យល់ដឹងផ្នែកច្បាប់៖ កម្ចីខុសច្បាប់
15-02-2026 20:21
(ភ្នំពេញ)៖ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបធ្វើឱ្យសង្គមងាយស្រួលក្នុងការប្រកបអាជីវកម្ម តួយ៉ាង គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុជាច្រើនកំពុងអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួនក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនយ៉ាងងាយស្រួល និងឆាប់រហ័ស រួមមាន ការបើកគណនីធនាគារ ផ្ទេរប្រាក់ និងទូទាត់ប្រាក់ ជាពិសេសការស្នើសុំប្រាក់កម្ចី តាមរយៈទូរស័ព្ទដៃផងដែរ ។
ទន្ទឹមនឹងការផ្តល់ប្រាក់កម្ចីខាងលើនេះ អ្នកឱ្យខ្ចីជាបុគ្គលឯកជនមួយចំនួនក៏បានផ្តល់ភាពងាយស្រួលដល់អ្នកខ្ចីផងដែរ ដោយគ្រាន់តែឱ្យអ្នកខ្ចីធ្វើឯកសារមួយចំនួន ហើយតម្កល់ទុកអត្តសញ្ញាណប័ណ្ណច្បាប់ដើមនៅអ្នកឱ្យខ្ចីជាការស្រេច ។
បន្ថែមពីនេះ នាពេលថ្មីៗនេះ ការខ្ចីប្រាក់ពីបុគ្គលឯកជនកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកខ្ចី ដោយគ្រាន់តែឱ្យអ្នកខ្ចីថតជាវីដេអូនិយាយអំពីខ្លឹមសារនៃការស្នើសុំ និងការសន្យា រួមទាំងការអនុញ្ញាតឱ្យម្ចាស់បំណុលយករូបភាព ឬវីដេអូរបស់ខ្លួនទៅបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម នៅពេលដែលអ្នកខ្ចីមិនបានសងប្រាក់ជូនអ្នកឱ្យខ្ចីវិញ ។
ការណ៍នេះ តើបុគ្គលដែលប្រកបអាជីវកម្មផ្តល់ប្រាក់កម្ចីត្រូវមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចដែរ ឬទេ? តើការផ្តល់ប្រាក់កម្ចីក្នុងសកម្មភាពមួយណាដែលជាកម្ចីខុសច្បាប់?
ហេតុដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “កម្ចីខុសច្បាប់” មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និងនិស្សិត ដូចខាងក្រោម៖ ជាគោលការណ៍ ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទាន ភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ ។
រាល់ការប្រកបអាជីវកម្មធនាគារ និងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្មជូនសាធារណជនបាន (មាត្រា២ និងមាត្រា១៤ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) ។ ទន្ទឹមនឹងនេះ ការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវស្នើសុំ និងទទួលបានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
បន្ថែមពីនេះ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក៏បានកំណត់អំពីលក្ខខណ្ឌ សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់អ្នកឱ្យខ្ចី (ម្ចាស់បំណុល) និងអ្នកខ្ចី (កូនបំណុល) ដូចជា (១) កម្មវត្ថុ នៃការខ្ចី (២) រយៈពេល នៃការខ្ចី (៣) ការប្រាក់ និងការប្រាក់ពិន័យ ដែលត្រូវបានកម្រិត (៤) ពេលវេលា និងទីកន្លែង នៃការសងជាអាទិ៍ ។ ករណីខ្ចីប្រាក់ភាគច្រើន តែងតែមានវិវាទ និងមានហានិភ័យពាក់ព័ន្ធនឹងការប្រាក់ខ្ពស់ ដោយម្ចាស់បំណុលតែងតែអនុវត្តផ្ទុយពីការប្រាក់ដែលច្បាប់បានកំណត់ ឬកម្រិត ពីព្រោះថាការប្រាក់ដែលគូភាគីមិនបានព្រមព្រៀងគ្នាជាមុនទេ ម្ចាស់បំណុលអាចទាមទារពីកូនបំណុលបានត្រឹមចំនួន ៥% (ប្រាំភាគរយ) នៃប្រាក់ដើម ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ។
ចំណែកឯ ការប្រាក់ដែលម្ចាស់បំណុល និងកូនបំណុលបានព្រមព្រៀងគ្នាវិញ អាចរហូតដល់ ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ ឬស្មើនឹង ១,៥% (មួយក្បៀសប្រាំភាគរយ) ក្នុងមួយខែ រួមទាំងការប្រាក់ពិន័យចំនួន ២៧% (ម្ភៃប្រាំពីរភាគរយ) នៃប្រាក់ដើម ក្នុងមួយឆ្នាំផងដែរ ។
ជាមួយគ្នានេះ ម្ចាស់បំណុលក៏អាចតម្រូវឱ្យកូនបំណុលដាក់ទ្រព្យធានាសម្រាប់កម្ចីក្នុងរូបភាពដូចជា (១) ការបញ្ចាំ (២) ប្រាតិភោគដោយអនុប្បទាន ឬ (៣) ហ៊ីប៉ូតែកជាដើម ។ ថ្វីត្បិតតែច្បាប់បានបញ្ញត្តិយ៉ាងនេះក្តី ក៏នៅមានម្ចាស់បំណុលមួយចំនួនប្រព្រឹត្តផ្ទុយពីច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត រួមទាំងបានបំពានសិទ្ធិ និងផលប្រយោជន៍របស់កូនបំណុល ។
ជាក់ស្តែង ម្ចាស់បំណុលមួយចំនួនបានឱ្យកូនបំណុលខ្ចីប្រាក់ក្នុងលក្ខខណ្ឌងាយៗ ដូចជា (១) ការដាក់ឯកសារស្នើសុំប្រាក់កម្ចី (២) តម្កល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ឬប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ច្បាប់ដើមរបស់កូនបំណុល និង (៣) រូបភាពដែលកូនបំណុលទទួលប្រាក់ ជាការគ្រប់គ្រាន់ ។ លើសពីនេះទៅទៀត ម្ចាស់បំណុល នៃកម្ចីអនឡាញវិញ បានផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួល ដោយពុំចាំបាច់ឱ្យកូនបំណុលមកទីតំាងផ្ទាល់នោះទេ គ្រាន់តែឱ្យកូនបំណុលថតវីដេអូនិយាយអំពីខ្លឹមសារនៃការស្នើសុំ និងការសន្យា រួមទាំងការអនុញ្ញាតឱ្យម្ចាស់បំណុលយករូបភាពរបស់កូនបំណុលទៅបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម ជាពិសេសម្ចាស់បំណុលតម្រូវឱ្យកូនបំណុលថតរូបអាក្រាតកាយ ដើម្បីប្រើប្រាស់ក្នុងការដាក់សម្ពាធ និងគំរាមកំហែងលើកូនបំណុល ក្នុងករណីកូនបំណុលមិនព្រមសងប្រាក់ទៅឱ្យម្ចាស់បំណុលវិញ ។
ការកម្ចីប្រាក់បែបនេះ កូនបំណុលតែងតែបង់ការប្រាក់ទៅឱ្យម្ចាស់បំណុលលើសពីអ្វីដែលច្បាប់បានកំណត់ ឬកម្រិត រហូតដល់ការប្រាក់ស្មើ ឬលើសនឹងប្រាក់ដើម ដែលសកម្មភាពទាំងនេះ គឺជាកម្ចីខុសច្បាប់ ។
ជាការឆ្លើយតបទៅនឹងសកម្មភាពល្មើសខាងលើ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ធនាគារជាតិ នៃកម្ពុជា និង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិ សន្តិសុខសង្គម សម្រាប់ធានាលើកម្ចី ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីក្រើនរំលឹកជាថ្មីដល់នីតិបុគ្គល ឬ រូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលមានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍រួមខាងលើ ។ ប្រសិនបើបុគ្គលខាងលើនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ បុគ្គលខាងលើនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
សរុបមក កម្ចីខុសច្បាប់ គឺជាការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបានចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ រួមទាំងការធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលពុំទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ ការផ្តល់ប្រាក់កម្ចីពុំស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ឬប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ពីកូនបំណុលសម្រាប់ធានាលើកម្ចី ក៏ជាកម្ចីខុសច្បាប់ផងដែរ ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៩៥ ៩២៩ ២៧២ អ៊ីម៉ែល [email protected] គេហទំព័រ https://cicfirm.com ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕



