យល់ដឹងផ្នែកច្បាប់៖ ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា

02-08-2026 13:49

(ភ្នំពេញ)៖ នៅក្នុងបរិបទនៃច្បាប់កម្ពុជា មានប្រព័ន្ធពីរក្នុងការគ្រប់គ្រងលើទំនាក់ទំនងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ (ចុះបញ្ជីអាពាហ៍ពិពាហ៍) គឺប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ និងប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា។ ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ ជាប្រព័ន្ធមួយដែលត្រូវបានទទួលស្គាល់ថា មានការកំណត់ជាក់លាក់អំពីទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិដោយឡែក ហើយការប្រើប្រាស់ ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិរួម ត្រូវអនុលោមតាមអ្វីដែលច្បាប់កំណត់។ ច្បាប់បានកំណត់ថា ទ្រព្យដែលប្តី ឬប្រពន្ធតែម្ខាង ឬទាំងសងខាង ទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ដូចជាប្រាក់ខែ ប្រាក់ចំណូល ថ្លៃឈ្នួល ការប្រាក់ជាអាទិ៍ ត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិរួម។ ចំណែកឯ ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា គឺជាការព្រមព្រៀង ឬការបង្ហាញឆន្ទៈរបស់ប្តីប្រពន្ធ ក្នុងការកំណត់លក្ខណៈសារធាតុនៃទ្រព្យសម្បត្តិជាអាទិ៍ ដូចជាព្រមព្រៀងគ្នាកំណត់ថា ប្រាក់ខែរបស់ប្តី ជាទ្រព្យសម្បត្តិដោយឡែករបស់ប្តី/ថ្លៃឈ្នួលផ្ទះ (ទ្រព្យសម្បត្តិរួម) ជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ ជាអាទិ៍។ ការប្រើប្រាស់ប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធទាំងពីរនេះ អាស្រ័យលើជម្រើសរបស់ប្តីប្រពន្ធ ពោលគឺបើពុំមានការព្រមព្រៀងពិសេសណាមួយទេ ទំនាក់ទំនងទ្រព្យសម្បត្តិប្តីប្រពន្ធនឹងត្រូវអនុវត្តតាមប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើនេះ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី “ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា” មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្ស និសិ្សត ដែលមានខ្លឹមសារដូចតទៅ៖ អនាគតប្តីប្រពន្ធ ឬប្តីប្រពន្ធ អាចបង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធបាន (បង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធមុន ឬក្រោយរៀបអាពាហ៍ពិពាហ៍) ប៉ុន្តែដើម្បីឱ្យកិច្ចសន្យានោះស្របតាមទម្រង់ច្បាប់ ចាំបាច់ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហេតុនេះ ការព្រមព្រៀងដោយផ្ទាល់មាត់រវាងប្តីប្រពន្ធ ពុំបង្កើតអានុភាពនោះទេ។ គូភាគីអាចតាក់តែងខ្លឹមសារនៃកិច្ចសន្យាតាមសេចក្តីត្រូវការរបស់ខ្លួន ដូចជា ទឹកប្រាក់ដែលនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ប្រពន្ធ គឺជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ / ដី L ដែលជាទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិដោយឡែករបស់ប្តី ឬដី M ដែលជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ គឺជាទ្រព្យសម្បត្តិរួម / ការប្រាក់ដែលកូនបំណុលបង់ឱ្យជារៀងរាល់ខែ ជាទ្រព្យសម្បត្តិដោយឡែករបស់ប្តីជាអាទិ៍។ ប៉ុន្តែការព្រមព្រៀងនេះ មិនត្រូវឱ្យផ្ទុយនឹងការទាមទារអាហារកាតព្វកិច្ច និងសិទ្ធិលើភាគបម្រុងនោះទេ ដូចជាកំណត់ថា ប្រសិនបើប្តីស្លាប់ ប្រពន្ធមិនអាចទទួលបានមត៌កនោះទេ ខ្លឹមសារនេះ ត្រូវទុកជាមោឃៈ។ បន្ថែមពីនេះ កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធអាចយកទៅតតាំងនឹងតតិយជនបាន លុះត្រាតែបាន ចុះបញ្ជី (ក្រសួងយុត្តិធម៌) តាមបែបបទដែលមានកំណត់នៅក្នុងប្រកាសស្តីពីការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ។ ឧ. ដី L គឺជាទ្រព្យសម្បត្តិដោយឡែករបស់លោក A (បណ្ណកម្មសិទ្ធិចុះជាទ្រព្យសម្បត្តិដោយឡែក) ប៉ុន្តែលោក A និងលោកស្រី B បានព្រមព្រៀងគ្នា ដាក់ទៅជាទ្រព្យសម្បត្តិរួមរបស់លោក A និងលោកស្រី B កិច្ចសន្យា បានធ្វើលិខិតជាលាយលក្ខណ៍អក្សរ ហើយអ្នកទាំងពីរបាន យកកិច្ចសន្យានោះ ទៅចុះបញ្ជីនៅក្រសួងយុត្តិធម៌។ សន្មតថា លោក A បានជំពាក់បំណុលលោក C ចំនួន $50,000 ដែលជាបំណុលផ្ទាល់ខ្លួន (ទិញផ្ទះឱ្យស្រី) ហើយលោក C មានបំណងប្តឹងលោក A ដោយចុងក្រោយនឹងរឹបអូសដី L ដែល C គិតថាជាទ្រព្យសម្បត្តិដោយឡែករបស់លោក A។ ប៉ុន្តែដី L នោះបានប្តូរលក្ខណៈសារធាតុ (ពីទ្រព្យសម្បត្តិដោយឡែករបស់លោក A ទៅជាទ្រព្យសម្បត្តិរួមរបស់លោក A និងលោកស្រី B) តាមរយៈការបង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ហេតុនេះ លោកស្រី B អាចអះអាង ចំពោះលោក C ថា ដីនោះ ជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធ ដែលម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិលើបំណុលរបស់ខ្លួនចំពោះទ្រព្យសម្បត្តិរួមបានឡើយ ពីព្រោះបំណុលដែលលោក C មានចំពោះលោក A មិនមែនជាបំណុលរួម។ ម្យ៉ាងវិញទៀត ចំណែកនៃទ្រព្យសម្បត្តិរួម មិនអាចកំណត់បាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍នោះទេ មានន័យថា យើងមិនអាចកំណត់ថា ប្តី ឬប្រពន្ធទទួលបានចំណែកប៉ុន្មាននៃទ្រព្យសម្បត្តិរួមនោះទេ លើកលែងតែករណីលែងលះ ឬមរណភាព។ ហេតុនេះ លោកស្រី B អាចអះអាងអំពីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធដែលបានចុះបញ្ជីត្រឹមត្រូវ ដោយមានខ្លឹមសារថា ដី L គឺជាទ្រព្យសម្បត្តិរួម តតាំងជាមួយនឹងម្ចាស់បំណុលរបស់លោក A បាន (ម្ចាស់បំណុល C មិនអាចរឹបអូសដី L បាន)។ រៀបរៀងដោយ៖ លោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ ។ រៀបរៀងដោយ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់