យល់ដឹងផ្នែកច្បាប់៖ អំពើក្បត់ជាតិ និងចារកម្ម
22-02-2026 17:12
(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានគោលការណ៍ផ្តោតសំខាន់លើការពង្រឹងនីតិរដ្ឋ ។ លើសពីនេះ ស្ថិរភាព នយោបាយ កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូតល្អ ក៏ជាផែនការស្នូលរបស់រាជរដ្ឋាភិបាលផងដែរ ។ ទោះជាយ៉ាងណា ក្នុងសង្គមខ្មែរនាពេលថ្មីៗនេះ ការពិភាក្សាសាធារណៈជាច្រើនបានកើនឡើងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញសង្គម និងការចែកចាយឯកសារ ឬព័ត៌មានដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ។ ហេតុការណ៍ទាំងនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសអំពីខ្សែបន្ទាត់ រវាងសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិដែលមានដែនកំណត់ ជាមួយនឹងការការពារសន្តិសុខ និងការសម្ងាត់ជាតិ ។
ដូច្នេះ តើអំពើណាខ្លះអាចត្រូវបានចាត់ទុកថាជាអំពើក្បត់ជាតិ ឬចារកម្ម ហើយច្បាប់បានកំណត់ព្រំដែន និងការផ្តន្ទាទោសយ៉ាងដូចម្តេចខ្លះ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “អំពើក្បត់ជាតិ និងចារកម្ម” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចខាងក្រោម៖
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គន្ថីទី៤ មាតិកាទី១ ជំពូកទី២ ផ្នែកទី១ ដែលអាចចាត់ទុកថាជាអំពីអំពើក្បត់ជាតិ និងចារកម្ម នោះច្បាប់បានបញ្ញតិដូចក្នុងមាត្រាខាងក្រោមនេះ៖
-មាត្រា ៤៣៩ អំពើក្បត់ជាតិ និងចារកម្ម: បទល្មើសដែលមានចែងក្នុងផ្នែកនេះ ជាអំពើក្បត់ជាតិ កាលបើបទល្មើសប្រព្រឹត្តដោយពលរដ្ឋខ្មែរ ឬដោយយោធិនខ្មែរ និងជាចារកម្ម កាលបើបទល្មើសប្រព្រឹត្តដោយបុគ្គលដទៃទៀត ។
-មាត្រា ៤៤០ បទប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក: អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
-មាត្រា ៤៤១ បទប្រគល់ឱ្យរដ្ឋបរទេសនូវកងយោធពលខេមរភូមិន្ទ: អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវកងយោធពលខេមរភូមិន្ទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។
-មាត្រា ៤៤២ បទប្រគល់ឱ្យរដ្ឋបរទេសនូវសម្ភារៈ ជាអាទិ៍សម្រាប់ការពារជាតិ: អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវស្បៀង សម្ភារៈ សំណង់ បរិក្ខារ ឋបនីយភណ្ឌ ឬគ្រឿងយន្តសម្រាប់ការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ។
-មាត្រា ៤៤៣ បទសន្ទិដ្ឋិភាពជាមួយបរទេស: បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ។
បទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ដល់ ៣០ (សាមសិប) ឆ្នាំ ។
-មាត្រា ៤៤៤ បទប្រគល់ឱ្យរដ្ឋបរទេសនូវមធ្យោបាយធ្វើការប្រទូស្តរ៉ាយ ឬឈ្លានពាន: អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវមធ្យោបាយធ្វើការប្រទូស្តរ៉ាយ ឬឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ។
-មាត្រា ៤៤៥ បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលធ្វើឱ្យអន្តរាយការការពារជាតិ: អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលធ្វើអន្តរាយការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ ។
-មាត្រា ៤៤៦ បទប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ : អំពើទទួល ឬប្រមូលផ្តុំ ដើម្បីផ្តល់ទៅឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលធ្វើអន្តរាយការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។
-មាត្រា ៤៤៧ បទបំផ្លិចបំផ្លាញ ជាអាទិ៍នូវសម្ភារៈដែលធ្វើឱ្យអន្តរាយការការពារជាតិ: អំពើបំផ្លិចបំផ្លាញ ធ្វើឱ្យខូចខាត ឬគៃបំបាត់ស្បៀង ឯកសារ សម្ភារៈ សំណង់ បរិក្ខារ ឋបនីយភណ្ឌ គ្រឿងយន្ត គ្រឿងសព្វាវុធ គ្រឿងបន្លាស់បច្ចេកទេស ឬគ្រឿងគាំពារខាងបច្ចេកទេសផ្សេងទៀត ឬប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ ឬអំពើធ្វើឱ្យរាំងស្ទះដល់ដំណើរការជាប្រក្រតីរបស់ឧបករណ៍ទាំងនោះ កាលបើអំពើនេះអាចនាំឱ្យអន្តរាយការការពារជាតិ ត្រូវផ្តន្ទាទោសពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ ។
-មាត្រា ៤៤៨ បទផ្តល់ព័ត៌មានមិនពិត : អំពើផ្តល់ដល់អាជ្ញាធរស៊ីវិល ឬយោធាខ្មែរនូវព័ត៌មានមិនពិតដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ដើម្បីបម្រើផលប្រយោជន៍នៃរដ្ឋបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០ (ដប់លាន) រៀល ។ ចំពោះការប៉ុនប៉ងប្រព្រឹត្តបទផ្តល់ព័ត៌មានមិនពិតនេះ ក៏ត្រូវផ្តន្ទាទោសតាមមាត្រានេះផងដែរ (មាត្រា ៤៤៩) ។
សរុបមក អំពើក្បត់ជាតិ និងចារកម្ម គឺជាទង្វើល្មើសយ៉ាងធ្ងន់ធ្ងរ ដែលច្បាប់បានកំណត់ទោសយ៉ាងតឹងរឹង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យភាព និងសន្តិសុខជាតិទាំងមូល ។ ការយល់ដឹងអំពីនិយមន័យ និងធាតុផ្សំនៃបទល្មើសទាំងនេះ គឺជាកត្តាសំខាន់ក្នុងការការពារនីតិរដ្ឋ និងការទប់ស្កាត់អំពើល្មើសជាមុន ។
ដូច្នេះ ជាចំណុចសំខាន់ដែលរដ្ឋ និងស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការផ្សព្វផ្សាយច្បាប់ និងការអប់រំសាធារណៈអំពីសន្តិសុខជាតិ និងការសម្ងាត់រដ្ឋ ជាពិសេសក្នុងសម័យបណ្តាញសង្គមដែលព័ត៌មានអាចត្រូវបានចែកចាយយ៉ាងឆាប់រហ័ស និងពិបាកទប់ស្កាត់ទាន់ពេល ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយមានការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិប្រកបដោយចីរភាព និងជៀសវាងការប្រព្រឹត្តបទល្មើសខាងលើនាំឱ្យមានការផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា លើសពីនេះអាចត្រូវបានដកសញ្ជាតិខ្មែរ កាលបើបានប្រព្រឹត្តអំពើក្បត់ជាតិ (មាត្រា២៩ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ) ។
រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ណុប សុសីហា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



