យល់ដឹងផ្នែកច្បាប់៖ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
26-04-2026 15:27
(ភ្នំពេញ)៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលតំណាងឱ្យតំបន់ភូមិសាស្ត្រណាមួយ ។ ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ។ ហើយដើម្បីទទួលបានការទទួលស្គាល់ ការការពារ តម្រូវឱ្យដាក់ពាក្យសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មទៅតាមបែបបទ នីតិវិធីដូចមានកំណត់នៅក្នុងច្បាប់ ។
ដូចនេះដើម្បីយល់កាន់តែច្បាស់អំពី “បែបបទ នីតិវិធីនៃការសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងស្រុក និងសិទ្ធិដែលទទួលបានពីការចុះបញ្ជី” កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជនដូចតទៅ៖
ដើម្បីឱ្យផលិតផល ឬកសិផលមួយទទួលបានកិច្ចការពារ និងទទួលស្គាល់ជា ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ត្រូវអនុវត្តតាមបែបបទនីតិវិធីដូចមានចែងនៅក្នុងច្បាប់ជាធរមាន ។ យោងតាមមាត្រា៧ នៃច្បាប់ ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ គឺក្រុមផលិតករ ប្រតិបត្តិករ ស្ថាប័ន និង/ឬបុគ្គលពាក់ព័ន្ធ ដែលមានបំណងចុះបញ្ជីត្រូវរៀបចំបង្កើតសមាគមសម្គាល់ភូមិសាស្រ្តទំនិញ ដោយផ្អែកលើតំបន់ភូមិសាស្រ្តដែលផលិតផល ឬកសិផល ដែលជាកម្មវត្ថុនៃការចុះបញ្ជីនោះស្ថិតនៅ ។ បន្ថែមទៀតនោះ សមាគមនេះចាំបាច់ត្រូវមានលក្ខន្តិកៈ ដោយលក្ខន្តិកៈនេះត្រូវយកទៅតម្កល់ទុកនៅក្រសួងពាណិជ្ជកម្ម ហើយគោលបំណង់ក្នុងការធ្វើវាឡើងគឺ ដើម្បីគ្រប់គ្រង និងចាត់ចែងការងាររបស់ខ្លួនក្នុងគោលដៅមិនស្វែងរកប្រាក់ចំណេញ ។ ហើយសមាគមនេះក៏ចាំបាច់ត្រូវមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងត្រូវធានាថាសមាជិកនៅក្នុងសមាគមនឹងអនុវត្តតាមសៀវភៅបន្ទុក និងកាតព្វកិច្ចផ្សេងទៀតតាមការកំណត់របស់ច្បាប់ ។ ក្រៅពីនេះអ្នកដាក់ពាក្យសុំក៏ត្រូវបំពេញតាមលក្ខខណ្ឌដូចជា ត្រូវផ្តល់ភស្តុតាងបញ្ជាក់ពីលទ្ធភាពរបស់ខ្លួនដើម្បីការពារម៉ាកសម្គាល់ភូមិសាស្រ្ត និងត្រូវផ្តល់ឯកសារមួយចំនួនទៀតទៅអគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិចារណាអំពីការទទួលស្គាល់សមាគម ។
ចំពោះពាក្យសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ អ្នកដាក់ពាក្យសុំត្រូវបំពេញបែបបទនីតិវិធីដូចមានចែងក្នុងប្រការ៨ នៃប្រកាស ស្តីពី នីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដូចជា៖
១.អនុលោមតាមមាត្រា៨ នៃច្បាប់ អ្នកដាក់ពាក្យសុំ ឬភ្នាក់ងារតំណាង ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ។
២.ពាក្យស្នើសុំត្រូវធ្វើជាភាសាខ្មែរ ឬភាសាអង់គ្លេស ។ ឯកសារតម្រូវសម្រាប់ការស្នើសុំចុះបញ្ជីប្រសិនបើមិនបានធ្វើឡើងជាភាសាខ្មែរ ឬភាសាអង់គ្លេស ត្រូវភ្ជាប់មកជាមួយនូវ ការបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ។
៣.ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្រាប់ការសម្គាល់ភូមិសាស្រ្តត្រូវមាន៖
ក. ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ដូចមានចែងក្នុងប្រការ ៨ នៃប្រកាសនេះ
ខ. ឈ្មោះ និងអាសយដ្ឋានរបស់អ្នកដាក់ពាក្យសុំ
គ. ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្ត
ឃ. គំរូប្រភេទទំនិញដែលគ្រប់ដណ្តប់ដោយពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត
ង. សៀវភៅបន្ទុកដូចមានចែងក្នុងប្រការ ១០ នៃប្រកាសនេះ
ច. សេចក្តីសង្ខេបនៃសៀវភៅបន្ទុក
ឆ. វិក័យបត្របង់កម្រៃសេវា
ជ. ឯកសារពាក់ព័ន្ធផ្សេងៗទៀតទាក់ទងទៅនឹងការស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត ។ ចំពោះការស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តបរទេសដូចមានចែងក្នុងជំពូកទី៥ នៃច្បាប់ត្រូវភ្ជាប់បន្ថែមមកនូវភស្តុតាងបញ្ជាក់ថា ឈ្មោះផលិតផលនោះត្រូវបានការពារក្នុងប្រទេសដើម ។
បន្ថែមទៀតនោះ នៅប្រកាស ស្តីពី នីតិវិធីចុះបញ្ជី និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដដែលនេះក៏បានបញ្ជាក់អំពីចំណុចសំខាន់ៗ នៃពាក្យស្នើសុំទាក់ទងនឹងម៉ាកសម្គាល់ភូមិសាស្រ្តនេះដូចជា ព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់ដោយមន្រ្តីកាន់កាប់បញ្ជី ព័ត៌មានពាក់ព័ន្ធនឹងអ្នកដាក់ពាក្យសុំ ប្រភេទផ្សេងៗនៃពាក្យស្នើសុំដូចជា ពាក្យសុំចុះបញ្ជី ពាក្យសុំកែសម្រួលម៉ាកសម្គាល់ ពាក្យសុំមោឃភាព ឬលុបចោល ជាអាទិ៍។ ក្រៅពីនេះ ឈ្មោះ និមិត្តសញ្ញា ឬសញ្ញានៃម៉ាកសម្គាល់ភូមិសាស្រ្ត ប្រភេទទំនិញ សេចក្តីពិពណ៌នាអំពីផលិតផល ជំពូកដែលទំនិញស្ថិតនៅ តំបន់ភូមិសាស្រ្ត រួមទាំងចំណុចផ្សេងៗដែលមានចែងក្នុងប្រការ៩ នៃប្រកាសនេះក៏ជាចំណុចសំខាន់ដែលត្រូវមានក្នុងពាក្យស្នើសុំចុះបញ្ជីដែរ ។
បន្ទាប់ពីទទួលបានពាក្យសុំចុះបញ្ជីរួចរាល់ ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការពិនិត្យទៅលើពាក្យសុំនោះក្នុងរយៈពេលយ៉ាងយូរ ៤៥ (សែសិបប្រាំ) ថ្ងៃ ។ ក្នុងករណីដែលពិនិត្យឃើញថាពាក្យសុំមានភាពត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ ក្រសួងពាណិជ្ជកម្មត្រូវចេញលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំនោះជាផ្លូវការ ។ ប៉ុន្តែក្នុងករណីដែលពិនិត្យឃើញថាពាក្យសុំនោះមិនទាន់ត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់ទេ ក្រសួងពាណិជ្ជកម្មត្រូវចេញលិខិតដើម្បីឱ្យអ្នកដាក់ពាក្យសុំធ្វើការបំពេញបន្ថែម ឬកែតម្រូវ ដោយអ្នកដាក់ពាក្យសុំមានរយៈពេលសម្រាប់កែតម្រូវចំនួន ០៦ (ប្រាំមួយ) ខែ បន្ទាប់ពីចេញលិខិត ។ ហើយប្រសិនបើក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែនេះ អ្នកដាក់ពាក្យសុំមិនបានធ្វើការបំពេញបន្ថែម ឬកែតម្រូវ ឬមានការឆ្លើយតប ឬមានការពន្យល់ណាមួយទេ អ្នកដាក់ពាក្យសុំត្រូវបានចាត់ទុកថាលះបង់សិទ្ធបំពេញបន្ថែម ឬកែតម្រូវ ។
ប៉ុន្តែប្រសិនបើមានសំណូមពរសមហេតុផល ពីអ្នកដាក់ពាក្យសុំក្រសួងពាណិជ្ជកម្មអាចអនុញ្ញាតឱ្យអ្នកដាក់ពាក្យសុំពន្យារពេលសម្រាប់បំពេញបន្ថែម ឬកែតម្រូវចំនួន ០៦ (ប្រាំមួយ) ខែ ទៀតបាន ។ បន្ទាប់ពីអ្នកដាក់ពាក្យសុំបានបំពេញបន្ថែម ឬកែតម្រូវរួចរាល់ហើយ ក្រសួងពាណិជ្ជកម្មត្រូវពិនិត្យ និងឆ្លើយតបក្នុងរយៈពេលយ៉ាងយូរ ៤៥ (សែសិបប្រាំ) ថ្ងៃ ។
បន្ទាប់ពីបានពិនិត្យឃើញថា ពាក្យស្នើសុំចុះបញ្ជីមានភាពត្រឹមត្រូវតាមលក្ខខណ្ឌច្បាប់ ក្រសួងពាណិជ្ជកម្មត្រូវចុះបញ្ជី និងចេញវិញ្ញាបនបត្រជូនអ្នកដាក់ពាក្យ ស្របតាមបញ្ញត្តិមាត្រា ១២ នៃច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ។ ជាឧទាហរណ៍៖ ក្រសួងពាណិជ្ជកម្មបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសម្រាប់ "ក្តាមថ្មកោះកុង" កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ជូនដល់អ្នកដាក់ពាក្យសុំ ដែលបានបំពេញបែបបទ និងនីតិវិធីត្រឹមត្រូវតាមច្បាប់កំណត់ ។
គួរបញ្ជាក់ផងដែរថានៅពេលដែលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របតាមបទប្បញ្ញត្តិច្បាប់ នាំឱ្យម្ចាស់ម៉ាកដែលបានចុះបញ្ជី មានសិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនោះ ។ បន្ថែមពីនេះម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ច ចំពោះបុគ្គលណាដែលប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដោយគ្មានការយល់ព្រម និងមានសិទ្ធិប្តឹងសមាជិកណាម្នាក់ នៃសមាគមដែលបានប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដូចមានចែងនៅក្នុងច្បាប់ ។
សរុបមក ដើម្បីទទួលបានការទទួលស្គាល់ ការការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ចាំបាច់ត្រូវបំពេញបែបបទ នីតិវិធីដូចមានចែងក្នុងច្បាប់ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដើម្បីជៀសវាងនូវការប្រើប្រាស់ដោយបំពាន ឬគ្មានការអនុញ្ញាតពីម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា ឡុង កាន់បុទុម្ពរ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕





