យល់ដឹងផ្នែកច្បាប់៖ ការដកសញ្ជាតិខ្មែរ
07-06-2026 13:52
(ភ្នំពេញ)៖ សញ្ជាតិ គឺជាចំណងគតិយុត្តដែលភ្ជាប់បុគ្គលម្នាក់ទៅនឹងរដ្ឋអធិបតេយ្យ ដែលផ្តល់នូវសិទ្ធិ និងកាតព្វកិច្ចពេញលេញក្នុងការរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ។ ក្នុងស្មារតីពង្រឹងនីតិរដ្ឋ និងការពារឧត្តមប្រយោជន៍ជាតិ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំ និងធ្វើបច្ចុប្បន្នភាពនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសញ្ជាតិជាបន្តបន្ទាប់។
ការយល់ដឹងអំពីលក្ខខណ្ឌ និងបែបបទនៃការដកសញ្ជាតិ គឺជាកិច្ចការដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីជ្រាបជាព័ត៌មានអំពីសិទ្ធិ និងកាតព្វកិច្ច
ផ្លូវច្បាប់ក្នុងនាមជាម្ចាស់សញ្ជាតិ។ ដូច្នេះតើបុគ្គលប្រភេទណាខ្លះដែលស្ថិតក្នុងវិសាលភាពនៃការដកសញ្ជាតិខ្មែរ? ហើយ
តើការដកសញ្ជាតិខ្មែរត្រូវអនុវត្តក្រោមលក្ខខណ្ឌយ៉ាងដូចម្តេច?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “ការដកសញ្ជាតិខ្មែរ” មកធ្វើការចែករំលែកជូនសាធារណជន ដូចខាងក្រោម៖
យោងតាមស្មារតីមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីលទ្ធភាពនៃការដកសញ្ជាតិខ្មែរ ដែលត្រូវកំណត់ក្នុងច្បាប់។ អនុលោមតាមបញ្ញត្តិនេះ ច្បាប់ស្តីពីសញ្ជាតិត្រូវបានធ្វើវិសោធនកម្ម ហើយអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់ឱ្យអនុវត្ត ដោយកំណត់បុគ្គលដែលស្ថិតក្នុងវិសាលភាពនៃការដកសញ្ជាតិខ្មែរ គឺជាបុគ្គលគ្រប់រូបដែលមានសញ្ជាតិខ្មែរ អាចជាប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរពីកំណើត ឬពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម។
មាត្រា៤០ នៃអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ បានកំណត់អំពីលក្ខខណ្ឌនៃការដកសញ្ជាតិខ្មែរពីកំណើតថា អនុលោមតាមបញ្ញត្តិនៃមាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរ អាចធ្វើទៅបានក្នុងករណីណាមួយ ដូចខាងក្រោម៖
១- ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
៤- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋនិងអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរពីកំណើតអាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែររូបនោះមានអាយុ១៨ (ដប់ប្រាំបី) ឆ្នាំយ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែររូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀតឬទទួលបានការគាំពារពីរដ្ឋបរទេស។ ការដកសញ្ជាតិខ្មែរពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត។
គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ដែលសរសេរជាអក្សរកាត់ថា «គ.ជ.ដ.ខ.» ត្រូវបានបង្កើតឡើង ជាយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យ ស្រាវជ្រាវ វាយតម្លៃ និងផ្តល់យោបល់ ជូនរាជរដ្ឋាភិបាលលើការដកសញ្ជាតិខ្មែរពីកំណើត ចំពោះប្រជាពលរដ្ឋខ្មែរដែលបានប្រព្រឹត្តអំពើល្មើសដូចមានចែងខាងលើនេះ (មាត្រា៤១ នៃអនុក្រឹត្យនេះ)។
ការដកសញ្ជាតិខ្មែរពីកំណើតពីប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិខ្មែរពីកំណើត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានយោបល់ពី គ.ជ.ដ.ខ. (មាត្រា៤៩ ដល់មាត្រា៥១ នៃអនុក្រឹត្យនេះ)។
បន្ថែមពីនេះ មាត្រា៥២ នៃអនុក្រឹត្យដដែល ក៏បានកំណត់អំពីលក្ខខណ្ឌនៃការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្មថា អនុលោមតាមបញ្ញត្តិនៃមាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួល បានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម អាចធ្វើទៅបានក្នុងករណីណាមួយ ដូចខាងក្រោម៖
១- ប្រព្រឹត្តអំពើក្បត់ជាតិឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ។
៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
៤- បានទទួលសញ្ជាតិខ្មែរដោយការក្លែងបន្លំឬការផ្តល់ព័ត៌មានមិនពិត។
៥- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិខ្មែរដោយការទាមទារសញ្ជាតិនិងដោយសញ្ជាតូបនីយកម្ម ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលបានរបាយការណ៍លម្អិតអំពីលទ្ធផលនៃការស្រាវជ្រាវនិងវាយតម្លៃដោយភ្ជាប់នូវយោបល់ពីក្រសួងមហាផ្ទៃ (មាត្រា៥៣ ដល់មាត្រា៥៦ នៃអនុក្រឹត្យនេះ)។
សរុបសេចក្តីមក ការដកសញ្ជាតិ គឺជាវិធានការគតិយុត្តដ៏តឹងរ៉ឹងបំផុតដែលរដ្ឋប្រើប្រាស់ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ បច្ចុប្បន្នភាពនៃច្បាប់កម្ពុជា បានពង្រីកវិសាលភាពនៃការដកសញ្ជាតិឱ្យកាន់តែមុតស្រួច ដោយរួមបញ្ចូលទាំងបុគ្គលដែលមានសញ្ជាតិខ្មែរពីកំណើត។ នេះសបញ្ជាក់ថា សញ្ជាតិមិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនួលខុសត្រូវដ៏ធំធេងចំពោះជាតិមាតុភូមិផងដែរ។ ការរក្សាភក្តីភាពចំពោះជាតិ ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ណុប សុសីហា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕



