យល់ដឹងផ្នែកច្បាប់៖ នីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ
03-05-2026 14:38
(ភ្នំពេញ)៖ ការរស់នៅតំបន់ទីក្រុងរបស់ប្រជាជនមានការកើនឡើង ខណៈដីធ្លីមានទំហំតូចចង្អៀត ជាហេតុនាំឱ្យអគារសហកម្មសិទ្ធិក្លាយជាជម្រើសដ៏ពេញនិយម និងផ្តល់នូវភាពងាយស្រួលក្នុងការរស់នៅដល់ប្រជាជនខ្មែរ និងជនបរទេសដែលមកធ្វើសកម្មភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា ។ អគារសហកម្មសិទ្ធិសំដៅលើអគារ ឬសំណង់ ដែលមានកម្មសិទ្ធិករច្រើននាក់រស់នៅដូចជា ភូមិគ្រឹះ ពាក់កណ្ដាលភូមិគ្រឹះ ផ្ទះល្វែងដែលមានច្រើនល្វែងនិងមានជាន់ជាប់ៗគ្នា ខុនដូរ ប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា ។ ជាមួយគ្នានេះ មានតែអគារសហកម្មសិទ្ធិដែលបានសាងសង់នូវគ្រឿងផ្គុំសំណង់អគារទាំងមូល១០០%និងបានរៀបចំខណ្ឌជញ្ជាំងចំណែកឯកជនរួចរាល់តាមប្លង់អនុញ្ញាត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានប៉ុណ្ណោះ ទើបអាចចុះបញ្ជីចំណែកឯកជនបាន ។
ដើម្បីសិក្សាស្វែងយល់អំពីនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមានដំណើរការបែបណានោះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “នីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម៖
មុននឹងចូលដល់នីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ យើងត្រូវយល់អត្ថន័យនៃពាក្យ ចំណែកឯកជន និងចំណែករួម ជាមុនសិន ។ ចំណែកឯកជន សំដៅដល់ចំណែកនៃអគារសហកម្មសិទ្ធិ ដែលស្ថិតនៅក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ រីឯចំណែករួម សំដៅដល់រាល់ចំណែកនៃអគារសហកម្មសិទ្ធិ ដែលត្រូវចាត់ជាកម្មវត្ថុសម្រាប់ការប្រើប្រាស់ ឬជាប្រយោជន៍នៃសហកម្មសិទ្ធិករទាំងអស់ មានជាអាទិ៍ ដី ទីធ្លា ជណ្តើរ ឧទ្យាន និងសួនច្បារ ផ្លូវ ច្រកចេញ-ចូល ជញ្ជាំងអឌ្ឍសិទ្ធិ ទីកន្លែងនៃសេវាកម្មរួម ។
យោងតាមអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ ស្ដីពីការកែសម្រួលមាត្រា១៦ និងមាត្រា១៧ នៃអនុក្រឹត្យលេខ១២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងនិងប្រើប្រាស់អគារសហកម្មសិទ្ធិ បានបញ្ញាត្តិថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចធ្វើការចុះបញ្ជីនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិជូនសហកម្មសិទ្ធិករទាំងអស់ ។ ការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិត្រូវដំណើរការដូចតទៅ៖
១- សហកម្មសិទ្ធិករចំណែកឯកជននៃអគារសហកម្មសិទ្ធិត្រូវស្នើសុំចុះបញ្ជីចំណែកឯកជនរបស់ខ្លួននៅរដ្ឋបាលសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ។ សហកម្មសិទ្ធិករត្រូវបំពេញពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដោយបញ្ជាក់ច្បាស់អំពីអត្តសញ្ញាណនិងព័ត៌មានទាំងឡាយនៃចំណែកឯកជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវភ្ជាប់មកជាមួយនូវ៖ លិខិតអនុញ្ញាតសាងសង់ វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ ឬលិខិតបិទការដ្ឋានសំណង់ ឬលិខិតបញ្ជាក់ការសាងសង់សម្រេចបាន ឯកសារប្លង់សា្ថបត្យកម្មលម្អិតនៃអគារសហកម្មសិទ្ធិដោយបញ្ជាក់អំពីចំនួនជាន់ ចំនួនចំណែកឯកជនដោយមានលេខយោងនិងព័ត៌មានចំនួនចំណែកនៃអគារ បទបញ្ជាផ្ទៃក្នុង ឯកសារបញ្ជាក់អំពីអត្តសញ្ញាណសហកម្មសិទ្ធិករ និងឯកសារពាក់ព័ន្ធផ្សេងទៀតប្រសិនបើមាន ។
២- ពាក្យស្នើសុំត្រូវយកទៅដាក់នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ដែលអគារសហកម្មសិទ្ធិនោះស្ថិតនៅ ។ មន្រ្ដីទទួលបន្ទុកត្រូវចេញបង្កាន់ដៃទទួលពាក្យជូនអ្នកស្នើសុំ ។
៣- ក្រោយពេលទទួលពាក្យស្នើសុំចុះបញ្ជីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យទម្រង់និងឯកសារភ្ជាប់ឱ្យបានត្រឹមត្រូវ ហើយបញ្ជូនពាក្យស្នើសុំចុះបញ្ជីនេះទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ក្នុងរយៈពេល៣(បី)ថ្ងៃនៃថ្ងៃធ្វើការយ៉ាងយូរ ដើម្បីពិនិត្យនិងសម្រេចឱ្យអនុវត្តដំណើរការចុះបញ្ជី ។
៤- មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចក្នុងរយៈពេល៣(បី)ថ្ងៃនៃថ្ងៃធ្វើការលើពាក្យស្នើសុំចុះបញ្ជីនេះ ។
៥- ក្រោយពីមន្ទីរសម្រេចឱ្យអនុវត្តដំណើរការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការជូនដំណឹងរយៈពេល១(មួយ)សប្ដាហ៍មុនកាលបរិច្ឆេទនៃការចុះប្រមូលទិន្នន័យ ។
៦- មន្រ្ដីជំនាញនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេល១(មួយ)សប្ដាហ៍យ៉ាងយូរត្រូវចុះសហការជាមួយមន្រ្តីឃុំ សង្កាត់ អ្នកអភិវឌ្ឍអចលនវត្ថុឬតំណាងនិងសហកម្មសិទ្ធិករដើម្បីប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យនៅទីតាំងជាក់ស្ដែងដើម្បីបំពេញទម្រង់បែបបទប្រមូលទិន្នន័យ ។
៧- ក្រោយប្រមូលទិន្នន័យជាក់ស្ដែងអំពីចំណែកឯកជននៃអគារសហកម្មសិទ្ធិរួច មន្រ្តីជំនាញនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនសំណុំឯកសារទាំងអស់និងលើកយោបល់ក្នុងរយៈពេល១(មួយ)សប្ដាហ៍ទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ដើម្បីពិនិត្យនិងសម្រេចឱ្យបិទផ្សាយទិន្នន័យជាសាធារណៈ ។ ប្រសិនបើមានភាពមិនច្បាស់លាស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត អាចស្វែងរកព័ត៌មានបន្ថែមឬចាត់តាំងមន្រ្តីជំនាញដើម្បីចុះស៊ើបអង្កេតឬបញ្ជាក់បន្ថែមក្នុងរយៈពេល១(មួយ)សប្ដាហ៍យ៉ាងយូរ ។
៨- ក្រោយពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត បានសម្រេចឱ្យបិទផ្សាយជាសាធារណៈនូវទិន្នន័យដែលប្រមូលបានរួចហើយ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌត្រូវបិទផ្សាយជាសាធារណៈនូវលទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល១(មួយ)សប្ដាហ៍ដើម្បីឱ្យសហកម្មសិទ្ធិករទាំងអស់និងអ្នកមានផលប្រយោជន៍អាចតវ៉ាឬស្នើឱ្យធ្វើការកែតម្រូវ ។ ការបិទផ្សាយជាសាធារណៈត្រូវអនុវត្តនៅទីតាំងអចលនវត្ថុផ្ទាល់និងនៅសាលាឃុំ សង្កាត់ ដែលអចលនវត្ថុនោះស្ថិតនៅ ។ ក្នុងករណីមានការតវ៉ាឬវិវាទ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវព្យាយាមសម្រុះសម្រួលស្វែងរកការឯកភាពគ្នា ។ ក្នុងករណីមិនអាចរកការស្រុះស្រួលគ្នាបាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនករណីវិវាទនេះទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ។
៩- ផុតរយៈពេលនៃការបិទផ្សាយប្រសិនបើគ្មានបណ្ដឹងតវ៉ា ឬប្រសិនបើរាល់វិវាទត្រូវបានដោះស្រាយរួចរាល់ហើយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវធ្វើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិតាមការស្នើសុំរបស់សហកម្មសិទ្ធិករក្នុងរយៈពេល១(មួយ)សប្ដាហ៍យ៉ាងយូរ ។
ដោយឡែក យោងតាមប្រការ៤ នៃប្រកាសលេខ ០៥០ ដនស/ ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (អគារដែលសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧) ក៏អាចដាក់ពាក្យស្នើសុំចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិរបស់ខ្លួនដោយត្រូវមានឯកសារសំខាន់ៗដូចជា៖ (១) ពាក្យស្នើសុំចុះបញ្ជី ចំនួន ១ ច្បាប់ (២) ឯកសារបញ្ជាក់អត្តសញ្ញាណសហកម្មសិទ្ធិករម្នាក់ៗ(ថតថម្លង) ចំនួន ២ ច្បាប់ និង(៣) ឯកសារបញ្ជាក់ការកាន់កាប់ស្របច្បាប់លើអចលនវត្ថុ(ថតថម្លង)ប្រសិនបើមាន ចំនួន ២ ច្បាប់ ។ ចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អាចត្រូវបានចុះបញ្ជីបំពេញបន្ថែមតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ហើយប្លង់ដែលទទួលបានគឺ វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ (ប្លង់រឹង) ។
សរុបជារួមមក នីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ជាដំណើរការសំខាន់មួយក្នុងការគ្រប់គ្រង និងផ្តល់នូវសុវត្ថិភាពគតិយុត្តចំពោះម្ចាស់នៃចំណែកឯកជននៃអគារសហកម្មសិទ្ធិឱ្យមានលក្ខណៈច្បាស់លាស់ និងជួយកាត់បន្ថយវិវាទ ព្រមទាំងមានគោលបំណងដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់ទាំងអស់ ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា ប៊ិន សុគន្ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



