យល់ដឹងផ្នែកច្បាប់៖ បទផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ ជាអាទិ៍

08-03-2026 17:50

(ភ្នំពេញ)៖ ក្នុងបរិបទនៃសង្គមទំនើប ការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបាននាំមកនូវសារធាតុគីមីចម្រុះ ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ ។ ទោះជាយ៉ាងនេះក៏ដោយ មានបញ្ហាប្រឈមថ្មីមួយបានកើតឡើងនៅពេលដែលសារធាតុទាំងនេះ ត្រូវបានគេយកមកប្រើប្រាស់ខុសគោលដៅ ជាពិសេសការហិតស្រូបដើម្បីបង្កឱ្យមានអារម្មណ៍ភាន់ភាំង ឬសប្បាយស្រើបស្រាល ។ ក្នុងចំណោមជនរងគ្រោះទាំងអស់ក្នុងនោះក៏មានអនីតិជន ដែលជាក្រុមគោលដៅដែលងាយរងគ្រោះជាងគេបំផុត ដោយសារពួកគេខ្វះការយល់ដឹង និងមានភាពងាយស្រួលក្នុងការអូសទាញឱ្យធ្លាក់ក្នុងការប្រើប្រាស់សារធាតុគីមីផ្សំ និងសារធាតុញៀនទាំងនោះ ។ ហេតុនេះយោងតាមច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន តើសកម្មភាពបែបណាខ្លះដែលចាត់ទុកថាជាការផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ? និងត្រូវផ្តន្ទាទោសបែបណាទៅលើបុគ្គលដែលបានផ្ដល់ឱ្យអនីតិជនស្រូបនូវសារធាតុគីមីផ្សំនោះ?

ដើម្បីយល់ដឹងកាន់តែច្បាស់អំពី បទផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ ជាអាទិ៍ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចតទៅ៖

យោងតាមស្មារតី នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ការផ្ដល់ឱ្យអនីតិជនហិតស្រូបនូវសារធាតុគីមីផ្សំ មិនមែនសំដៅលើគ្រឿងញៀនខុសច្បាប់ដែលយើងធ្លាប់បានស្គាល់កន្លងមកនោះទេ ប៉ុន្តែវាគ្របដណ្ដប់លើរាល់សារធាតុគីមីទាំងឡាយណា ដែលអាចនាំឱ្យមានការភាន់ភាំងស្មារតី ឬសប្បាយស្រើបស្រាលខុសប្រក្រតី ដែលរួមមាន កាវបំពង់ កាវដប ជ័រថ្នាំ ជាអាទិ៍ ។ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់អំពីបទល្មើសនេះ យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រង់មាត្រា ៥៥ បានបញ្ញត្តថា បទផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ ជាអាទិ៍ សំដៅដល់ជនណាដែលផ្តល់ឱ្យអនីតិជននូវសារធាតុគីមីផ្សំ ឬសារធាតុផ្សេងទៀតដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដោយដឹងច្បាស់ថាអនីតិជននោះនឹងយកសារធាតុទាំងនោះទៅហិត ស្រូប ។ ចំពោះបុគ្គលណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើដល់អនីតិជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖

១- បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ។

២- ចំពោះជនរងគ្រោះច្រើននាក់ ។

៣- បណ្តាលឲ្យមានជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

ការបង្កលក្ខណៈងាយស្រួល ដូចជាការផ្ដល់ទីតាំង ការហុចឱ្យ ឬការចែករំលែកសារធាតុទាំងនេះដល់អនីតិជន ទោះបីជាការផ្ដល់ឱ្យនោះមិនមែនជាការលក់ដូរយកកម្រៃក៏ដោយ តែជារូបភាពក្នុងការអូសទាញ ឬបញ្ចុះបញ្ចូល បង្ខិតបង្ខំឱ្យអនីតិជនសាកល្បងហិត ស្រូបនូវសារធាតុញៀន គឺមិនត្រឹមតែជាបទល្មើសតែម្យ៉ាងនោះទេ តែអ្វីដែលធ្វើឱ្យមានក្ដីបារម្ភគឺផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់អនីតិជនយ៉ាងធ្ងន់ធ្ងរ ។

ឧទាហរណ៍៖ យុវជនមួយក្រុមមានអាយុ ១៨ ឆ្នាំស្មើៗគ្នា បានហុចសារធាតុរាវម្យ៉ាងដែលមានផ្ទុកនូវសារធាតុគីមីឱ្យក្មេងប្រុសម្នាក់ទៀតដែលមានអាយុ ១៥ ឆ្នាំ ហើយក្មេងប្រុសនោះបានសាកល្បងហិតជាមួយនឹងក្រុមយុវជនទាំងនោះ ក្រោយពីបានហិតរួចក្មេងប្រុសនោះមានភាពសប្បាយភាន់ភាំង និងចង់ប្រើប្រាស់ម្ដងទៀត ។ សកម្មភាព​ដែលបានបញ្ជាក់ក្នុងឧទាហរណ៍នេះ គឺជាការផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ ដែលជាបទល្មើសដូចមានចែងក្នុងមាត្រា ៥៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

សរុបមក ការផ្ដល់ឱ្យអនីតិជនហិត ស្រូបនូវសារធាតុគីមីផ្សំ ជាអាទិ៍ គឺជាសកម្មភាពហុចឱ្យ ឬអូសទាញ ឬបបួលឱ្យ​អនីតិជនឱ្យហិត ស្រូបនូវសារធាតុញៀនដែលធ្វើឱ្យអនីតិជនរងគ្រោះយ៉ាងខ្លាំង និងបាត់បង់នូវធនធានមនុស្ស ដែលអាចបំផ្លាញអនាគតរបស់ពួកគេ ប៉ះពាល់ដល់គ្រួសារ ជាងនេះទៅទៀត គឺប៉ះពាល់ដល់សង្គមជាតិទាំងមូល ។ ការយកចិត្តទុកដាក់ អប់រំ និងការទប់ស្កាត់ គឺជាវិធានការសំខាន់ក្នុងការពារយុវជនពីគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រឿងញៀនទាំងនោះ ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕