យល់ដឹងផ្នែកច្បាប់៖ មោឃភាពនៃការស៊ើបសួរ
27-09-2026 15:30
(ភ្នំពេញ)៖ នៅក្នុងនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ការស៊ើបសួរ គឺជាដំណាក់កាលដ៏សំខាន់មួយរបស់ចៅក្រមស៊ើបសួរ ក្នុងគោលបំណងដើម្បីស្វែងរកការពិត និងប្រមូលភស្តុតាង (ដាក់បន្ទុក និងដោះបន្ទុក) ពាក់ព័ន្ធនឹងអំពើដែលត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការ ។ តួយ៉ាង ដើម្បីធានាឱ្យគ្រប់កិច្ចនីតិវិធីដំណើរការប្រព្រឹត្តទៅដោយយុត្តិធម៌ និងស្របតាមច្បាប់ ចៅក្រមស៊ើបសួរត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវវិធាន និងទម្រង់ការនៃនីតិវិធីដែលច្បាប់បានកំណត់ជាក់លាក់ ។ ផ្ទុយមកវិញ ប្រសិនបើចៅក្រមស៊ើបសួរ មិនបានគោរពតាមវិធាននៃនីតិវិធីមួយចំនួនដែលច្បាប់បានកំណត់ ឬធ្វេសប្រហែស នោះនឹងអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ភាគីដែលទទួលរងនូវការបំពាន ឬធ្វេសប្រហែសនេះ ហើយកិច្ចស៊ើបសួរនោះ ភាគី ឬចៅក្រមស៊ើបសួរ អាចប្ដឹងសុំមោឃភាពបានផងដែរ ។
ដូច្នេះ តើអ្វីទៅជាមោឃភាពនៃការស៊ើបសួរ ? តើនៅក្នុងករណីណាខ្លះ ដែលការបំពានលើនីតិវិធីអាចនាំឱ្យមានមោឃភាព ? តើមានលក្ខខណ្ឌ និងនីតិវិធីយ៉ាងដូចម្តេច ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកនូវប្រធានបទស្ដីពី “មោឃភាពនៃការស៊ើបសួរ” មកធ្វើការចែករំលែកជូនសាធារណជន ដូចខាងក្រោម៖
មោឃភាពនៃការស៊ើបសួរ គឺជាការបដិសេធចោលនូវកិច្ចនីតិវិធី ឬសកម្មភាពស៊ើបសួរ របស់ចៅក្រមស៊ើបសួរណាមួយ ដែលធ្វើឡើងដោយខុសច្បាប់ ឬល្មើសទៅនឹងបទប្បញ្ញត្តិច្បាប់ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ មានន័យថា នៅគ្រប់ការបំពេញកិច្ចរបស់ខ្លួន ចៅក្រមស៊ើបសួរត្រូវគោរពតាមវិធានទូទៅនៃនីតិវិធីស៊ើបសួរដែលជាបទប្បញ្ញត្តិដាច់ខាតត្រូវតែគោរពតាមកិច្ចទាំងនោះ ដែលមានដូចជា ការបើកការស៊ើបសួរ សមត្ថកិច្ចដែនដី ជំនួយរបស់ក្រឡាបញ្ជីជាដើម ។
លើសពីនេះ ផ្អែកតាមមាត្រា ២៥២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ចៅក្រមស៊ើបសួរត្រូវគោរពតាមវិធាន និងទម្រង់ការដែលចែងដោយមាត្រាខាងក្រោម ស្តីអំពីបទប្បញ្ញត្តិទូទៅនៃនីតិវិធីស៊ើបសួរមានលក្ខណៈដាច់ខាតត្រូវតែគោរពតាម បើពុំដូច្នោះទេនាំឱ្យមានមោឃភាពនៃនីតិវិធី៖
-មាត្រា ១២២ (ការបើកការស៊ើបសួរ)
-មាត្រា ១២៣ (សមត្ថកិច្ចដែនដី)
-កថាខណ្ឌទី ៣ នៃមាត្រា ១២៤ (ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ)
-កថាខណ្ឌទី ១ និងទី ២ នៃមាត្រា ១២៥ (វិសាលភាពនៃការប្តឹង) និង
-មាត្រា ១២៨ (ជំនួយរបស់ក្រឡាបញ្ជី) នៃក្រមនេះ ។
ក្រៅពីនេះ នឹងនាំឱ្យមានមោឃភាពផងដែរ កាលណាការបំពានវិធាន ឬទម្រង់ការសំខាន់ណាមួយដែលចែងដោយក្រមនេះ ឬបទប្បញ្ញតិ្តទាំងឡាយស្តីពីនីតិវិធីព្រហ្មទណ្ឌ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីដែលទទួលរងការបំពាននេះ ។ វិធាន និងទម្រង់ការដែលមានលក្ខណៈសំខាន់នោះមានជាអាទិ៍ គឺវិធាន និងទម្រង់ការដែលមានបំណងធានាការគោរពសិទ្ធិការពារខ្លួន។
បន្ថែមពីនេះ អ្នកដែលមានសិទ្ធិប្តឹងអំពីមោឃភាពនៃការស៊ើបសួររួមមាន៖ ចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា ជនត្រូវចោទ ឬដើមបណ្តឹងរដ្ឋប្បវេណី ។ មានន័យថា បើចៅក្រមស៊ើបសួរយល់ឃើញថាលិខិតណាមួយ នៃនីតិវិធីមានមោឃភាព នោះចៅក្រមស៊ើបសួររូបនេះ ប្តឹងទៅសភាស៊ើបសួរ ដោយដីកាមានសំអាងហេតុព្រមទាំងជូនព័ត៌មាននេះដល់ ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ។ ជាមួយគ្នានេះ ករណីព្រះរាជអាជ្ញា យល់ឃើញថា លិខិតណាមួយធ្វើឡើង ក្នុងនីតិវិធីមានមោឃភាពនោះ ព្រះរាជអាជ្ញា អាចធ្វើពាក្យសុំដោយ មានសំអាងហេតុ រួចដាក់ទៅសភាស៊ើបសួរនិងជូនព័ត៌មាននេះ ដល់ចៅក្រមស៊ើបសួរ ។ ក្នុងករណីនេះដែរ ជនត្រូវចោទ ឬដើមបណ្តឹងរដ្ឋប្បវេណីយល់ឃើញថា លិខិតណាមួយដែលធ្វើឡើងក្នុងនីតិវិធីមាន មោឃភាពនោះ សាមីខ្លួនអាចធ្វើពាក្យសុំ ដោយមានសំអាងហេតុ រួចដាក់ទៅសភាស៊ើបសួរ ព្រមទាំងជូនព័ត៌មាននេះដល់ចៅក្រមស៊ើបសួរឱ្យបានជ្រាប ។ គួរបញ្ជាក់ផងដែរថា ទោះបីជាសភាស៊ើបសួរបានទទួលពាក្យបណ្ដឹងសុំមោឃកម្មក៏ដោយ ចៅក្រមស៊ើបសួរអាចបន្តការស៊ើបសួររបស់ខ្លួនបាន លើកលែងតែមានសេចក្ដីសម្រេចផ្ទុយពីនេះរបស់ប្រធានសភាស៊ើបសួរ ។ សេចក្ដីសម្រេចនេះ ពុំអាចប្ដឹងតវ៉ាបានឡើយ (ផ្អែកតាមមាត្រា ២៥៣ និងមាត្រា ២៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា) ។
ទន្ទឹមនឹងនេះ ភាគីដែលទទួលរងការបំពាន ក៏អាចលះបង់សិទ្ធិទាមទារមោឃភាពបាន កាលណាការបំពានវិធាន ឬទម្រង់ការសំខាន់ណាមួយបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃភាគីណាមួយ ភាគីនេះអាចបោះបង់មិនលើកយកមោឃភាពមកសំអាង ហើយកែប្រែនីតិវិធីនេះឱ្យមានភាពប្រក្រតីឡើងវិញ ។ ការបោះបង់នេះ ត្រូវតែពិនិត្យដោយចៅក្រមស៊ើបសួរនៅក្នុងកំណត់ហេតុ ។ កាលណាភាគីមានអមដោយមេធាវី ចៅក្រមស៊ើបសួរត្រូវកោះហៅមេធាវីយ៉ាងតិច ៥ (ប្រាំ) ថ្ងៃ មុនកាលបរិច្ឆេទនៃការធ្វើកំណត់ហេតុ ។ នៅក្នុងរយៈពេលនេះ មេធាវីអាចពិនិត្យសំណុំរឿងនៃនីតិវិធីបាន (ផ្អែកតាមមាត្រា ២៥៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា) ។
ម្យ៉ាងវិញទៀត នៅក្នុងបទប្បញ្ញត្តិមោឃភាពនៃការស៊ើបសួរ គឺពុំមានកំណត់អំពីរយៈពេលនៃការប្តឹងសុំមោឃភាព ឬលិខិតនៃនីតិវិធីនោះទេ ដូចច្នេះមានន័យថា ការប្តឹងសុំនេះអាចធ្វើនៅពេលណាក៏បាន ប៉ុន្តែត្រូវធ្វើមុនពេលដែលដីកាដំណោះស្រាយចូលជាស្ថាពរ ព្រោះថាដីកាដំណោះស្រាយដែលចូលជាស្ថាពរ នាំឱ្យលុបលាងមោឃភាពនៃនីតិវិធីមុន ប្រសិនបើមាន ។ គ្មានមោឃភាពណាមួយ នៃនីតិវិធីមុន អាចត្រូវលើកឡើងនៅចំពោះមុខតុលាការជំនុំជម្រះបានទៀតឡើយ (ផ្អែកតាមមាត្រា ២៥៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា) ។
សរុបមក មោឃភាពនៃការស៊ើបសួរ គឺជាយន្តការគតិយុត្តដ៏សំខាន់មួយ ក្នុងការធានាឱ្យនីតិវិធីស៊ើបសួរ របស់ចៅក្រមស៊ើបសួរ ប្រព្រឹត្តទៅដោយស្របច្បាប់ និងគោរពសិទ្ធិរបស់ភាគីពាក់ព័ន្ធ ។ ប៉ុន្តែ ចំពោះការមិនគោរពតាមវិធាន និងទម្រង់ការនៃនីតិវិធីដែលច្បាប់បានកំណត់នោះទេនឹងអាចនាំឱ្យមានមោឃភាពនៃនីតិវិធីនោះ ។ ជាមួយគ្នានេះ ភាគីដែលទទួលរងការបំពានអាចលះបង់សិទ្ធិទាមទារមោឃភាពបានតាមលក្ខខណ្ឌ និងនីតិវិធីដែលច្បាប់បានកំណត់ ។ ដូច្នេះ ការយល់ដឹងអំពីមោឃភាពនៃការស៊ើបសួរ គឺមានសារៈសំខាន់ណាស់ ក្នុងការធានាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីក្នុងនីតិវិធីព្រហ្មទណ្ឌ ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក ឃិន ដារ៉ូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



