យល់ដឹងផ្នែកច្បាប់៖ វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍

16-08-2026 15:59

(ភ្នំពេញ)៖ ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ការការពារតក្កកម្មថ្មីៗមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់ការច្នៃប្រឌិត និងការអភិវឌ្ឍវិស័យឧស្សាហកម្ម។ ក្រៅពីប្រកាសនីយបត្រតក្កកម្ម ច្បាប់កម្ពុជាក៏បានផ្តល់ការការពារតក្កកម្ម តាមរយៈ
“វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍” ដែលជាយន្តការផ្លូវច្បាប់ប្រកបដោយភាពបត់បែន សម្រាប់ការពារតក្កកម្មដែលរកឃើញថ្មី និងរាល់ការច្នៃប្រឌិតតិចតួចរបស់តក្កករ ដែលអាចយកទៅអនុវត្តក្នុងវិស័យឧស្សាហកម្ម។ ដូច្នេះតើវិញ្ញាបនបត្រម៉ូដែលមាន
អត្ថប្រយោជន៍ជាអ្វី ហើយមានលក្ខណៈដូចម្តេច?

ដើម្បីបកស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី “វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍” មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជន ដូចខាងក្រោម៖

យោងតាមមាត្រា ៦៩ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម បានបញ្ញត្តិថា វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាវិញ្ញាបនបត្រដែលផ្តល់ដើម្បីការពារម៉ូដែលមានអត្ថប្រយោជន៍។ រីឯម៉ូដែលមានអត្ថប្រយោជន៍ គឺជាតក្កកម្មណាមួយដែលថ្មី និងអាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម និងដែលអាចជាផលិតផល ឬដំណើរការផលិតកម្ម ឬដែលអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។
លក្ខខណ្ឌនៃការការពារវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ មិនតម្រូវឱ្យមានជំហាននៃការរកឃើញថ្មី ដូចប្រកាសនីយបត្រតក្កកម្មទេ ពោលគឺម៉ូដែលមានអត្ថប្រយោជន៍ជាតក្កកម្មដែលមានភាពថ្មី សំដៅដល់លក្ខណៈដែលខុសពីសភាពដើម ឬប្តូរតួនាទីរបស់តក្កកម្មដែលមានស្រាប់ ជាការច្នៃប្រឌិត ឬការកែលម្អផ្នែកបច្ចេកទេសតិចតួច ឱ្យមានភាពប្រសើរជាងមុន ឬកាន់តែទំនើបជាមុន និងតក្កកម្មនោះអាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម ដែលសំដៅលើតក្កកម្មនោះអាចត្រូវបានផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន។

ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់រួមគ្នាបង្កើតតក្កកម្ម សិទ្ធិជាម្ចាស់នៃវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍នេះ ត្រូវតែជាកម្មសិទ្ធិរួមគ្នានៃបុគ្គលទាំងឡាយនោះ។ ប្រសិនបើមានបុគ្គលពីរនាក់ ឬច្រើននាក់ បានរកឃើញដោយឡែកៗពីគ្នានូវតក្កកម្មមួយដូចគ្នា បុគ្គលណាបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទសុំចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់ ហើយបានប្រកាសសុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះ ត្រូវទទួលសិទ្ធិជាម្ចាស់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ប្រសិនបើសំណុំលិខិតស្នើសុំខាងលើមិនត្រូវដកយកទៅវិញ ឬបោះបង់ចោល ឬក៏ត្រូវបដិសេធ ហើយសិទ្ធិជាម្ចាស់នៃវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ អាចប្រគល់ ឬផ្ទេរទៅឱ្យបុគ្គលដទៃដើម្បីស្នងជំនួសបាន។ ចំពោះកាលបរិច្ឆេទសុំចុះបញ្ជីវិញ គឺយកតាមកាលបរិច្ឆេទសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម។

វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពរយៈពេល ៧ (ប្រាំពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យសុំចុះបញ្ជី ហើយមិនអាចស្នើសុំបន្តសុពលភាពជាថ្មីបានឡើយ។ គួរកត់សម្គាល់ផងដែរថា អ្នកដាក់ពាក្យសុំប្រកាសនីយបត្រតក្កកម្ម អាចផ្លាស់ប្តូរពាក្យសុំប្រកាសនីយបត្រតក្កកម្មរបស់ខ្លួនទៅជាពាក្យសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍បាន នៅមុនពេលមានការផ្តល់ ឬបដិសេធប្រកាសនីយបត្រតក្កកម្ម ដោយបង់កម្រៃ តាមច្បាប់កំណត់។ ពាក្យសុំដែលបានផ្លាស់ប្តូរនោះត្រូវបានកត់ត្រាទៅតាមកាលបរិច្ឆេទសុំចុះបញ្ជីស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយការផ្លាស់ប្តូរពាក្យសុំនេះអាចធ្វើបានតែមួយដងប៉ុណ្ណោះ។

សរុបមក វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ គឺជាយន្តការផ្លូវច្បាប់មួយដែលមានសារៈសំខាន់ក្នុងការការពារតក្កកម្មដែលមានភាពថ្មី និងអាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម ដោយមិនតម្រូវឱ្យមានជំហាននៃការរកឃើញថ្មីដូចប្រកាស
នីយបត្រតក្កកម្មឡើយ។ វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍មានសុពលភាពរយៈពេល ៧ (ប្រាំពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដាក់ពាក្យសុំ និងមិនអាចបន្តសុពលភាពជាថ្មីបានឡើយ។ យន្តការនេះអាចជួយលើកទឹកចិត្តដល់ការច្នៃប្រឌិត
ការកែលម្អផ្នែកបច្ចេកទេស និងការអភិវឌ្ឍផលិតផល ឬដំណើរការផលិតកម្មឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងជាកាតាលីករដ៏សមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេសកម្ពុជា ក្នុងការលើកទឹកចិត្តដល់ប្រជាជន និស្សិត និងសហគ្រិនក្នុងស្រុក ឱ្យខិតខំកែច្នៃ និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មដែលមានស្រាប់ឱ្យកាន់តែទំនើប និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

រៀបរៀងដោយ៖ កញ្ញា សាន់ រតនា និងលោក កឹង សម្បត្តិ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥
អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕