យល់ដឹងផ្នែកច្បាប់៖ ការរលត់ទំនាក់ទំនងញាតិ
14-06-2026 16:04
(ភ្នំពេញ)៖ ទំនាក់ទំនងញាតិតាមផ្លូវច្បាប់ ត្រូវបានបង្កើតឡើងតាម (១) លោហិត ហៅថា ញាតិលោហិតជាញាតិដែលកើតចេញពីតំណពូជតាមធម្មជាតិ ហើយត្រូវបានទទួលស្គាល់ត្រឹម៦ថ្នាក់ ដូចជាឪពុកម្តាយនិងកូន គឺជាញាតិលោហិតខ្សែផ្ទាល់ថ្នាក់ទី១ រីឯបងប្អូនបង្កើតជាសាខាញាតិលោហិតថ្នាក់ទី២ជាដើម។ ក្រៅពីនេះ ទំនាក់ទំនងញាតិអាចកើតឡើងតាមរយៈ (២) ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ពោលគឺប្តីនិងប្រពន្ធ ព្រមទាំងញាតិពន្ធក្នុង៣ថ្នាក់ (សាច់ថ្លៃ) ដូចជាឪពុកម្តាយក្មេក បងប្អូនថ្លៃ កូនចុងជាដើម។ ញាតិក៏អាចកើតឡើងតាមរយៈ (៣) ការយកកូនអ្នកដទៃមកធ្វើជាកូនរបស់ខ្លួនតាមផ្លូវតុលាការ (ស្មុំកូនពេញលេញ និងស្មុំកូនធម្មតា) ផងដែរ។
តើញាតិដែលបានបង្កើតឡើងហើយ អាចរលត់វិញដែរឬទេ?
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី “ការរលត់ទំនាក់ទំនងញាតិ” មកធ្វើការបកស្រាយជូនសាធារណជន សិស្ស និងនិសិ្សត ទាំងអស់គ្នា ដែលមានខ្លឹមសារដូចខាងក្រោម៖
ចំពោះទំនាក់ទំនងញាតិដែលកើតចេញពីតំណពូជតាមធម្មជាតិ (ញាតិលោហិត) ដូចជាទំនាក់ទំនងឪពុកម្តាយនិងកូន មិនអាចបញ្ចប់ ឬរលត់វិញបានទេ។ ឧ. លោក A និង លោកស្រី B មានកូន C អាយុ១៥ឆ្នាំ ។ C ជាក្មេងដែលដើរលេងស៊ីផឹក បងតូចបងធំ ហើយបានវាយធ្វើបាប លោកស្រី B នៅពេលដែលគាត់ស្តីបន្ទោស ដោយមិនអាចទ្រាំបាននឹងទង្វើរបស់ C លោក A និងលោកស្រី B បានធ្វើការប្រកាសជាសាធារណៈថា ពួកគាត់កាត់កាល់កូនឈ្មោះ C លែងត្រូវជាអ្វីនឹងគ្នាទៀតហើយ រាល់ទង្វើរបស់ C ដែលពុំគួរគប្បីណាមួយ ខ្លួនពុំទទួលខុសត្រូវឡើយ។ ជាក់ស្តែង C បានវាយ E បែកក្បាល ហើយ E បានប្តឹងទាមទារសំណងនៃការខូចខាតពីលោក A និងលោកស្រី B ។ ក្នុងករណីនេះ លោក A និងលោកស្រី B គឺជាបុគ្គលដែលមានករណីយកិច្ចត្រួតពិនិត្យអនីតិជន ហេតុនេះប្រសិនបើរកឃើញថា C មានកំហុស លោក A និងលោកស្រី B ត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតដែលកើតឡើងពីអំពើរបស់ C ហើយមិនអាចបដិសេធ ដោយអះអាងអំពីការកាត់កាល់បានទេ ពីព្រោះច្បាប់មិនទទួលស្គាល់ការកាត់កាល់រវាងឪពុកម្តាយ និងកូនបង្កើត ដែលជាញាតិកើតចេញពីតំណពូជតាមធម្មជាតិនោះទេ ។
ផ្ទុយទៅវិញ ចំពោះទំនាក់ទំនងញាតិដែលកើតឡើងតាមរយៈស្មុំកូន ច្បាប់អនុញ្ញាតឱ្យមានការបញ្ចប់ទំនាក់ទំនងញាតិដោយការកាត់កាល់។ ចំពោះស្មុំកូនពេញលេញ ច្បាប់ទទួលស្គាល់ឱ្យកូនសុំអាចកាត់កាល់ឪពុកម្តាយចិញ្ចឹម ហេតុនេះ ទោះបីជា កូនសុំបានធ្វើទង្វើមិនល្អចំពោះឪពុកម្តាយចិញ្ចឹម ក៏ដោយ ក៏ឪពុកម្តាយចិញ្ចឹម មិនអាចកាត់កាល់កូនសុំបានដែរ។ ប៉ុន្តែចំពោះករណីស្មុំកូនធម្មតាឪពុកម្តាយចិញ្ចឹម និងកូនសុំ អាចកាត់កាល់គ្នាបាន តាមរយៈបណ្តឹងទាមទារកាត់កាល់ ឬពាក្យសុំកាត់កាល់ (ព្រមព្រៀង)។
សរុបមក ការផ្តាច់ទំនាក់ទំនងញាតិតាមការកាត់កាល់អាចអនុវត្តបាន ចំពោះករណីស្មុំកូនតែប៉ុណ្ណោះ ដោយពិចារណាស្មុំកូនពេញលេញ អនុញ្ញាតឱ្យកូនសុំកាត់កាល់ឪពុកម្តាយចិញ្ចឹម ប៉ុន្តែចំពោះស្មុំកូនធម្មតា ទាំងឪពុកម្តាយចិញ្ចឹម និងកូនសុំ អាចកាត់កាល់គ្នាបាន។ ដោយឡែក ចំពោះទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើត មិនអាចកាត់កាល់គ្នាបានទេ ។
ចំពោះទំនាក់ទំនងញាតិដែលកើតឡើងតាមរយៈអាពាហ៍ពិពាហ៍ អាចបញ្ចប់ ឬរលត់វិញបាន តាមរយៈការលែងលះ ។ ឧ. លោក A និងលោកស្រី B លែងលះគ្នា ពួកគេនឹងក្លាយជាអ្នកដទៃ ហើយឪពុកម្តាយក្មេក បងប្អូនថ្លៃជាដើម ក៏ក្លាយជាអ្នកដទៃផងដែរ។ ប៉ុន្តែចំពោះករណីមរណភាព ឧ.លោក A បានទទួលមរណភាព ចំណងអាពាហ៍ពិពាហ៍រវាងលោក A និងលោកស្រី B ត្រូវរលត់ ប៉ុន្តែទំនាក់ទំនងញាតិពន្ធ (សាច់ថ្លៃ ) មិនរលត់ឡើយ លើកលែងតែលោកស្រី B រៀបការប្តីថ្មី ឬបង្ហាញឆន្ទៈបញ្ចប់ទំនាក់ទំនងញាតិពន្ធតាមផ្លូវតុលាការ។




