យល់ដឹងផ្នែកច្បាប់៖ ការស៊ើបអង្កេតករណីជាក់ស្តែង

01-03-2026 17:57

(ភ្នំពេញ)៖ ក្នុងរឿងក្ដីព្រហ្មទណ្ឌ កាលណាមានបទល្មើសជាក់ស្ដែងកើតឡើងនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបើកការស៊ើបអង្កេតជាបន្ទាន់ ដោយមិនចាំបាច់មានបណ្ដឹង ឬបទបញ្ជាពីថ្នាក់លើតាមឋានានុក្រមនោះឡើយ លើកលែងតែបទល្មើសមួយចំនួនដែលតម្រូវដោយច្បាប់ឱ្យមានពាក្យបណ្ដឹងជាមុនសិន ។

ការស៊ើបអង្កេតបន្ទាន់នេះ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់ថាជា ការស៊ើបអង្កេតករណីជាក់ស្ដែង ។ តើការស៊ើបអង្កេតករណីជាក់ស្ដែងប្រព្រឹត្តទៅយ៉ាងដូចម្ដេច ? ហើយមានបទល្មើសបែបណាខ្លះទើបអាចបើកការស៊ើបអង្កេតជាក់ស្ដែងបាន ?

ដើម្បីយល់ដឹងកាន់តែច្បាស់អំពី ការស៊ើបអង្កេតជាក់ស្តែង សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖ការស៊ើបអង្កេតជាក់ស្ដែងចំពោះគឺជាវិធានមួយដែល មន្រ្តីនគរបាលយុត្តិធម៌ត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការដើម្បីអនុវត្តទៅលើបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្ដែង ក្នុងគោលដៅប្រមូលសក្ខីកម្ម ការការពារភស្តុតាង ការចាប់ខ្លួនជនល្មើស ឱ្យទាន់សភាពការជាក់ស្ដែង ដើម្បីចៀសវាងការបាត់បង់ពេលវេលា ព្រមទាំងបាត់បង់តម្រុយពិរុទ្ធភាព នៃបទល្មើស ។ មួយវិញទៀតចំពោះបទល្មើសជាក់ស្តែងដែលត្រូវប្រើប្រាស់វិធាននៃការស៊ើបអង្កេតជាក់ស្ដែងគឺមានលក្ខខណ្ឌដូចខាងក្រោម៖ មាត្រា ៨៦ និងមាត្រា ៨៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់អំពីស្ថានភាពនៃបទល្មើសជាក់ស្តែងមាន ០៥ ប្រភេទគឺ៖

• បទល្មើសដែលកំពុងប្រព្រឹត្ត

• បទល្មើសទើបតែប្រព្រឹត្តរួចភ្លាម

• ជនដែលគេសង្ស័យ ត្រូវបានសាធារណជនស្រែកដេញប្រផាប់ចាប់ប្រភីង

• ការរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬមានតម្រុយច្បាស់លាស់អំពីការប្រព្រឹត្តបទល្មើសដោយបុគ្គលណាមួយ

• មានការស្នើសុំឱ្យជួយពីអ្នកកាន់កាប់ទីកន្លែង ។

ជាគោលការណ៍ការស៊ើបអង្កេតជាក់ស្តែងបានផ្តល់អំណាចធំធេងដល់មន្រ្តីនគរបាលយុត្តិធម៌ដើម្បីប្រើប្រាស់អំណាចស៊ើបអង្កេតជាក់ស្តែង ក្នុងគោលដៅដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ អាយុជីវិតមនុស្ស រូបរាងកាយ ឬទ្រព្យសម្បត្តិ ដែលបង្កឡើងដោយជនល្មើស រួមទាំងការប្រមូលភស្តុតាងឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព ។ ច្បាប់ក៏បើកផ្លូវឱ្យបុគ្គលគ្រប់រូបមានសិទ្ធិចាប់ខ្លួនជនល្មើស ដែលបានប្រព្រឹត្តិបទល្មើសជាក់ស្តែង ដើម្បីប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ ។ មន្ត្រីនគរបាលយុត្តិធម៌អាចដឹងអំពីបទល្មើសជាក់ស្តែងដោយខ្លួនឯង ឬតាមរយៈរបាយការណ៍របស់ភ្នាក់ងារនគរបាលយុត្តិធម៌ដែលបានដឹងអំពីបទល្មើសជាក់ស្តែង ឬតាមរយៈជនរងគ្រោះ ឬតាមរយៈសាក្សី ។

ដោយឡែកក្នុងករណីមានបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមទៅព្រះរាជអាជ្ញា ។ថិរវេលានៃការស៊ើបអង្កេតជាក់ស្តែង មិនអាចលើស ៧ (ប្រាំពីរ) ថ្ងៃ គិតពីថ្ងៃប្រព្រឹត្តបទល្មើស ។ កិច្ចស៊ើបអង្កេតត្រូវប្រព្រឹត្តជាប់ជានិច្ចនៅក្នុងថិរវេលានេះ ។ ប្រសិនបើការស៊ើបអង្កេតមិនបានបញ្ចប់ក្នុងរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃនោះទេមន្ត្រីនគរបាលយុត្តិធម៌ត្រូវស្នើសុំយោបល់ទៅព្រះរាជអាជ្ញា (មាត្រា ១០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។ ក្រោយថិរវេលានេះកន្លងផុតទៅ កិច្ចដែលត្រូវធ្វើបន្ទាប់អាចជាការស៊ើបអង្កេតបឋម ឬការបើកការស៊ើបសួរ ។ ក្រោយបញ្ចប់កិច្ចមន្ត្រីនគរបាលយុត្តិធម៌ ត្រូវបញ្ចូនកំណត់ហេតុ និងវត្ថុតាងនានា ព្រមទាំងជនល្មើសទៅព្រះរាជអាជ្ញា (មាត្រា ១០៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

សរុបមកការស៊ើបអង្កេតជាក់ស្តែងក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌ មានគោលបំណងចម្បងក្នុងការប្រមូលសក្ខីកម្ម ការការពារភស្តុតាង ការចាប់ខ្លួនជនល្មើស ឱ្យទាន់សភាពការជាក់ស្ដែង ហើយកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអង្គការអយ្យការធ្វើការចោទប្រកាន់ ។រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក អេង គីមម៉េង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕