យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ
07-09-2026 10:04
(ភ្នំពេញ)៖ ក្នុងពេលបច្ចុប្បន្ន ការរីកចម្រើននៃទំនាក់ទំនងអន្តរជាតិ មានលើគ្រប់វិស័យ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ។ ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជាតិ និងបុគ្គលដែលប្រើប្រាស់ភាសាខុសៗគ្នា បានធ្វើឱ្យវិជ្ជាជីវៈអ្នកបកប្រែ ចូលរួមយ៉ាងសកម្ម ជាពិសេសនៅក្នុងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។ អ្នកបកប្រែបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងដំណើរការនីតិវិធីតុលាការ សម្រាប់ជនបរទេសដែលមិនចេះភាសាខ្មែរ ព្រមទាំងមានឯកសារមួយចំនួនជាភស្តុតាងប្រើប្រាស់ជាភាសាបរទេស ដែលតម្រូវឱ្យមានការបកប្រែជាខេមរភាសា ។
ដោយសារតែសារៈសំខាន់នៃតួនាទីអ្នកបកប្រែ និងដើម្បីធានាថាការបកប្រែត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ និងផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើស “បទសូកប៉ាន់អ្នកបកប្រែ” ។
តើសកម្មភាពណាខ្លះដែលច្បាប់ចាត់ទុកថាជា បទសូកប៉ាន់អ្នកបកប្រែ ? ហើយថាតើបុគ្គលដែលប្រព្រឹត្តបទល្មើសនេះត្រូវប្រឈមមុខនឹងទោសទណ្ឌកម្រិតណា ? ដើម្បីបកស្រាយនូវចម្ងល់ខាងលើ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី “បទសូកប៉ាន់អ្នកបកប្រែ” មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចខាងក្រោម៖
យោងតាមមាត្រា ៥៥៤ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា “ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ រាល់បុគ្គលណា ដែលប្រគល់ឱ្យអ្នកបកប្រែដោយផ្ទាល់ ឬដោយប្រយោលនូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បីក្លែងខ្លឹមសារនៃភាសា ឬឯកសារដែលបកប្រែ។” ។
សូមបញ្ជាក់ថា “បទសូកប៉ាន់អ្នកបកប្រែ” កើតឡើងចំពោះ បុគ្គលទាំងឡាយណាដែលទៅសូកប៉ាន់អ្នកបកប្រែ ចំណែកឯអ្នកបកប្រែ ដែលទទួលយកសំណូកនោះ ក៏នឹងត្រូវផ្ដន្ទាទោសតាមបទល្មើសមួយទៀតគឺ “បទស៊ីសំណូករបស់អ្នកបកប្រែ” ស្របតាមបញ្ញត្តិមាត្រា ៥៥៣ នៃក្រមព្រហ្មទណ្ឌ ផងដែរ ។ ទន្ទឹមនឹងនេះ យោងតាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក៏បានបញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសមួយចំនួន ក្នុងនោះរួមមាន បទសូកប៉ាន់អ្នកបកប្រែ ក៏ត្រូវចាត់ទុកជាបទល្មើសពុករលួយដែលត្រូវអនុវត្តតាមច្បាប់នេះ ។
យ៉ាងណាមិញចំពោះការផ្តន្ទាទោស គឺត្រូវផ្អែកលើបទបញ្ញត្តិដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ ឧទាហរណ៍៖ លោក ក មានសំណុំរឿងនៅតុលាការ ហើយត្រូវការអ្នកបកប្រែដើម្បីបកប្រែឯកសារពី ភាសាទ្បាវ មកជាភាសាខ្មែរ ។ លោក ក បានផ្តល់ប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក ជូនដល់អ្នកបកប្រែជាថ្នូរឱ្យអ្នកបកប្រែនោះ បកប្រែពាក្យមួយចំនួនឱ្យមានន័យខុសពីខ្លឹមសារដើម ដើម្បីធ្វើឱ្យលោក ក ទទួលបានអត្ថប្រយោជន៍ក្នុងសំណុំរឿងនោះ ដែលសកម្មភាពនេះ គឺជាបទល្មើស បទសូកប៉ាន់អ្នកបកប្រែ ។
ការសូកប៉ាន់អ្នកបកប្រែមិនត្រឹមតែជាអំពើល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កនូវផលប៉ះពាល់ និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើវិជ្ជាជីវៈអ្នកបកប្រែ ។ ប្រសិនបើអ្នកបកប្រែមិនរក្សាភាពស្មោះត្រង់ មិនគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ នៅពេលការបកប្រែត្រូវបានប្រើប្រាស់ក្នុងនីតិវិធីតុលាការ អាចធ្វើឱ្យភាគីម្ខាងបាត់បង់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរ ។
សរុបមក អ្នកបកប្រែបានដើរតួនាទីយ៉ាងសំខាន់ក្នុងជិវិតរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងដំណើរការនីតិវិធីនៅក្នុងតុលាការ ដើម្បីផ្តល់ភាពយុត្តិធម៌ និងស្វែងរកការពិត ។ ហេតុនេះហើយទើប បទសូកប៉ាន់អ្នកបកប្រែ ត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តិផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើនេះបានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងសង្គម ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡេង ពុទ្ធិសក្តា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



