យល់ដឹងផ្នែកច្បាប់៖ បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ
20-09-2026 17:42
(ភ្នំពេញ)៖ បទល្មើសពុករលួយ ជាប្រភេទបទល្មើសដែលពាក់ព័ន្ធនឹងការប្រើប្រាស់អំណាច មុខតំណែង ឬភារកិច្ច ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯង ឬអ្នកដទៃ ដោយផ្ទាល់ ឬដោយប្រយោល ។ ចំពោះការស៊ើបអង្កេតបទល្មើសពុករលួយ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្តល់សមត្ថកិច្ចដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌នូវ “បុព្វសិទ្ធិពិសេស” មួយចំនួនសម្រាប់ការស៊ើបអង្កេត និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដែលមានលក្ខណៈខុសប្លែកពីសមត្ថកិច្ចទូទៅរបស់មន្ត្រីនគរបាលយុត្តិធម៌តាមក្រមនីតិវិធីព្រហ្មទណ្ឌ ។
ដូច្នេះ ដើម្បីស្វែងយល់ថា តើបុព្វសិទ្ធិពិសេសទាំងនោះមានអ្វីខ្លះ ? ដូចនេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “បុព្វសិទ្ធិពិសេសរបស់មន្រ្តីនគរបាលយុត្តិធម៌នៃអង្គភាពប្រឆាំងអំពើពុករលួយ” មកធ្វើការចែករំលែកជូនសាធារណជន ដូចខាងក្រោម៖
ដើម្បីធានាបានថា ការស៊ើបអង្កេត ការពិនិត្យបទល្មើសពុករលួយ ក៏ដូចជាការប្រមូលភស្តុតាងនានាប្រកបដោយប្រសិទ្ធភាព និងមានភាពឆាប់រហ័ស ច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ បានផ្តល់នូវបុព្វសិទ្ធិពិសេសមួយចំនួនដល់ប្រធាន អនុប្រធាន និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌រួមមាន (១) ការឆែកឆេរនៅការិយាល័យមេធាវី (២) ការបញ្ជាឱ្យចូលខ្លួន (៣) ការស្តាប់ និងការថតការឆ្លើយឆ្លងតាមទូរស័ព្ទ ឬតាមមធ្យោបាយទូរគមនាគមន៍ (៤) ការបញ្ជា និងការស្នើសុំឱ្យមានការសហការជាមួយអាជ្ញាធរសាធារណៈ (៥) ការផ្អាកជាបណ្តោះ អាសន្ននូវមុខងារ និងការស្នើសុំធ្វើបត្យាប័ន និង (៦) ការស្នើសុំបង្កកទ្រព្យសម្បត្តិ ។
(១) ការឆែកឆេរនៅការិយាល័យមេធាវី៖ តាមមាត្រា៩១ កថាខណ្ឌទី៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ហាមឃាត់មិនឱ្យមន្ត្រីនគរបាលយុត្តិធម៌ធ្វើការឆែកឆេរនៅក្នុងការិយាល័យមេធាវីបានទេ ដែលមានតែព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ដែលអាចធ្វើការឆែកឆេរនេះបាន នៅចំពោះមុខប្រធានគណៈមេធាវី ឬប្រតិភូរបស់ប្រធានគណៈមេធាវី ឬមេធាវីសាម៉ី នៅដំណាក់កាលស៊ើបសង្កេត និងដំណាក់កាលស៊ើបសួរ ។ ផ្ទុយទៅវិញ មាត្រា២៥ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ករណីបើមានការស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើសពុករលួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើការឆែកឆេរការិយាល័យមេធាវីបាននៅចំពោះមុខប្រធានគណៈមេធាវី ឬប្រតិភូរបស់ប្រធានគណៈមេធាវី ឬមេធាវីសាម៉ី បាន ។
(២) ការបញ្ជាឱ្យចូលខ្លួន៖ ក្នុងដំណាក់កាលស៊ើបអង្កេត មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដីកាបញ្ជាឱ្យចូលខ្លួនត្រូវចេញដោយព្រះរាជអាជ្ញា ដើម្បីបញ្ជាឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈបង្ខំបុគ្គល ដែលពាក់ព័ន្ធឱ្យចូលមកបង្ហាញខ្លួន ។ ដោយឡែក ចំពោះការស៊ើបអង្កេតបទល្មើសពុករលួយ មាត្រា២៥ កថាខណ្ឌទី៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្តល់បុព្វសិទ្ធិពិសេសដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាងរបស់ខ្លួន ក្នុងការចេញដីកាបញ្ជាឱ្យចូលខ្លួននេះបាន ។
(៣) ការស្តាប់ និងការថតការឆ្លើយឆ្លងតាមទូរស័ព្ទ ឬតាមមធ្យោបាយទូរគមនាគមន៍ជាអាទិ៍៖ មាត្រា២៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើប្រតិបត្តិការ ដោយបដិប្បញ្ញត្តិទៅនឹងមាត្រា១០៥ (ការហាមឃាត់មិនឱ្យស្តាប់ដោយឯកឯងជាអាទិ៍) និងមាត្រា១៧២ (ការស្តាប់ទូរស័ព្ទជាអាទិ៍ដែលបង្គាប់ដោយចៅក្រមស៊ើបសួរ) នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ។ ក្នុងការបដិប្បញ្ញត្តិនេះ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ករណីដែលមានតម្រុយជាក់លាក់ថាមានបទល្មើសពុករលួយ បានផ្តល់សិទ្ធិទៅដល់ អង្គភាពប្រឆាំងអំពើពុករលួយអាចតាមដាន ឃ្លាំមើល លបស្តាប់ លបថតសម្លេង ថតរូបភាព និងដាក់ខ្សែទូរស័ព្ទក្រោមការលបស្តាប់ និងថត ។
(៤) ការបញ្ជា និងការស្នើសុំឱ្យមានការសហការជាមួយអាជ្ញាធរសាធារណៈ៖ ផ្អែកតាមមាត្រា២៩ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្តល់នូវបុព្វសិទ្ធិពិសេស ទៅដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើអធិបញ្ជាដល់អាជ្ញាធរសាធារណៈ មន្ត្រីរាជការ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត ព្រមទាំងបណ្តាអង្គភាពនៃវិស័យឯកជនពាក់ព័ន្ធ មានជាអាទិ៍ស្ថាប័នហិរញ្ញវត្ថុឱ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីនៃអង្គភាពក្នុងការងារស៊ើបអង្កេតរបស់ខ្លួន ។ ក្រៅពីនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏អាចស្នើសុំការសហការពីស្ថាប័នជាតិ និងអន្តរជាតិនានាក្នុងការធ្វើកោសលវិច័យនានាទាក់ទងទៅនឹងការស៊ើបអង្កេតរបស់ខ្លួនផងដែរ ។
(៥) ការផ្អាកជាបណ្តោះអាសន្ននូវមុខងារ និងការស្នើសុំធ្វើបត្យាប័ន៖ តាមមាត្រា២៦ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្តល់នូវបុព្វសិទ្ធិ ពិសេសមួយទៀតគឺ ក្នុងករណីដែលបុគ្គលទាំងឡាយណាដែលមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាជាប់ទាក់ទិននឹងរឿងហេតុនៃបទល្មើសពុករលួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យផ្អាកជាបណ្ដោះអាសន្ននូវមុខងារនៃបុគ្គលនោះបាន ។ លើសពីនេះករណីបើជនជាប់សង្ស័យនោះបានរត់គេចខ្លួនទៅបរទេស នោះប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏អាចស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើបត្យាប័នជនជាប់សង្ស័យតាមបទប្បញ្ញត្តិជាធរមានបានផងដែរ ។
(៦) ការស្នើសុំបង្កកទ្រព្យសម្បត្តិ៖ មាត្រា២៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ករណីដែលមានការចាំបាច់ តាមការស្នើសុំរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើអធិបញ្ជាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ឬ ព្រះរាជអាជ្ញាអមសាលាដំបូង ធ្វើការបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលបានប្រព្រឹត្តបទល្មើសពុករលួយ ហើយទ្រព្យសម្បត្តិរបស់បុគ្គលដែលបានប្រព្រឹត្តបទលើ្មសពុករលួយខាងលើនេះ រាប់បញ្ចូលទាំងមូលនិធិដែលបានមក ឬបង្កើតបានជាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់បុគ្គលនោះដែរ ។
សរុបមក អង្គភាពប្រឆាំងនឹងអំពើពុករលួយ គឺជាស្ថាប័នដែលមានសមត្ថកិច្ចក្នុងការស៊ើបអង្កេតបទល្មើសពុករលួយ ដោយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានផ្តល់នូវបុព្វសិទ្ធិពិសេសមួយចំនួន ក្នុងការស៊ើបអង្កេត ការស្រាវជ្រាវ ពិនិត្យនូវបទល្មើសពុករលួយ និងការប្រមូលនូវភស្តុតាង ដែលមានលក្ខណៈខុសពីមន្ត្រីនគរបាលយុត្តិធម៌ទូទៅ ហើយបុព្វសិទ្ធិពិសេសទាំងនោះរួមមាន ការឆែកឆេរនៅការិយាល័យមេធាវី ការបញ្ជាឱ្យចូលខ្លួន ការស្តាប់ និងការថតការឆ្លើយឆ្លងតាមទូរស័ព្ទ ឬតាមមធ្យោបាយទូរគមនាគមន៍ ការបញ្ជា និងការស្នើសុំឱ្យមានការសហការជាមួយអាជ្ញាធរសាធារណៈ ការផ្អាកជាបណ្តោះអាសន្ននូវមុខងារ និងការស្នើសុំធ្វើបត្យាប័ន ព្រមទាំងការស្នើសុំបង្កកទ្រព្យសម្បត្តិជាដើម ។
រៀបរៀងដោយ៖ លោកមេធាវី ឆែ វណ្ណម៉ូលីវ័ន្ត និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



