យល់ដឹងផ្នែកច្បាប់៖ បទរំលោភអំណាចមេបា

25-01-2026 15:14

(ភ្នំពេញ)៖ នៅក្នុងសង្គមគ្រួសារ ឪពុកម្តាយគ្រប់រូបមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូន និងអប់រំកូនឱ្យក្លាយទៅជាពលរដ្ឋល្អ ។ គួរបញ្ជាក់ផងដែរថា ក្រៅពីឪពុកម្តាយ រដ្ឋក៏បានដើរតួសំខាន់ជាអ្នកគាំពារផងដែរ ដោយក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ត្រង់មាត្រា ៤៨ បានចែងថា រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ ជាពិសេស សិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ ។

រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ ។ ក្នុងន័យនេះឪពុកម្តាយ ឬអ្នកមានអំណាចមេបាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់សិទ្ធិរបស់កូន ឬអនីតិជននិងអប់រំ បណ្តុះបណ្តាល ដើម្បីកសាងកុមារ ឬអនីតិជនឱ្យមាន សមត្ថភាព ចំណេះដឹង ដែលអាចក្លាយជាអ្នកបន្តវេន ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិ នាពេលអនាគត ។

ក៏ប៉ុន្តែប្រសិនបើក្នុងករណីឪពុកម្តាយ ឬអ្នកដែលមានអំណាចមេបាបានប្រព្រឹត្តសកម្មភាពរំលោភអំណាចមេបាដែលជាអំពើល្មើសច្បាប់ទៅលើកូន នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន ។

ហេតុនេះ ថាតើការរំលោភអំណាចមេបាដែលប្រព្រឹត្តឡើងដោយឪពុកម្តាយ ឬអ្នកមានអំណាចមេបា ត្រូវបានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការផ្តន្ទាទោសយ៉ាងដូចម្តេចខ្លះ ?

ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី បទរំលោភអំណាចមេបា មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

អំណាចមេបា គឺសំដៅដល់អ្នកដែលមានសិទ្ធិ និង ករណីយកិច្ច ត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជន និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ (មាត្រា១០៣៤ នៃក្រមរដ្ឋប្បវេណី) ។ ឪពុកម្តាយដែលជាអ្នកមានអំណាចមេបា លើកូនជាអនីតិជនត្រូវមើលថែរក្សាបីបាច់និងអប់រំប្រៀនប្រដៅកូនឱ្យបានខ្ជាប់ខ្ជួន និងលើកស្ទួយដល់កូនជាអនីតិជនគ្រប់សកម្មភាព ក្នុងន័យជួយបណ្តុះបញ្ញាស្មារតី និងវិវឌ្ឍខ្លួននាថ្ងៃអនាគត ក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គម ។

អ្នកមានអំណាចមេបាមិនត្រូវប្រព្រឹត្តសកម្មភាពអនុវត្តអំណាចមេបារបស់ខ្លួនចំពោះកូនជាអនីតិជន ដែលសកម្មភាពនោះធ្វើឱ្យលើសពីអ្វីដែលច្បាប់កំណត់ និងហួសពីអ្វីដែលសង្គមអាចទទួលយកបាន ដោយក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ
កម្ពុជា ត្រង់មាត្រា ៣៤៧ បានចែងថា « អំពើរបស់អ្នកមានអំណាចមេបា ឬអ្នកមានអំណាចអាណាព្យាបាល ដែលដកហូត សេរីភាពរបស់អនីតិជន ដោយរំលោភអំណាចរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល កាលបើអំពើនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព សុវត្ថិភាព ផ្លូវចិត្ត ឬ ការអប់រំរបស់អនីតិជននោះ»។

ឧទាហរណ៍៖ ឪពុកម្តាយបានហាមឃាត់កូនរបស់ខ្លួនមិនឱ្យទៅរៀនដោយមូលហេតុឪពុកម្តាយនោះចង់ឱ្យកូនជួយមើលថែផ្ទះសម្បែង ហើយការណ៍នេះធ្វើឱ្យកូនមានវិបត្តិផ្លូវចិត្ត ព្រោះខ្លួនត្រូវបានឪពុកម្តាយបិទសិទ្ធិមិនឱ្យចេញទៅស្គាល់បរិយាកាសខាងក្រៅ និងមិនអាចទៅសាលារៀនដើម្បីរៀនសូត្រយកចំណេះវិជ្ជា ដើម្បីប្រើប្រាស់នាពេលខាងមុខ ។ ដោយការរារាំងកូនបែបនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់កូនដែលផ្ទុយពីសិទ្ធិរបស់កុមារ ឬអនីតិជនដែលមានចែងក្នុងច្បាប់ជាតិ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលទង្វើនេះមិនត្រូវបានសង្គមគាំទ្រឡើយ ។

សរុបមក បទរំលោភអំណាចមេបា គឺជាសកម្មភាពរបស់ឪពុកម្តាយ ឬអ្នកមានអំណាចមេបា ដែលធ្វើឡើងក្នុងន័យ
អនុវត្តអំណាចមេបារបស់ខ្លួនលើកូនជាអនីតិជនដែលមានលក្ខណៈលើសពីច្បាប់កំណត់ និងហួសពីអ្វីដែលបរិបទសង្គមអាចទទួលយកបានដូចមានរៀបរាប់ខាងលើ ដែលសកម្មភាពនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕