យល់ដឹងផ្នែកច្បាប់៖ ការបញ្ចាំផ្តាច់

01-02-2026 14:39

(ភ្នំពេញ)៖ នៅពេលដែលអ្នកខ្ចីប្រាក់បានយកទ្រព្យសម្បត្តិរបស់ខ្លួន មកដាក់បញ្ចាំឱ្យម្ចាស់បំណុលដើម្បីធានាការសងប្រាក់ ហើយបានយល់ព្រមឱ្យម្ចាស់បំណុលយកទ្រព្យបញ្ចាំនោះជាកម្មសិទ្ធិ។

ប្រសិនបើខ្លួនមិនមានលទ្ធភាពសងប្រាក់តាមពេលកំណត់ទេ តើការព្រមព្រៀងនេះ ត្រូវបានច្បាប់អនុញ្ញាតដែរឬទេ?

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើនេះ ហេតុដូច្នេះ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី ការបញ្ចាំផ្តាច់ មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្ស និសិ្សត ដែលមានខ្លឹមសារដូចតទៅ។

មាត្រា ៨២៧ នៃ ក្រមរដ្ឋប្បវេណីបានហាមឃាត់មិនឱ្យមានការព្រមព្រៀងបញ្ចាំផ្តាច់ នៅមុនពេលដែលកាតព្វកិច្ចសងប្រាក់ដើមបានមកដល់ ។ ការបញ្ចាំផ្តាច់ សំដៅលើការព្រមព្រៀងម្យ៉ាងដែលកូនបំណុល ឬ អ្នកធានាដោយវត្ថុ យល់ព្រមឱ្យម្ចាស់បំណុលយកទ្រព្យបញ្ចាំមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង ឬអនុញ្ញាតឱ្យម្ចាស់បំណុលចាត់ចែងទ្រព្យបញ្ចាំ ផ្សេងពីវិធីដែលច្បាប់បានកំណត់ នៅពេលដែលកូនបំណុលមិនបានអនុវត្តកាតព្វកិច្ចសងប្រាក់ដើមតាមពេលវេលា ។

ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីខ្លឹមសារនៃការបញ្ចាំផ្តាច់ សូមពិនិត្យឧទាហរណ៍ដូចខាងក្រោម៖

ឧទាហរណ៍៖ ក (ជាម្ចាស់បំណុល) បានឱ្យប្រាក់ទៅ ខ (ជាកូនបំណុល) ខ្ចីចំនួន ២០,០០០,០០០ រៀល ដែលមានរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។ ដើម្បីធានាដល់ការសងប្រាក់ ខ បានយល់ព្រមបង្កើតការបញ្ចាំ ដោយផ្ទេរការកាន់កាប់រថយន្តមួយគ្រឿងរបស់ខ្លួន មកឱ្យ ក ហើយក៏បានព្រមព្រៀងថា នៅពេលដែលដល់កំណត់ត្រូវសងប្រាក់ដើម ប្រសិនបើ ខ មិនបានសងប្រាក់ទេ នោះ ក អាចយករថយន្តដែលបានដាក់បញ្ចាំជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង ជំនួសឱ្យការសងប្រាក់ដើម ។

ការព្រមព្រៀងរបស់ភាគីខាងលើនេះត្រូវបានច្បាប់ហាមឃាត់ ដោយសារតែវាគឺជាទម្រង់នៃការបញ្ចាំផ្តាច់ ។ មូលហេតុដែលនាំឱ្យមានការហាមឃាត់បែបនេះ គឺដោយសារតែច្បាប់មានបំណងការពារដល់កូនបំណុល (ដែលជាទូទៅគឺជាបុគ្គលដែលមានភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច) ពីការដាក់សម្ពាធរបស់ម្ចាស់បំណុលឱ្យត្រូវតែយល់ព្រមលះបង់កម្មសិទ្ធិរបស់ខ្លួន ទាំងដែលពេលវេលានៃការសងមិនទាន់បានមកដល់នៅឡើយ ។

ប្រសិនបើកំណត់សងប្រាក់បានមកដល់ តើគូភាគីអាចព្រមព្រៀងគ្នាយកទ្រព្យបញ្ចាំមកសងជំនួសប្រាក់ដើមបានដែរឬទេ ?

ការហាមឃាត់របស់ច្បាប់ចំពោះការបញ្ចាំផ្តាច់នេះ អនុវត្តតែចំពោះការព្រមព្រៀងណាដែលធ្វើឡើងមុនពេល កំណត់ត្រូវសងប្រាក់ដើមតែប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រសិនបើពេលកំណត់សងប្រាក់ដើមបានមកដល់ហើយ ម្ចាស់បំណុល និងកូនបំណុលមានសេរីភាពគ្រប់គ្រាន់ក្នុងការព្រមព្រៀងគ្នាយកទ្រព្យបញ្ចាំ មកសងជំនួសឱ្យកាតព្វកិច្ចសងប្រាក់ដើមបាន ។ ការព្រមព្រៀងបែបនេះ ផ្អែកតាមមាត្រា ៤២៤ នៃក្រមរដ្ឋប្បវេណី គេហៅថា ការសងដោយវត្ថុជំនួស ហើយវាមិនស្ថិតនៅក្នុងការហាមឃាត់របស់ច្បាប់ឡើយ ។

ឧទាហរណ៍ ៖ ក (ជាម្ចាស់បំណុល) បានឱ្យប្រាក់ទៅ ខ (ជាកូនបំណុល) ខ្ចីចំនួន ២០,០០០,០០០ រៀល ដែលមានរយៈពេលចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៦ ដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ ។ ដើម្បីធានាដល់ការសងប្រាក់ ខ បានយល់ព្រមបង្កើតការបញ្ចាំ ដោយផ្ទេរការកាន់កាប់រថយន្តមួយគ្រឿងរបស់ខ្លួនមកឱ្យ ក ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧ (កាលបរិច្ឆេទត្រូវសងប្រាក់ដើម) ក និង ខ បានព្រមព្រៀងគ្នាថា ក អាចយករថយន្តរបស់ ខ ជំនួសឱ្យប្រាក់ដើមបាន ។

ប្រសិនបើកូនបំណុលមិនបានសងប្រាក់ បន្ទាប់ពីពេលកំណត់បានមកដល់ ហើយកូនបំណុលក៏មិនយល់ព្រមយកទ្រព្យបញ្ចាំ មកសងជំនួសប្រាក់ដើមទៀត តើម្ចាស់បំណុលមានសិទ្ធិធ្វើដូចម្តេច ?

នៅក្នុងករណីនេះ ម្ចាស់បំណុលមានវិធីអនុវត្តសិទ្ធិរបស់ខ្លួន ដែលវិធីទាំងនោះមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទនៃទ្រព្យបញ្ចាំ ។ ប្រសិនបើទ្រព្យបញ្ចាំ ជាចលនវត្ថុ ម្ចាស់បំណុលអាចដាក់ពាក្យសុំមកតុលាការ ដើម្បីយកទ្រព្យបញ្ចាំមកសងខ្លួនផ្ទាល់ តាមតម្លៃដែលកំណត់ដោយអ្នកវាយតម្លៃដែលជ្រើសតាំងដោយតុលាការ (វិធីនេះហៅថា “ការអនុវត្តសិទ្ធិលើការបញ្ចាំដោយសង្ខេប”) ។

ប្រសិនបើទ្រព្យបញ្ចាំ ជាអចលនវត្ថុ ម្ចាស់បំណុលអាចដាក់ពាក្យសុំលក់ដោយបង្ខំតាមផ្លូវតុលាការ រួចយកប្រាក់មកសងសិទ្ធិលើបំណុលរបស់ខ្លួន (វិធីនេះហៅថា ការអនុវត្តសិទ្ធិប្រាតិភោគចំពោះអចលនវត្ថុ) ។

ជារួមមក ការព្រមព្រៀងរវាងម្ចាស់បំណុល និងកូនបំណុល អំពីការបញ្ចាំផ្តាច់នៅពេលបង្កើតការបញ្ចាំ ឬនៅពេលណាមួយ មុនពេលកំណត់ត្រូវសងប្រាក់បានមកដល់ គឺជាការព្រមព្រៀងដែលច្បាប់ហាមឃាត់ ក្នុងគោលបំណង ការពារកុំឱ្យមានការបំពានដែលមិនត្រឹមត្រូវចំពោះផលប្រយោជន៍របស់កូនបំណុល ។ ក៏ប៉ុន្តែ ប្រសិនបើពេលកំណត់ត្រូវសងប្រាក់ដើមបានមកដល់ហើយ ភាគីមានសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្តយកទ្រព្យបញ្ចាំមកសងជំនួសកាតព្វកិច្ចសងប្រាក់ដើមបាន៕

រៀបរៀងដោយ លោក ស៊ិន ច័ន្ទផល្គុន
ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់