យល់ដឹងផ្នែកច្បាប់៖ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព
12-07-2026 17:23
(ភ្នំពេញ)៖ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ (កងទ័ព) គឺជាកម្លាំងស្នូលដ៏សំខាន់បំផុតក្នុងការការពារបូរណភាពទឹកដី សន្តិសុខជាតិ និងស្ថិរភាពសង្គម ។ កងទ័ពគឺជាវីរជនដ៏ស្មោះត្រង់ ដែលហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ និងក្តីសុខផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន ទោះបីជាត្រូវប្រឈមមុខនឹងគ្រាប់រំសេវ ឬការផ្ទុះអាវុធនៅក្នុងករណីមានសង្គ្រាម ឬដូចជាព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗកន្លងទៅនេះក្តី។ ទឹកចិត្តមោះមុត និងស្មារតីសេ្នហាជាតិដ៏ឧដុង្គឧត្តមទាំងនេះ មិនត្រឹមតែជាកម្លាំងចលករក្នុងការបំពេញភារកិច្ចការពារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខឿនការពារជាតិយ៉ាងរឹងមាំ ដែលផ្តល់នូវភាពកក់ក្តៅ និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ផ្អែកលើស្មារតីលះបង់នេះ រាល់ការវាយប្រហារខាងស្មារតី និងទឹកចិត្តលើកងទ័ព គឺជាទង្វើអគតិដែលមិនអាចទទួលយកបានឡើយ ។ តើអំពើធ្វើឱ្យខូចទឹកចិត្តកងទ័ព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ ឬទេ? ហើយបទល្មើសនេះត្រូវទទួលការផ្តន្ទាទោសដូចម្ដេច?
ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ដូចខាងក្រោម៖
ដើម្បីធានាការពារសន្តិសុខនៃកងទ័ព និងថែរក្សាស្មារតីប្រយុទ្ធការពារជាតិឱ្យបានរឹងមាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារកងទ័ពពីការវាយប្រហារខាងស្មារតី និងទឹកចិត្ត ។ ជាក់ស្ដែង ដោយយោងតាម មាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ស្ដីពី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព» បានចែងថា៖ «អំពើចូលរួមក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០0 (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល» ។
ឧទាហរណ៍៖ លោក ក គឺជាម្ចាស់គណនីមួយក្នុងបណ្តាញសង្គម Facebook បានបង្កើតវីដេអូកាត់ត និងប្រឌិតព័ត៌មានមិនពិតអំពីស្ថានភាពវាយប្រហារនៅតាមខ្សែបន្ទាត់ព្រំដែន ។ សកម្មភាពរបស់លោក ក ត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់បណ្តាញសង្គម Facebook ដោយធ្វើការផ្សាយផ្ទាល់ (Live) និងបង្ហោះសារវាយប្រហារ បំភ្លៃការពិតក្នុងបំណងចំអកឡកឡយ បង្អាប់បន្ទាបតម្លៃ និងបំបាក់ស្មារតីរបស់កងទ័ព ។ អំពើទាំងនេះបានបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈ និងជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ទៅលើកងទ័ព ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខជាតិនៅសមរភូមិមុខ ដោយធ្វើឱ្យមានការរារែក ភ័យខ្លាច និងបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរលើការការពារជាតិ ។
សរុបមក ទឹកចិត្តនិងស្មារតីរបស់កងទ័ព គឺជាខឿនការពារជាតិដ៏រឹងមាំដែលមិនអាចខ្វះបាន ។ ការចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព មិនមែនជារឿងលេងសើច ឬជាសេរីភាពក្នុងការបញ្ចេញមតិដែលគ្មានដែនកំណត់នោះទេ តែវាគឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ដូចនេះ បុគ្គលគ្រប់រូបត្រូវចូលរួមលើកទឹកចិត្ត គោរព និងផ្តល់តម្លៃដល់កងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ។
រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



