យល់ដឹងផ្នែកច្បាប់៖ បណ្ដឹងទាស់ក្នុងរឿងក្ដីរដ្ឋប្បវេណី

15-03-2026 15:02

(ភ្នំពេញ)៖ នៅក្នុងសង្គមសព្វថ្ងៃនេះ ការប្រាស្រ័យទាក់ទងគ្នាពិតជាមានភាពចាំបាច់ណាស់ និងពុំអាចខ្វះបានឡើយ ហើយជារឿយៗយើងតែងសង្កេតឃើញថា នៅក្នុងទំនាក់ទំនងទាំងអស់នេះពុំអាចជៀសផុតពីការកើតឡើងនូវវិវាទបានទេ ជាពិសេសគឺ វិវាទរដ្ឋប្បវេណី ។ នៅពេលមានវិវាទរដ្ឋប្បវេណីកើតឡើង ភាគីអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីទទួលបាននូវសេចក្ដីសម្រេចតាមផ្លូវច្បាប់ដ៏សមប្រកបមួយ ប៉ុន្តែនៅក្នុងចំណោមបណ្ដឹងរដ្ឋប្បវេណីទាំងអស់នោះ គេឃើញមានបណ្ដឹងមួយដែលស្គាល់ថាជា «បណ្ដឹងទាស់» ។ បណ្ដឹងទាស់ គឺជាផ្លូវតវ៉ាមួយដែលបើកសិទ្ធិដល់ភាគីអាចប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ ដើម្បីឱ្យនីតិវិធីរដ្ឋប្បវេណីដែលធ្លាប់បានបំពេញកន្លងមក ត្រឡប់ទៅសភាពដើមវិញ គិតត្រឹមពេលដែលភាគីប្ដឹងទាស់នោះអវត្ដមាន ។ ដូច្នេះដើម្បីយល់កាន់តែច្បាស់ និងស្រាយនូវចម្ងល់ ថាតើបណ្ដឹងទាស់មាននីតិវិធីយ៉ាងដូចម្ដេច?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បណ្ដឹងទាស់ក្នុងរឿងក្ដីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចតទៅ៖

បណ្ដឹងទាស់ គឺជានីតិវិធីបណ្ដឹង ដែលច្បាប់ទុកសិទ្ធិឱ្យភាគីមិនបានបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់ដោយតុលាការ ដោយសារមូលហេតុមិនអាចជៀសវាងបាន ឬហេតុដែលមិនអាចព្យាករបាន ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ នៅពេលខ្លួនទទួលបានសាលក្រមកំបាំងមុខនោះ (មាត្រា២០៤ កថាខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី)។

បណ្ដឹងទាស់ ត្រូវធ្វើឡើងក្នុងអំឡុងពេល ០២ (ពីរ) សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃដែលបានទទួលការបញ្ជូនសាលក្រមកំបាំងមុខ ។ គួរបញ្ជាក់ផងដែរថា អំឡុងពេល ០២ (ពីរ) សប្ដាហ៍ខាងលើ ពុំអាចពន្យារបានឡើយ (មាត្រា២០៤ កថាខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ បណ្ដឹងទាស់ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងដាក់ទៅតុលាការដែលបានចេញសាលក្រមកំបាំងមុខនោះ ហើយត្រូវសរសេរបញ្ជាក់ពីចំណុចមួយចំនួនដូចតទៅ៖ (ក) អត្ដសញ្ញាណរបស់គូភាគី (ខ) សញ្ញាណសាលក្រមកំបាំងមុខដែលប្ដឹងទាស់ (គ) បំណងនៃការប្ដឹងទាស់ និង (ឃ) មូលហេតុដែលមិនបង្ហាញខ្លួននៅកាលបរិច្ឆេទកំណត់ដោយតុលាការ (មាត្រា២០៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ ប្រសិនបើបណ្ដឹងទាស់ ពុំបានសរសេរឱ្យបានពេញលេញនូវចំណុចដែលបានរៀបរាប់ខាងលើនេះទេ តុលាការត្រូវកំណត់អំឡុងពេលសមរម្យ និងបង្គាប់ឱ្យកែតម្រូវចំណុចខ្វះខាតនោះ ។ ក្នុងករណីបណ្ដឹងទាស់បានកែតម្រូវរួចរាល់ ឬគ្មានចំណុចខ្វះខាតទេ តុលាការត្រូវបញ្ជូនពាក្យបណ្ដឹងទាស់ទៅភាគីម្ខាងទៀត ហើយកំណត់កាលបរិច្ឆេទថ្មីដើម្បីវិនិច្ឆ័យលើបណ្ដឹងទាស់នោះ (មាត្រា២០៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។

ក្នុងករណីដែលបណ្ដឹងទាស់ ត្រូវបានទទួលស្គាល់ដោយតុលាការ ថាតើបណ្ដឹងទាស់នោះមានអានុភាពយ៉ាងដូចម្ដេច ? ជាការពិតណាស់ នៅពេលដែលបណ្ដឹងទាស់ ត្រូវបានទទួលស្គាល់ដោយតុលាការ នោះនីតិវិធីនៃបណ្ដឹងដែលធ្លាប់បានបំពេញហើយកន្លងមក ត្រូវត្រឡប់ទៅសភាពដើមវិញ គិតត្រឹមពេលដែលភាគីដែលបានប្ដឹងទាស់នោះអវត្ដមាន ពោលមានន័យថា៖ តុលាការត្រូវកំណត់កាលបរិច្ឆេទថ្មី ហើយត្រូវជូនដំណឹងទៅភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬទាញហេតុផលដោយផ្ទាល់មាត់ឡើងវិញ (មាត្រា២០៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។

ជាចុងក្រោយ គឺជាការវិនិច្ឆ័យលើបណ្ដឹងទាស់ នៅពេលបញ្ចប់នីតិវិធីទាញហេតុដោយផ្ទាល់មាត់ថ្មី បើលទ្ធផលដូចទៅនឹងសាលក្រមកំបាំងមុខ នោះតុលាការនឹងសម្រេចតម្កល់សាលក្រមកំបាំងមុខទុកបានការដដែល ផ្ទុយទៅវិញបើលទ្ធផលមិនដូចសាលក្រមកំបាំងមុខនោះទេ តុលាការនឹងសម្រេចលុបចោលសាលក្រមកំបាំងមុខនោះ នៅក្នុងសាលក្រមថ្មីតែម្ដង (មាត្រា២០៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។ គួរបញ្ជាក់ដែរថា បើសិនភាគីដែលបានប្ដឹងទាស់ មិនបានបង្ហាញខ្លួននៅកាលបរិច្ឆេទដំបូងក្រោយពេលចាប់ផ្តើមអនុវត្តនីតិវិធីឡើងវិញនោះទេ តុលាការនឹងសម្រេចច្រានចោលបណ្ដឹងទាស់ ដោយសាលក្រមកំបាំងមុខម្ដងទៀត ហើយសាលក្រមនេះមិនអាចប្ដឹងទាស់ទៀតបាននោះទេ (មាត្រា២១១ នៃក្រមនីតិវិធីរដ្ឋប្បវេណី) ។

សរុបមក បណ្ដឹងទាស់ គឺជាប្រភេទបណ្ដឹងមួយដែលទុកសិទ្ធិឱ្យភាគីដែលអវត្ដមានក្នុងការចូលរួមនីតិវិធី តាមកាលបរិច្ឆេទ ដែលកំណត់ដោយតុលាការ ដោយសារហេតុមិនអាចជៀសវាងបាន ឬហេតុដែលមិនអាចព្យាករបាន អាចប្ដឹងទាស់នឹងសាលក្រមដែលប្រកាសកំបាំងមុខខ្លួនបាន ហើយតុលាការនឹងចាប់ផ្តើមអនុវត្តនីតិវិធីឡើងវិញ ប៉ុន្ដែប្រសិនបើភាគីដែលប្ដឹងទាស់នោះ បែរជាខកខានក្នុងការចូលរួមនីតិវិធីថ្មីម្ដងទៀត នោះច្បាប់មិនបានទុកសិទ្ធិឱ្យប្ដឹងទាស់ម្ដងទៀតឡើយ ។

រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងលោក មឿន ដារិន ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០១៧ ៥៤១ ៥៣១ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕