យល់ដឹងផ្នែកច្បាប់៖ សមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
22-03-2026 13:47
(ភ្នំពេញ)៖ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា អំណាចតុលាការ គឺជាអំណាចឯករាជ្យ ដែលត្រូវបានធានាដោយព្រះមហាក្សត្រ ។ ការធានាអំណាចឯករាជ្យនេះទៀតសោធត្រូវបានធ្វើឡើងដោយស្ថាប័នមួយដែលគេស្គាល់ថាជា “ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម” មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ។ បន្ថែមពីនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានកំណត់នូវសមត្ថកិច្ចមួយចំនួនដែលមានវិសាលភាពអនុវត្តទៅលើចៅក្រម ព្រះរាជអាជ្ញា និងមានសមត្ថកិច្ចផ្សេងៗទៀត ក្នុងគោលបំណងធានានូវតម្លៃ នៃអំណាចឯករាជ្យរបស់តុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងវិស័យយុត្តិធម៌ ។
ដូច្នេះដើម្បីយល់កាន់តែច្បាស់ និងស្រាយនូវ ចម្ងល់ខាងលើ តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានកំណត់សមត្ថកិច្ចយ៉ាងដូចម្តេច ?
សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី "សមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម" មក ធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចតទៅ៖
ផ្អែកតាមច្បាប់ស្តីពីការររៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានកំណត់អំពីសមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដូចជា៖ ក. សមត្ថកិច្ចទូទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ខ. សមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា ។
ក. សមត្ថកិច្ចទូទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ច ទៅលើចៅក្រមក្នុងការសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់ពីមុខងារ ការដាក់ឱ្យនៅក្រៅក្របខណ្ឌ ការដាក់ឱ្យនៅទំនេរ និងការលុបឈ្មោះចៅក្រមទាំងអស់ ដោយឡែកចំពោះព្រះរាជអាជ្ញា សមត្ថកិច្ចដែលផ្តល់ដោយច្បាប់នេះត្រូវតែធ្វើឡើងតាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយសំណើនេះដែរ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវតែធ្វើការពិគ្រោះយោបល់ជាចាំបាច់ជាមួយសមាជិករបស់ខ្លួន ។ បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក៏មានសមត្ថកិច្ចក្នុងការផ្តល់យោបល់ចំពោះការដំឡើងថ្នាក់ ការដំឡើងឋានន្តរស័ក្តិឱ្យចៅក្រម និងព្រះរាជអាជ្ញាទាំងអស់តាមបែបបទ និងលក្ខខណ្ឌដូចដែលមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ។
លើសពីនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក៏មានសមត្ថកិច្ចក្នុងការពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្ដីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ដែលទាក់ទងដល់ការរៀបចំវិស័យតុលាការ និងការប្រព្រឹត្តទៅនៃវិស័យនេះ ដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានពិគ្រោះមតិជាចាំបាច់ ។ យោបល់របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវផ្ដល់ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃយ៉ាងយូរ ដោយគិតពីថ្ងៃដែលបានទទួលសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ក្នុងករណី ប្រញាប់រយៈពេលនេះ អាចបន្ថយមកត្រឹម ១០ (ដប់) ថ្ងៃ ។ ក្រៅពីសមត្ថកិច្ចខាងលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ និងសម្រេចលើក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញា ។
ខ.សមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា
ជាគោលការណ៍ច្បាប់ ចៅក្រមមានឯករាជ្យភាពក្នុងការសម្រេចសេចក្តី ហើយការសម្រេចនេះត្រូវឈរលើគោលការណ៍ គោរពច្បាប់ ។ ចៅក្រម និងព្រះរាជអាជ្ញា មិនត្រូវទទួលការលើកលែងកំហុសខាងវិន័យចំពោះការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តច្បាប់នោះទេ ។ ចៅក្រម និងព្រះរាជអាជ្ញា មានកាតព្វកិច្ចត្រូវគោរពតាមច្បាប់ និងនីតិវិធីជាធរមានឱ្យបានត្រឹមត្រូវ ។ ករណី ដែលមានការបំពានច្បាប់ និងក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញាណាដែលប្រព្រឹត្តកំហុសនេះ ក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ ដែលស្ថិតក្រោមអធិបតីភាពរបស់ប្រធានតុលាការកំពូលសម្រាប់មុខការដាក់វិន័យចំពោះចៅក្រម និងក្រោមអធិបតីភាពរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល សម្រាប់មុខការដាក់វិន័យចំពោះព្រះរាជអាជ្ញា។ ព្រះមហាក្សត្រ ឬព្រះរាជតំណាងធ្វើជាអធិបតីនៃអង្គប្រជុំ ក្រុមប្រឹក្សាវិន័យ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ករណីសំណុំរឿងវិន័យទាក់ទងនឹងប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។
តើការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដោយក្រុមប្រឹក្សាវិន័យនេះ ត្រូវបានធ្វើឡើងយ៉ាងដូចម្តេច ?
ករណីមានពាក្យបណ្តឹងអំពីវិន័យទាក់ទងនឹងចៅក្រម និងព្រះរាជអាជ្ញា បណ្តឹងនេះ ត្រូវដាក់នៅអគ្គលេខាធិការដ្ឋាននៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឬនៅក្រសួងយុត្តិធម៌ ។ បន្ទាប់ពីទទួលពាក្យបណ្តឹង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចាត់ឱ្យពិនិត្យ និងស្រាវជ្រាវជាបឋមលើពាក្យបណ្តឹងទាំងនេះ ដើម្បីកសាងសំណុំរឿងវិន័យ មុននឹងសម្រេចបញ្ចូនសំណុំរឿងនេះ ទៅក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីចាត់នីតិវិធីបន្ត ។
បន្ទាប់ពីទទួលបានសំណុំរឿងវិន័យ ប្រសិនបើយល់ឃើញថាជាការចាំបាច់ ប្រធានក្រុមប្រឹក្សាវិន័យអាចចាត់ឱ្យមានការស្រាវជ្រាវបន្ថែមដោយប្រើយន្តការក្រុមអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការស៊ើបអង្កេត និងស្រាវជ្រាវសំណុំរឿងវិន័យ ។ ប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវកោះប្រជុំសមាជិកក្រុមប្រឹក្សាវិន័យ ដែលធ្វើឡើងជាអសាធារណៈ។
សំណុំរឿងវិន័យ ព្រមទាំងសំណុំឯកសារពាក់ព័ន្ធនឹងវិន័យរបស់ចៅក្រម និងព្រះរាជអាជ្ញា ត្រូវផ្ញើជូនទៅ សមាជិកទាំងអស់នៃក្រុមប្រឹក្សាវិន័យយ៉ាងតិច ១០ (ដប់) ថ្ងៃ មុនថ្ងៃប្រជុំ ។ ចៅក្រម ឬព្រះរាជអាជ្ញា ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងវិន័យនេះ មានសិទ្ធិដឹងអំពីបទវិន័យដែលចោទប្រកាន់លើខ្លួន និងមានសិទ្ធិការពារខ្លួនដោយខ្លួនឯង ឬដោយមានជំនួយពីមេធាវី នៅចំពោះមុខក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ក្នុងកិច្ចប្រជុំនេះដែរ ប្រធានក្រុមប្រឹក្សាវិន័យ អាចអញ្ជើញដែលបុគ្គលពាក់ព័ន្ធនានាឱ្យចូលរួមក្នុងការប្រជុំរបស់ខ្លួនបាន បើយល់ឃើញថាជាការចាំបាច់ ។
ក្នុងករណីរកឃើញកំហុស ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់ទណ្ឌកម្មវិន័យ ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ត្រូវដាក់ជូនឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យ និងសម្រេច ។ សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ ក្នុងករណីដែលទណ្ឌកម្មវិន័យថ្នាក់ទី២ ត្រូវបានប្រកាស ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការនេះ ។
សរុបមក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺជាស្ថាប័នមួយដែលបង្កើតឡើងយ៉ាងពិសេសស្របតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាស្ថាប័នមួយមានសមត្ថកិច្ចក្នុងការជួយព្រះមហាក្សត្រក្នុងការធានា អំណាចឯករាជ្យរបស់តុលាការ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈការធានាអំណាចនេះដែរ ត្រូវកំណត់នៅក្នុងច្បាប់ស្តីពីការររៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបានកំណត់អំពីសមត្ថកិច្ចសំខាន់ៗ រួមមាន ១. សមត្ថកិច្ចទូទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ២. សមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា ។
រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ /០៧៧ ៤៨២ ៤៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



