យល់ដឹងផ្នែកច្បាប់៖ បទល្មើសបច្ចេកវិទ្យា

21-06-2026 13:22

(ភ្នំពេញ)៖ បច្ចុប្បន្ន ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គម បាន និងកំពុងរីកដុះដាលយ៉ាងទូលំទូលាយ ដែលរុញច្រានឱ្យសង្គមឌីជីថលវិវត្តទៅរកភាពជឿនលឿនយ៉ាងខ្លាំង ។ ទោះជាយ៉ាងនេះក្ដី ទន្ទឹមនឹងការទទួលបានផ្លែផ្កា និងភាពរីកចម្រើនទាំងនេះ ប្រព័ន្ធបច្ចេកវិទ្យាក៏អាចក្លាយជា អាវុធមុខពីរផងដែរ ប្រសិនបើគ្មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ព្រោះវាបានបើកឱកាសឱ្យជនខិលខូចទាញយកផលប្រយោជន៍ដោយខុសច្បាប់តាមរយៈរូបភាពជាច្រើន ។ បទល្មើសដែលកើតមានឡើងញឹកញាប់ និងគួរឱ្យកត់សម្គាល់នោះរួមមាន៖ ការបោកប្រាស់តាមអនឡាញ ការលួចចូលគ្រប់គ្រងគណនី (Hack) ព្រមទាំងសកម្មភាពផ្សេងៗដែលរំលោភបំពានលើសិទ្ធិឯកជនភាពជាអាទិ៍ ។ បញ្ហាទាំងនេះ កំពុងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នេះតើអ្វីទៅជាបទល្មើសបច្ចេកវិទ្យា? ហើយតើបុគ្គលម្នាក់ៗគួរមានវិធានការបង្ការ និងយន្តការការពារខ្លួនបែបណាខ្លះ ដើម្បីធានាសុវត្ថិភាពពីការគំរាមកំហែងនៅក្នុងសង្គមឌីជីថល?

ដើម្បីជ្រាបកាន់តែច្បាស់អំពីបញ្ហាខាងលើ នៅក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី “បទល្មើសបច្ចេកវិទ្យា” មកធ្វើការបកស្រាយ និងចែករំលែកជូនសិស្ស និស្សិត ព្រមទាំងសាធារណជន ដូចតទៅ៖

បទល្មើសបច្ចេកវិទ្យា ឬហៅថា បទល្មើសសាយប័រ (Cybercrime) គឺជាអំពើខុសច្បាប់ទាំងឡាយណា ដែលប្រព្រឹត្តឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងឧបករណ៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ ឬទូរស័ព្ទ ។ ផ្អែកលើស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ករណីដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់នោះរួមមាន៖

១. ការលួចចូលគ្រប់គ្រងគណនី (Hack) លើប្រព័ន្ធហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) ឬគណនីធនាគាររបស់អ្នកដទៃដោយខុសច្បាប់ ដើម្បីយកទៅប្រើប្រាស់ ឬស្វែងរកផលប្រយោជន៍ដូចជា ការដើរឆាតខ្ចីប្រាក់ពីអ្នកដទៃ ឬការលួចដកប្រាក់ចេញពីគណនីធនាគាររបស់ជនរងគ្រោះ ។

២. ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams) ដោយប្រើប្រាស់ល្បិចកលបោកបញ្ឆោតគ្រប់រូបភាពតាមអនឡាញ ដូចជា ការផ្ញើសារភូតភរថាឈ្នះរង្វាន់ធំ ការលួងលោមឱ្យវិនិយោគខុសច្បាប់ ឬការបន្លំខ្លួនជាសាច់ញាតិជាដើម ។

៣. ការបរិហារកេរ្តិ៍ និងជម្រិតទារប្រាក់តាមអ៊ីនធឺណិត ដោយធ្វើការបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត ការមួលបង្កាច់ ឬការប្រើប្រាស់រូបភាពកាត់តដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃជាសាធារណៈ ក្នុងគោលបំណងគំរាមកំហែង ឬជម្រិតទារប្រាក់ពីជនរងគ្រោះ ។

សូមបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា (Cybercrime Law) នៅឡើយ ។ ហេតុនេះ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នដែលមានតួនាទីក្នុងការចាត់វិធានការលើបទល្មើសនេះ គឺមិនទាន់យកសេចក្តីព្រាងច្បាប់ខាងលើនេះមកអនុវត្តក្នុងការដោះស្រាយ ឬផ្ដន្ទាទោសលើជនល្មើសនោះទេ ។ ការដោះស្រាយ និងបង្ក្រាបបទល្មើសនាពេលបច្ចុប្បន្ន គឺផ្អែកលើបទប្បញ្ញត្តិជាធរមានផ្សេងៗដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីទូរគមនាគមន៍ ឬច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាអាទិ៍ ដើម្បីធ្វើជាមូលដ្ឋានគតិយុត្តក្នុងការកំណត់ធាតុផ្សំបទល្មើស និងផ្តន្ទាទោសទៅលើជនខិលខូចទាំងនោះ ។

ឧទាហរណ៍៖ - ដំណាក់កាលទី១ (ការលួចគណនី)៖ លោក “ក” បានទទួលសារតាមរយៈតេឡេក្រាម (Telegram) ពីមិត្តភក្តិជិតស្និទម្នាក់ (ដែលគណនីនោះត្រូវបានគេលួច Hack រួចហើយ) ដោយពឹងពាក់ថា៖ «ជួយចុចលីង (Link) នេះម្នាក់មួយផងដើម្បីជួយបោះឆ្នោតឱ្យខ្ញុំប្រកួតរាំយកពិន្ទុ» ឬ «ដើម្បីទទួលបានកញ្ចប់ថវិកាឧបត្ថម្ភ» ។ ភ្លាមៗនោះលោក “ក” ក៏ចុចលើតំណភ្ជាប់នោះ ដែលអាចឱ្យជនខិលខូចមានឱកាសចូលគ្រប់គ្រងគណនីតេឡេក្រាម (Telegram) របស់លោក “ក” បានទាំងស្រុង ។

- ដំណាក់កាលទី២ (ការធ្វើសកម្មភាពឆបោក)៖ បន្ទាប់ពីគ្រប់គ្រងតេឡេក្រាម (Telegram) របស់លោក “ក” បានហើយ ជនខិលខូចមិនទាន់ផ្លាស់ប្តូរលេខទូរស័ព្ទ ឬបិទគណនីនោះភ្លាមៗទេ ។ ពួកគេបានចូលទៅមើលប្រវត្តិនៃការសន្ទនា (Chat History) ដើម្បីស្វែងរកសាច់ញាតិ ឬមិត្តភក្តិរួមការងារដែលជិតស្និទ្ធបំផុតរបស់លោក “ក” រួចផ្ញើសារទៅខ្ចីប្រាក់ ។ ដោយសារតែជនរងគ្រោះទាំងនោះមានភាពស្និទស្នាល និងគិតថាលោក “ក” មានធុរៈបន្ទាន់ពិតប្រាកដ ទើបពួកគេសម្រេចចិត្តវេរប្រាក់ទៅឱ្យភ្លាមៗ ដោយមិនបានខលទូរស័ព្ទផ្ទៀងផ្ទាត់ជាមុន ។ ប្រាក់ទាំងនោះ ត្រូវបានផ្ទេរចូលទៅកាន់គណនីធនាគាររបស់ជនខិលខូច ឬគណនីដែលពួកគេបានជួលពីអ្នកដទៃបានដោយជោគជ័យ ។

សកម្មភាពនៅក្នុងឧទាហរណ៍ខាងលើនេះ គឺជា «បទឆបោក» ដែលមានចែងនៅក្នុងមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយយោងតាមមាត្រានេះ បានឱ្យនិយមន័យនៃអំពើឆបោកថា ៖ គឺជាអំពើបន្លំចំពោះរូបវ័នបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖

១. ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។

២. ការផ្គត់ផ្គង់សេវា ។

៣. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច ។

ចំពោះជនណាដែលបានប្រព្រឹត្តដូចមានចែងក្នុងមាត្រា ៣៧៧ ខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។

ដើម្បីចៀសវាងការធ្លាក់ក្នុងអន្ទាក់ និងកុំឱ្យក្លាយជាជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា លោកអ្នកគួរអនុវត្តនូវវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. ផ្ទៀងផ្ទាត់ព័ត៌មានមុននឹងវេរប្រាក់៖ ហាមជឿលើសារសុំខ្ចីប្រាក់ ឬពឹងពាក់ឱ្យវេរប្រាក់តាមតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) ភ្លាមៗ ។ ដាច់ខាតត្រូវខលទូរស័ព្ទ (Voice/Video Call) ទៅកាន់សាមីខ្លួនផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់សំឡេង និងសួរនាំព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ។

២. បង្កើនកម្រិតសុវត្ថិភាពគណនី៖ ត្រូវបើកមុខងារផ្ទៀងផ្ទាត់ពីរជាន់ (Two-Step Verification) នៅលើរាល់គណនីបណ្តាញសង្គមរបស់អ្នក ។ មុខងារនេះនឹងទាមទារលេខកូដសម្ងាត់ទីពីរ រាល់ពេលមានការចូលប្រើប្រាស់ (Login) ពីឧបករណ៍ថ្មី ដែលធ្វើឱ្យជនខិលខូចមិនអាចលួចគ្រប់គ្រងគណនីរបស់អ្នកបានឡើយ ទោះបីជាពួកគេដឹងលេខកូដ OTP ក៏ដោយ ។

៣. បង្កើនការប្រុងប្រយ័ត្នលើតំណភ្ជាប់លីង (Link) ប្លែកៗ៖ ហាមចុចលើលីងដែលមិនមានប្រភពច្បាស់លាស់ ដូចជា លីងជួយបោះឆ្នោតប្រកួតប្រជែង លីងចុច Like ទទួលបានប្រាក់រង្វាន់ ឬលីងការងារអនឡាញងាយស្រួលរកប្រាក់ចំណូលខ្ពស់ ជាដើម ទោះបីជាលីងទាំងនោះផ្ញើចេញពីគណនីមិត្តភក្តិជិតស្និទក៏ដោយ ព្រោះគណនីរបស់ពួកគេអាចនឹងត្រូវគេលួច (Hack) រួចបាត់ទៅហើយ ។

៤. កុំផ្តល់ឯកសារផ្ទាល់ខ្លួនឱ្យអ្នកដទៃដាច់ខាតដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬឯកសារផ្ទាល់ខ្លួនផ្សេងទៀត ទៅឱ្យអ្នកដទៃយកទៅប្រើប្រាស់ ជាពិសេសការយកទៅទិញស៊ីមកាតទូរស័ព្ទ ឬបើកគណនីធនាគារ ។ ប្រសិនបើជនខិលខូចយកគណនីទាំងនោះទៅធ្វើសកម្មភាពល្មើសច្បាប់ លោកអ្នកនឹងត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដោយខានមិនបាន ។

សរុបមក ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់ទាំងភាពរីកចម្រើន និងបង្កជាហានិភ័យខ្ពស់តាមរយៈបទល្មើសបច្ចេកវិទ្យា (Cybercrime) ។ តាមការចុះផ្សាយព័ត៌មាន និងការសិក្សា បានបង្ហាញឱ្យឃើញថា ជនខិលខូចតែងតែឆ្លៀតឱកាសប្រើប្រាស់ចន្លោះប្រហោងនៃការខ្វះការប្រុងប្រយ័ត្ន ព្រមទាំងភាពលោភលន់ ឬភាពស្លន់ស្លោរបស់មនុស្ស ដើម្បីធ្វើជាឧបករណ៍កេងប្រវ័ញ្ចផលប្រយោជន៍ហិរញ្ញវត្ថុដោយខុសច្បាប់ ។ ដូច្នេះ ដើម្បីការពារខ្លួនកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃប្រព័ន្ធឌីជីថល លោកអ្នកត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការការពារទិន្នន័យអត្តសញ្ញាណផ្ទាល់ខ្លួន ហាមដាច់ខាតកុំចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ និងត្រូវឧស្សាហ៍តាមដានព័ត៌មានអប់រំផ្សេងៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) ដើម្បីបង្ការ និងស្វែងយល់ពីល្បិចកលថ្មីៗរបស់ជនខិលខូច ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕