យល់ដឹងផ្នែកច្បាប់៖ ការអនុវត្តចំពោះជនជាប់ឃុំជាស្រ្តី
11-10-2026 17:06
(ភ្នំពេញ)៖ ជនជាប់ឃុំ គឺជាបុគ្គលដែលត្រូវបានដកហូតសិទ្ធិសេរីភាពផ្ទាល់ខ្លួនមួយចំនួនជាបណ្តោះអាសន្ន ឬក្នុងអំឡុងពេលឃុំខ្លួន តាមរយៈសេចក្ដីសម្រេចរបស់តុលាការ ។ បើទោះបីជាសិទ្ធិជាមូលដ្ឋានមួយចំនួនដែលមានដូចជា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ជាដើមនោះ ត្រូវបានកម្រិតដោយសារស្ថានភាពនៃការឃុំខ្លួនក៏ដោយ ក៏ស្ថាប័នពន្ធនាគារ មានកាតព្វកិច្ចគតិយុត្តក្នុងការធានា គាំពារ និងគោរពសិទ្ធិ ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ពួកគេទាំងផ្នែករូបរាងកាយ និងផ្លូវចិត្ត ផងដែរ ។ ដោយឡែក នៅក្នុងសង្គមជាក់ស្តែង ក៏ដូចជានៅក្នុងបរិបទនៃការអនុវត្តច្បាប់ ជនជាប់ឃុំជាស្ត្រីត្រូវបានចាត់ទុកជា ក្រុមជនងាយរងគ្រោះ ដែលទាមទារឱ្យមានការគាំពារ និងការបដិសណ្ឋារកិច្ចពិសេសបន្ថែម ស្របតាមបទដ្ឋានគតិយុត្តជាតិ និងវិធានអន្តរជាតិ ។ ហេតុនេះ តើនីតិវិធីច្បាប់ និងការអនុវត្តចំពោះជនជាប់ឃុំជាស្រ្តីមានអ្វីខ្លះ ?
ដូច្នេះដើម្បីយល់កាន់តែច្បាស់ និងស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយក ប្រធានបទស្តីពី “ការអនុវត្តចំពោះជនជាប់ឃុំជាស្រ្តី” មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នា ដូចតទៅ៖
ដើម្បីឱ្យការបកស្រាយកាន់តែមានភាពច្បាស់លាស់បន្ថែមទៀតនោះ យើងគួរឈ្វេងយល់នូវពាក្យគន្លឹះមួយចំនួនជាមុន សិន ។ “ពន្ធនាគារ” គឺសំដៅដល់កន្លែងប្រើសម្រាប់ធ្វើការឃុំឃាំងជនជាប់ឃុំតាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ រួមមានមណ្ឌល ឃុំខ្លួន និងមណ្ឌលអប់រំកែប្រែផង ។ ចំណែកឯ “ជនជាប់ឃុំ” គឺ សំដៅដល់ជនគ្រប់រូប ដែលជាជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិត ដោយត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារតាមលិខិតឃុំខ្លួន ចេញដោយអាជ្ញាធរ តុលាការ ដោយយោងតាមមាត្រា ៤ នៃច្បាប់ ស្តីពី ពន្ធនាគារ ឆ្នាំ២០១១ ។ រីឯ ពាក្យថា “អ្នកទោស” គឺជាពិរុទ្ធជន ឬទណ្ឌិត ដែលត្រូវបានតុលាការផ្ដន្ទាទោសតាមសេចក្តីសម្រេចរបស់តុលាការ បើយោងតាមស្មារតីប្រការ១.២ នៃប្រកាស ស្ដីពី ការគ្រប់គ្រង ពន្ធនាគារ ឆ្នាំ១៩៩៨ ។
ត្រឡប់មកប្រធានបទខាងលើវិញ នីតិវិធីនៃការទទួលខ្លួនជនជាប់ឃុំជាស្ត្រី គឺជានីតិវិធីដ៏សំខាន់មួយ ដោយសារពួកគាត់ ជាក្រុមជនងាយរងគ្រោះ ។ យោងតាម វិធានអង្គការសហប្រជាជាតិសម្រាប់ប្រព្រឹត្តកម្មលើជនជាប់ឃុំជាស្ដ្រី និងវិធានការដាក់ ឱ្យ នៅក្រៅការឃុំខ្លួនសម្រាប់ជនល្មើសជាស្ដ្រី ឆ្នាំ២០១០ (វិធានបាងកក) នីតិវិធីនៃការទទួលខ្លួននេះត្រូវផ្ដោតលើចំណុចសំខាន់ៗ មួយចំនួនដូចតទៅ៖ (១) ការគាំពារផ្នែកច្បាប់ និងព័ត៌មាន៖ ត្រូវផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ និងពន្យល់អំពីបទបញ្ជាផ្ទៃក្នុង របស់ពន្ធនាគារ ដោយប្រើប្រាស់ភាសាដែលពួកគាត់ចេះច្បាស់លាស់ និង (២) ការគិតគូរពីផលប្រយោជន៍កុមារ៖ ករណីស្ត្រី ជាប់ឃុំមានកូនតូចក្នុងបន្ទុក ត្រូវរៀបចំចាត់ចែងចំពោះកុមារឱ្យបានសមស្រប ។
បន្ថែមពីនេះចំពោះចំណាត់ការក្រោយពីការទទួលយកអ្នកទោសចូលពន្ធនាគារ គឺអ្នកទោសស្រ្តី និងអ្នកទោសបុរសត្រូវ ដាក់ឱ្យនៅដោយឡែកពីគ្នា (មាត្រា ២១ កថាខណ្ឌទី២ នៃច្បាប់ ស្តីពី ពន្ធនាគារ ឆ្នាំ២០១១ និងប្រការ ៣.ក នៃ ប្រកាស ស្ដីពី ការគ្រប់គ្រងពន្ធនាគារ ឆ្នាំ១៩៩៨) ។ បើស្របតាមគោលការណ៍ជាមូលដ្ឋាន ពាក់ព័ន្ធនឹងគោលការណ៍មិនរើសអើង នៃវិធាន បាងកក ឆ្នាំ២០១០ បានចែងផងដែរអំពីការពិចារណាទៅលើតម្រូវការដាច់ដោយឡែករបស់ជនជាប់ឃុំជាស្រ្តី ហើយដើម្បី សម្រេចបាននូវសមភាពយេនឌ័រជាសារវន្ត ការផ្តល់ឱ្យសម្រាប់តម្រូវការបែបនេះ មិនត្រូវចាត់ទុកជាអំពើរើសអើងនោះទេ ។
ក្រៅអំពីចំណុចដែលបានបញ្ជាក់ជូនខាងលើ យោងតាមប្រការ ៣ ចំណុច ២.ឆ. នៃប្រកាស ស្តីពី ការគ្រប់គ្រងពន្ធនាគារ ឆ្នាំ១៩៩៨៖ “តម្រូវការដូចតទៅនេះ ត្រូវអនុវត្ដលើពន្ធនាគារ ដែលឃុំឃាំងអ្នកទោសជាស្រ្ដី៖
- ពន្ធនាគារយ៉ាងហោចណាស់ត្រូវមានមន្រ្ដីនាយកដ្ឋាន ឬមន្រ្ដីពន្ធនាគារ ជាស្រ្ដីភេទម្នាក់ដែលបានទទួល ការបណ្ដុះបណ្ដាល ដើម្បីផ្លាស់ប្ដូរគ្នាត្រួតពិនិត្យពន្ធនាគារដែលដាក់អ្នកទោសស្រ្ដីទាំងនោះ ។
- មន្រ្ដីនាយកដ្ឋាន ឬមន្រ្ដីពន្ធនាគារស្រ្ដី ត្រូវអមដំណើរមន្រ្ដីពន្ធនាគារជាបុរសពេលដែល ពួកគេចូលអគារ បន្ទប់ឃុំឃាំងដាក់អ្នកទោសស្រ្ដី ។
- ក្នុងស្ថានភាពសង្រ្គោះបន្ទាន់ អាយុជីវិត ឬសុខភាពអ្នកទោសស្រ្ដី ដែលត្រូវគម្រាមកំហែងពេលអវត្ដមានមន្រ្ដី នាយកដ្ឋាន ឬមន្រ្ដីពន្ធនាគារស្រ្ដី មន្រ្ដីនាយកដ្ឋាន ឬមន្រ្ដីពន្ធនាគារបុរសដែលមានតួនាទីខ្ពស់ជាងគេ ហើយ មានវត្ដមាននៅទីនោះ ត្រូវតែចាត់វិធានការចាំបាច់ដើម្បីជួយសង្រ្គោះអ្នកទោសស្រ្តីនោះសិន រួចទើបជូន ដំណឹងដល់ប្រធានពន្ធនាគារ” ។
លើសពីនេះទៅទៀត នីតិវិធីលេខ ៣៤ នៃនីតិវីធីពន្ធនាគារ ឆ្នាំ២០០៣ ក៏មានចែងផងដែរអំពី “កូនរបស់អ្នកទោសស្រ្តី និងអ្នកទោសស្រ្តីមានផ្ទៃពោះនៅក្នុងពន្ធនាគារ” ដោយគោលបំណងនៃនីតិវិធីនេះគឺសម្រាប់គ្រប់គ្រង ថែទាំ អ្នកទោសដែល មានផ្ទៃពោះ និងកូនអ្នកទោសស្រ្តីនៅក្នុងពន្ធនាគារ ហើយម្តាយត្រូវបានផ្តល់នូវឱកាសជាច្រើនដើម្បីអនុវត្ត និងអភិវឌ្ឍន៍នូវ ការទទួលខុសត្រូវជាមាតា ព្រមទាំងភារកិច្ច និងជំនាញដើម្បីបង្កើតនូវសក្តានុពលសម្រាប់ការអភិវឌ្ឍដ៏ត្រឹមត្រូវ របស់កូន និងកាត់បន្ថយនូវការប្រព្រឹត្តិបទល្មើសជាថ្មីឡើងវិញរបស់ម្តាយ ។
បន្ថែមពីនេះ ប្រធានពន្ធនាគារត្រូវធ្វើយ៉ាងណាឱ្យ មានវិធាន ការសមស្រប ដើម្បីធានាដល់សុខភាព និងសុខុមាលភាព របស់អ្នកទោស និងទារកក្នុងអំឡុងពេលមានផ្ទៃពោះ និង ក្រោយពេលសម្រាលទារក ។ លើសពីនេះ ការផ្តល់សេវាថែទាំ និងគាំពារសុខភាពមាតាព្រមទាំងទារក ទាំងមុនពេល និងក្រោយពេល សម្រាលកូន ត្រូវតែទទួលបានការយកចិត្តទុកដាក់ជាពិសេស ។ ជនជាប់ឃុំជាស្ត្រីដែលមានផ្ទៃពោះ ត្រូវតែ ទទួលបានរបប ឧបត្ថម្ភពិសេសសម្រាប់ការថែទាំសុខភាព ហើយប្រសិនបើអាចធ្វើទៅបាន ត្រូវអនុញ្ញាតឱ្យពួកគាត់ទៅសម្រាល កូននៅមន្ទីរពេទ្យ ខាងក្រៅពន្ធនាគារ ។ យ៉ាងណាមិញ ក្នុងករណីដែលកុមារបានកើតនៅក្នុងពន្ធនាគារ មិនត្រូវកត់ត្រា ឬចុះនិទ្ទេស នៅក្នុង សំបុត្រកំណើតថា ទារកនោះកើតនៅក្នុងពន្ធនាគារឡើយ ។
ក្រៅពីចំណុចលើកឡើងខាងលើ វិធានបាងកក ឆ្នាំ២០១០ ក៏បានចែងផងដែរអំពីវិធានការមិនឃុំខ្លួនជនជាប់ឃុំជាស្រ្តី ដោយគិតគូរអំពី ប្រវត្តិនៃការធ្វើឱ្យរងគ្រោះនៃជនល្មើសជាស្រ្តីជាច្រើន និងការទទួលខុសត្រូវខាងការថែទាំរបស់ពួកគេ ។ ជាទូទៅ មធ្យោបាយការពារមិនឃុំខ្លួន ឧទាហរណ៍ ដូចជានៅក្នុងទីជម្រកដែលគ្រប់គ្រងដោយស្ថាប័នឯករាជ្យ អង្គការមិនមែន រដ្ឋាភិបាល ឬសេវា សហគមន៍ផ្សេងទៀតត្រូវបានប្រើប្រាស់ដើម្បីការពារស្រ្តីដែលត្រូវការការពារ ។
ជារួមមក បុគ្គលណាដែលបានប្រព្រឹត្តខុសត្រូវតែទទួលទោសទៅតាមច្បាប់ជាធរមានដោយពុំអាចគេចវេះបានឡើយ ។ ប៉ុន្តែបើទោះបីជាបុគ្គលដែលប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តែប្រព័ន្ធច្បាប់ក៏បានគិតគូរយ៉ាងល្អិតល្អន់ចំពោះ ជនជាប់ឃុំជាស្ត្រី ដោយឈរលើគោលការណ៍សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ។ យន្តការនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាពិសេសលើការការពារសិទ្ធិ សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមាន កូនតូចក្នុងបន្ទុក ។ បន្ថែមលើនេះ ការធានានូវលក្ខខណ្ឌរស់នៅសមរម្យ និងការប្រើប្រាស់វិធានការជំនួសឱ្យការឃុំខ្លួន ក្នុងករណីចាំបាច់ មិនត្រឹមតែជាការគាំពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មាតា និងកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការស្តារនីតិសម្បទា និងការកាត់បន្ថយអត្រានៃការប្រព្រឹត្តបទល្មើសឡើងវិញប្រកបដោយប្រសិទ្ធភាព ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងកញ្ញា អ៊ុំ សោភា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕



