រោះថាប្រសិនបើភាគីម្ខាងទៀតមានមតិជំទាស់ ឬមានយោបល់ទៅលើខ្លឹមសារបកប្រែនោះ ភាគីនោះមានសិទ្ធិដាក់ជូនមតិយោបល់ជាលាយលក្ខណ៍អក្សរទៅតុលាការ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី ។ សរុបមក ការតម្រូវឱ្យភ្ជាប់មកជាមួយនូវសេចក្តីបកប្រែជាភាសាខ្មែរ គឺជាកាតព្វកិច្ចក្នុងនីតិវិធីតុលាការដ៏សំខាន់មួយ ដែលមានគោលបំណងបង្ការការយល់ច្រឡំដែលកើតចេញពីភាពខុសគ្នានៃភាសា និងធានាឱ្យបាននូវសង្គតិភាពនៃភស្តុតាង ។ ការអនុវត្តតាមលក្ខខណ្ឌនេះ មិនត្រឹមតែជួយឱ្យតុលាការអាចធ្វើការវាយតម្លៃខ្លឹមសារភស្តុតាងបានយ៉ាងសុក្រឹតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការធានានូវសិទ្ធិការពារខ្លួនរបស់ភាគី និងធានាថាគ្រប់ភាគីពាក់ព័ន្ធ និងតុលាការ អាចស្វែងយល់ពីភស្តុតាងក្នុងន័យតែមួយ ។ រៀបរៀងដោយ៖ កញ្ញាមេធាវី គន្ធ វិជិតា និងកញ្ញា មួង ចាន់សុផាវី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៦ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕


