យល់ដឹងផ្នែកច្បាប់៖ មត៌កជាដីធ្លី និងសន្តតិជនជាជនបរទេស

05-07-2026 18:24

(ភ្នំពេញ)៖ នៅពេលដែលបុគ្គលណាម្នាក់ទទួលមរណភាព ទ្រព្យសម្បត្តិរបស់បុគ្គលនោះនឹងត្រូវធ្លាក់បន្តទៅ ទាយាទ (សន្តតិជន) របស់ជននោះ។ ទ្រព្យសម្បត្តិទាំងនោះ អាចមានដីធ្លី រថយន្ត ប្រាក់ក្នុងគណនីធនាគារ ភាគហ៊ុន និងបំណុលជាដើម ដែលត្រូវផ្ទេរទៅសន្តតិជនរបស់អ្នកស្លាប់ដោយស្វ័យប្រវត្តិ ប៉ុន្តែចំពោះទ្រព្យសម្បត្តិ ជាដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានកម្រិតចំពោះសន្តតិជនដែលជាជនបរទេសពុំមានសញ្ជាតិខ្មែរ។
តើសន្តតិជនដែលជាជនបរទេស ត្រូវបាត់បង់សិទ្ធិសន្តតិកម្មឬយ៉ាងណា?

ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី “មត៌កដីធ្លី និងសន្តតិជនជាជនបរទេស” មកធ្វើការបកស្រាយជូនសាធារណជន សិស្ស និងនិសិ្សត ទាំងអស់គ្នា ដែលមានខ្លឹមសារដូចខាងក្រោម៖

សន្តតិជនដែលជាជនបរទេស គ្រាន់តែត្រូវបានកម្រិតសិទ្ធិក្លាយជាកម្មសិទ្ធិករចំពោះដីធ្លី ប៉ុន្តែពុំត្រូវបានដកហូតសិទ្ធិសន្តតិកម្មនោះទេ ហេតុនេះត្រូវពិចារណាយ៉ាងហ្មត់ចត់ចំពោះការទទួលបានដីធ្លីដូចខាងក្រោម៖

(១) ស្ថានភាពដែលសន្តតិជនមានច្រើននាក់ ទាំងសន្តតិជនដែលមានសញ្ជាតិខ្មែរ និងសន្តតិជន ជាជនបរទេសដែលពុំមានសញ្ជាតិខ្មែរ ហើយកម្មវត្ថុនៃមត៌កមានច្រើនប្រភេទដូចជា ដីធ្លី និងរថយន្តជាដើម។

ឧ. លោក A បានទទួលមរណភាព ដោយមានប្រពន្ធ B (ជនបរទេស) និងកូន C (សញ្ជាតិខ្មែរ) មានមត៌កជាដី L តម្លៃ $100,000 និងរថយន្តមួយគ្រឿងតម្លៃ $100,000 សរុបតម្លៃទ្រព្យសម្បត្តិទាំងអស់ $200,000។

ករណីនេះ ពុំមានបណ្តាំមត៌កទេ ហេតុនេះ ចំណែកមត៌ករបស់ប្រពន្ធ និងកូន ត្រូវអនុលោមតាមច្បាប់គឺ ទទួលបានចំណែកស្មើៗគ្នា ពោលគឺ១ភាគ២ម្នាក់នៃទ្រព្យសម្បត្តិទាំងអស់របស់លោក A ប៉ុន្តែលោកស្រី B មិនអាចទទួលបានមត៌កជាដីធ្លីបានទេ ហេតុនេះ ដី L ត្រូវធ្លាក់ទៅកូន C តែម្នាក់ ចំណែកឯ លោកស្រី B ត្រូវទទួលបានរថយន្ត (ដែលសន្មតថាមានតម្លៃស្មើគ្នានឹងដី)។

ចុះប្រសិនបើមត៌កមានតែដីធ្លី តើត្រូវសម្រេចបែបណា?

ក្នុងករណីបែបនេះ ដីធ្លីត្រូវធ្លាក់ទៅកូន C ប៉ុន្តែដោយសារតម្លៃដី $100,000 នាំឱ្យ C ទទួលបានចំណែកមត៌កលើសពីចំណែកដែលខ្លួនត្រូវទទួល ហេតុនេះ C ត្រូវបង់តម្លៃទៅតាមចំណែកមត៌ក ដែលលោកស្រី B ត្រូវទទួលគឺ $50,000 (ស្មើនឹងចំណែក ១ភាគ២ នៃដី L) ទើបមានភាពត្រឹមត្រូវតាមច្បាប់។

(២) ស្ថានភាពដែលសន្តតិជនទាំងអស់ពុំមានសញ្ជាតិខ្មែរ ហើយកម្មវត្ថុនៃមត៌ក គឺជាដីធ្លី។ ក្នុងករណីដែលសន្តតិជនទាំងអស់ ជាជនបរទេសដែលពុំមានសញ្ជាតិខ្មែរ ពួកគេមិនអាចធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើដីធ្លីបានទេ ដីធ្លីនោះត្រូវក្លាយជានីតិបុគ្គល (ក្នុងសៀវភៅចុះបញ្ជីដាក់ថា នីតិបុគ្គលមត៌ក A) ដែលផ្តល់សិទ្ធិឱ្យសន្តតិជនដែលជាជនបរទេសនោះ គ្រប់គ្រង និងចាត់ចែងលក់ដីធ្លីក្នុងអំឡុងពេល៣ខែ គិតចាប់ពីពេល
ដែលសន្តតិជនធ្វើជម្រើសសន្តតិកម្ម (យល់ព្រមទាំងស្រុងចំពោះសន្តតិកម្ម ឬយល់ព្រមដោយកម្រិតចំពោះសន្តតិកម្ម) ហើយយកប្រាក់ថ្លៃលក់មកចែកគ្នា។

ឧ. លោក A បានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយបន្សល់ទុកនូវដី L ហើយមានសន្តតិជនចំនួន ២នាក់ គឺលោកស្រី B ជាប្រពន្ធ ពុំមានសញ្ជាតិខ្មែរ និងកូន C ពុំមានសញ្ជាតិខ្មែរ (ចូលសញ្ជាតិបរទេសដោយបោះបង់សញ្ជាតិខ្មែរ)។ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកទាំងពីរបានយល់ព្រមទទួលសន្តតិកម្មទាំងស្រុង ហើយបានចាត់ចែងលក់ដី L ឱ្យទៅ D ក្នុងតម្លៃ $50,000 នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ក្នុងករណីនេះ លោកស្រី B និងកូន C ទទួលបានចំណែកមត៌កចំនួន $25,000 ម្នាក់ ពីប្រាក់ថ្លៃលក់ទិញ ហើយនីតិបុគ្គលមត៌កត្រូវរលត់ ដី L នឹងត្រូវផ្ទេរទៅ D ដែលជាអ្នកទិញ។

ចុះប្រសិនបើលោកស្រី B និងកូន C មិនចាត់ចែងលក់ដី L ក្នុងអំឡុងពេលដែលច្បាប់កំណត់ តើលទ្ធផលនឹងទៅជាយ៉ាងណា?

ឧ. ក្រៅពីលោកស្រី B និងកូន C លោក A នៅមានម្តាយបង្កើតគឺ លោកស្រី E ហើយលោកស្រី B និងកូន C មិនបានចាត់ចែងលក់ដី L ក្នុងអំឡុងពេលដែលច្បាប់កំណត់នោះទេ ក្នុងករណីនេះ ដី L ត្រូវធ្លាក់ទៅលោកស្រី E ដែលជាសន្តតិជនលំដាប់បន្ទាប់ពីលោកស្រី B និងកូន C នាំឱ្យលោកស្រី B និងកូន C ត្រូវបាត់បង់សិទ្ធិសន្តតិកម្មចំពោះដី L ពោលគឺមិនអាចទាមទារឱ្យលោកស្រី E ប្រគល់ចំណែកមត៌កជាប្រាក់មកឱ្យខ្លួនបាននោះទេ ពីព្រោះសិទ្ធិរបស់អ្នកទាំងពីរបានបាត់បង់នៅពេលដែលមានការផ្លាស់ប្តូរលំដាប់នៃការធ្វើសន្តតិកម្ម។

រៀបរៀងដោយ៖ កញ្ញាមេធាវី ឈុំ មុនីសុជាតា អ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់