យល់ដឹងផ្នែកច្បាប់៖ វិធានការទប់ស្កាត់ការរំលោភលើម៉ាក
19-07-2026 17:05
(ភ្នំពេញ)៖ វិស័យពាណិជ្ជកម្មកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយផលិតផលទំនិញដែលបានចុះបញ្ជីស្របច្បាប់ជាច្រើនប្រភេទកំពុងតែចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្ន ទន្ទឹមគ្នានេះ ការកើនឡើងនៃផលិតផលទំនិញក្លែងបន្លំ និងការលួចចម្លងម៉ាកយីហោលើផលិតផលទំនិញស្របច្បាប់ទាំងនោះបានក្លាយជាបញ្ហាមួយដែលសង្គមតែងតែយកចិត្តទុកដាក់ ព្រោះបញ្ហានេះប្រៀបដូចជាជំងឺមួយដែលកំពុងបំផ្លាញទំនុកចិត្តលើទីផ្សារ និងអាចបង្កឱ្យមានការប៉ះពាល់ដល់សុខុមាលភាពសាធារណៈផងដែរ ។
ដូច្នេះដើម្បីចៀសវាងការរំលោភលើ ម៉ាក តើច្បាប់មានវិធានការទប់ស្កាត់ការរំលោភលើម៉ាកយ៉ាងដូចម្ដេច ? ដើម្បីបកស្រាយនូវចម្ងល់ខាងលើជូនសាធារណជន និងនិស្សិតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី “វិធានការទប់ស្កាត់ការរំលោភលើម៉ាក” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម ។
ក. សញ្ញាណទូទៅនៃម៉ាក ម៉ាកជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ក្នុងអាជីវកម្ម ដោយសារអតិថិជនតែងតែសម្គាល់ផលិតផល ឬសេវាកម្មផ្សេងៗ តាមរយៈម៉ាកយីហោទាំងនោះ ។
យោងតាមមាត្រា ២ ចំណុច ក នៃច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា៖ “ម៉ាកគឺជាសញ្ញាដែលអាចមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ ។” ជាក់ស្ដែង ម៉ាកមានច្រើនប្រភេទដូចជា៖ ម៉ាកជាពាក្យ ម៉ាកជាអក្សរ ម៉ាកជាលេខ ម៉ាកជារូបសញ្ញា ម៉ាកជានិមិត្តសញ្ញា ម៉ាកជាការរួមគ្នានៃពាក្យ និងលេខ ម៉ាកជាការរួមគ្នានៃអក្សរ និងរូបសញ្ញា ម៉ាកជាពណ៌ ម៉ាកអាចជាពណ៌ច្រើនចម្រុះគ្នា ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញា ដែលមើលឆ្លុះបីជ្រុង និងម៉ាកជាហត្ថលេខា ។ ចំណែក ការចុះបញ្ជីម៉ាក គឺជាកត្តាចម្បងដើម្បីការពារពីការរំលោភលើម៉ាករបស់ម្ចាស់ម៉ាកពីភាគីណាមួយ មានន័យថានៅពេលដែលម្ចាស់អាជីវកម្មបានចុះបញ្ជីម៉ាករបស់ខ្លួនស្របតាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ រួចរាល់ហើយនោះម្ចាស់អាជីវកម្មមានសិទ្ធិផ្ដាច់មុខ ក្នុងការប្រើប្រាស់ម៉ាកនៅលើផលិតផលទំនិញដែលខ្លួនបានចុះបញ្ជី ។
ខ. វិធានការទប់ស្កាត់ការរំលោភលើម៉ាក ទោះបីជាមានការចុះបញ្ជីម៉ាកត្រឹមត្រូវស្របតាមច្បាប់យ៉ាងណាក្ដី ការរំលោភលើម៉ាកនៅតែអាចកើតមានដដែល ។ ហេតុនេះការយល់ដឹងអំពីវិធានការទប់ស្កាត់ការរំលោភលើម៉ាកក៏ជាគន្លឹះដ៏សំខាន់សម្រាប់ម្ចាស់ម៉ាកដើម្បីការពារកុំឱ្យកើតមានការរំលោភទៅលើម៉ាករបស់ខ្លួន ។ ផ្អែកតាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ វិធានការទប់ស្កាត់ការរំលោភលើម៉ាក មានដូចជា ១. ការប្តឹងទៅតុលាការ និង ២. វិធានការតាមមាត់ច្រកព្រំដែន ។
១. ការប្តឹងទៅតុលាការ ការចុះបញ្ជីម៉ាក គឺជាការការពារ និងផ្ដល់សិទ្ធិផ្ដាច់មុខដល់ម្ចាស់ម៉ាក ក្នុងការប្រើប្រាស់ម៉ាកដែលខ្លួនបានចុះបញ្ជី ប៉ុន្តែ ការរំលោភបំពានលើម៉ាកអាចកើតមានឡើងតាម រយៈរូបភាពមួយចំនួន ដូចជាការក្លែងបន្លំ ការធ្វើត្រាប់តាមដើម្បីបង្កឱ្យមានការភាន់ច្រឡំ ។ ឧទាហរណ៍៖ ក្រុមហ៊ុន “ក” គឺជាក្រុមហ៊ុនផលិត និងចែកចាយទឹកអប់ដ៏ល្បីល្បាញមួយ ដែលបានចុះបញ្ជីម៉ាក (ម៉ាកជាការរួមគ្នានៃពាក្យ និងរូបសញ្ញា) សម្រាប់ផលិតផលទឹកអប់របស់ខ្លួនដោយដាក់ពាក្យរួមគ្នាថា “ក្លិនរំដួល” ហើយមានរូបសញ្ញា “ផ្ការំដួល” នៅជាប់គ្នា និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាកនេះស្របតាមច្បាប់ ។ ក្រោយមកក្រុមហ៊ុន “ខ” ដែលជាក្រុមហ៊ុនគូប្រជែងជាមួយក្រុមហ៊ុន “ក” បានផលិត និងលក់ទឹកអប់ ដោយប្រើប្រាស់ម៉ាកជាពាក្យរួមគ្នាថា “ក្លិនរំដួល” ដូចគ្នាទាំងស្រុង ព្រមទាំងរចនារូបសញ្ញាប្រហាក់ប្រហែលនឹងម៉ាកដើម ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន “ក” ជាមុន ។
ទង្វើនេះ បានធ្វើឱ្យអតិថិជន និងសាធារណជនមានការភាន់ច្រឡំយ៉ាងខ្លាំងរវាងផលិតផលរបស់ក្រុមហ៊ុនទាំងពីរ ។ ស្របតាមមាត្រា១១ នៃច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ការប្រើប្រាស់ម៉ាកដែលបានចុះបញ្ចីរួចហើយ គឺតម្រូវឱ្យមានការយល់ព្រមពីម្ចាស់ដើមជាមុនសិន ទើបអាចយកទៅប្រើប្រាស់បាន ។ ចំពោះសកម្មភាពរបស់ក្រុមហ៊ុន “ខ” ដែលបានយកម៉ាកជាពាក្យរួមគ្នា ដូចគ្នាជាមួយក្រុមហ៊ុន “ក” ទៅប្រើប្រាស់នៅលើផលិតផលរបស់ក្រុមហ៊ុនខ្លួន ដោយមិនមានការយល់ព្រមពីម្ចាស់ដើមជាមុន ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្ដឹងទៅតុលាការប្រឆាំងនឹងសកម្មភាពរំលោភលើម៉ាកដោយក្រុមហ៊ុន “ខ” ។ លើសពីនេះការប្រើប្រាស់រូបសញ្ញាដែលប្រហាក់ប្រហែលហើយអាចធ្វើឱ្យមានការភាន់ច្រឡំជាសាធារណៈជាមួយនឹងម៉ាកដែលបានចុះបញ្ជីរួចរាល់នោះម្ចាស់ដើមក៏មានសិទ្ធិប្ដឹងផងដែរ ។
២. វិធានការតាមមាត់ច្រកព្រំដែន ដោយឡែកវិធានការតាមមាត់ច្រកព្រំដែន ដែលមានចែងក្នុងមាត្រា៣៥ និង មាត្រា ៣៦ នៃច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានផ្តល់សិទ្ធិឱ្យម្ចាស់ម៉ាកដែលបានចុះបញ្ជីស្របច្បាប់ អាចដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរទៅរដ្ឋបាលគយនិងរដ្ឋាករ អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ ដើម្បីសុំព្យួរនូវការធ្វើបែបបទទំនិញនាំចេញ-នាំចូល ណាដែលសង្ស័យថាមានក្លែងបន្លំហើយរំលោភលើម៉ាកដែលបានចុះបញ្ជីរួច ដោយម្ចាស់ម៉ាកត្រូវបង្ហាញភ័ស្តុតាងដែលបង្ហាញឱ្យឃើញជាក់ស្តែងថា ទំនិញដែលកំពុងឃាត់ទុកនោះពិតជាមានសកម្មភាពរំលោភបំពានទៅលើម៉ាករបស់ខ្លួន តាមរយៈការប្រើប្រាស់ម៉ាកក្លែងក្លាយ ឬត្រាប់តាម ដែលអាចនាំឱ្យមានការភាន់ច្រឡំជាសាធារណៈពិតប្រាកដមែន ។
សរុបមក ការចុះបញ្ជីម៉ាកស្របតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ជាវិធានការ ចម្បងក្នុងការផ្តល់សិទ្ធិផ្តាច់មុខ និងទប់ស្កាត់ការរំលោភលើម៉ាក ដូចជាការលួចចម្លង ក្លែងបន្លំ ឬធ្វើត្រាប់តាមដែលនាំឱ្យមានការភាន់ច្រឡំ ។ ប្រសិនបើម្ចាស់ម៉ាកសង្ស័យថាអាចមានការរំលោភបំពានណាមួយទៅលើម៉ាករបស់ខ្លួន នោះម្ចាស់ម៉ាកមានសិទ្ធិពេញលេញក្នុងការប្តឹងទៅតុលាការសុំឱ្យចេញនូវវិធានការបណ្តោះអាសន្ន ឬប្តឹងទៅរដ្ឋបាលគយនិងអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមមាត់ច្រកព្រំដែន ក្នុងការឃាត់ទុកទំនិញនាំចេញ-នាំចូលខុសច្បាប់ ។ វិធានការទាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍អាជីវកម្មផង និងការពារសុខុមាលភាពសាធារណៈផងដែរ ។
រៀបរៀងដោយ៖ លោកមេធាវី ឡុង ឈុនហ្វា និងកញ្ញា មួង ចាន់សុផាវី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕


