យល់ដឹងផ្នែកច្បាប់៖ បទចូលរួមក្នុងក្រុមឧក្រិដ្ឋជន
10-05-2026 15:52
(ភ្នំពេញ)៖ នៅក្នុងសង្គមបច្ចុប្បន្ន បញ្ហាគ្រឿងញៀននៅតែជាបញ្ហាដ៏ស្មុគស្មាញ និងពិបាកដោះស្រាយ ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខុមាលភាពសង្គម និងអនាគតយុវជន ។ ជាក់ស្តែង មានករណីជាច្រើនដែលសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន មិនមែនកើតឡើងដោយបុគ្គលតែម្នាក់ទេ ប៉ុន្តែជាការសហការរវាងមនុស្សជាច្រើន ដែលមានតួនាទីផ្សេងៗគ្នាដូចជា អ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកដឹកជញ្ជូន អ្នកចែកចាយ និងអ្នកជួយលាក់បាំង។ យើងអាចសង្កេតឃើញថា មានករណីមួយចំនួនដែលបុគ្គលមួយក្រុមបានសហការគ្នាធ្វើសកម្មភាពខុសច្បាប់រួមមាន ការលួច ការបោកប្រាស់តាមប្រព័ន្ធអនឡាញ ឬការចែកចាយសារធាតុញៀនខុសច្បាប់ជាដើម ។
សកម្មភាពទាំងនេះមិនត្រឹមតែធ្វើឡើងដោយបុគ្គលតែម្នាក់ទេ ប៉ុន្តែភាគច្រើនកើតឡើងដោយមានការរៀបចំជាក្រុមមាន អ្នកដឹកនាំ អ្នកអនុវត្ត និងអ្នកគាំទ្រនៅពីក្រោយ ។ នៅពេលខ្លះបុគ្គលមួយចំនួនបានចូលរួមដោយមិនបានយល់ដឹងពេញលេញអំពីផលវិបាកផ្លូវច្បាប់ ឬគិតថាការជួយបន្តិចបន្តួចមិនបង្កបញ្ហាធ្ងន់ធ្ងរនោះទេ ។ ទោះបីជាយ៉ាងណា សកម្មភាពទាំងនេះអាចនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងជនរងគ្រោះ គ្រួសារ និងសង្គមជាតិទាំងមូល ។
ហេតុដូចនេះ តើការចូលរួមក្នុងក្រុមឧក្រិដ្ឋជនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ ឬទេ? ហើយបទល្មើសនេះត្រូវទទួលការផ្តន្ទាទោសអ្វីខ្លះ?
ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី “បទចូលរួមក្នុងក្រុមឧក្រិដ្ឋជន” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ដូចខាងក្រោម៖
ជាការឆ្លើយតបទៅនឹងបញ្ហាសង្គមពាក់ព័ន្ធនឹងការដាំ ការផលិត ការរក្សាទុក ការដឹកជញ្ជូន និងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់វិធានការ (១) បង្រា្កបការដាំដុះ ការផលិត ការជួញដូរ ការចរាចរ ការរក្សាទុក និងការចែកចាយនូវគ្រឿងញៀនខុសច្បាប់ (២) ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (៣) ព្យាបាល ស្តារនីតិសម្បទា និងធ្វើសមាហរណកម្មអ្នកញៀនគ្រឿងញៀនចូលក្នុងសង្គមវិញ (៤) ការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង (៥) រួមចំណែកការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម តាមរយៈច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ហេតុដូចនេះ ដើម្បីឱ្យវិធានការខាងលើអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ញត្តិពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលទាំងឡាយណា ដែលបានចូលរួមក្នុងក្រុមឧក្រិដ្ឋជនក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀននឹងត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទចូលរួមក្នុងក្រុមឧក្រិដ្ឋជន តាមបញ្ញត្តិមាត្រា ៥៩ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។ ក្រុមឧក្រិដ្ឋជន គឺជាក្រុមមនុស្សចាប់ពី ៣ (បី) នាក់ឡើងទៅ ដែលត្រូវបានបង្កើតឡើងដោយមានអង្គការចាត់តាំងជារចនាសម្ព័ន្ធ ទោះជាផ្លូវការ ឬមិនផ្លូវការក៏ដោយ ដើម្បីប្រព្រឹត្តបទល្មើសក្នុងច្បាប់នេះ ។ អំពើចូលរួមក្នុងក្រុមឧក្រិដ្ឋជននេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០0 (ដប់លាន) រៀល ។ ចំណែកឯ មេដឹកនាំក្រុមឧក្រិដ្ឋជននឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ត្រូវទ្វេឡើង (មាត្រា ៦០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន) ។
សរុបមក ការចូលរួមប្រព្រឹត្តបទល្មើសគ្រឿងញៀនដោយផ្ទាល់ ឬដោយប្រយោលក្តី គឺជាអំពើខុសច្បាប់ និងត្រូវបានសង្គមស្អប់ខ្ពើម ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។ ដូចនេះ បុគ្គលទាំងអស់ត្រូវឆ្លើយថា “ទេ” ចំពោះគ្រឿងញៀន ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



