* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង

18-10-2026 13:57

(ភ្នំពេញ)៖ វ័យក្មេង (វ័យកុមារ) គឺជាវ័យដែលត្រូវស្ថិតនៅក្នុងថ្នាក់រៀន មិនមែននៅកន្លែងធ្វើការឡើយ ។ កុមារគួរទទួលបានការអប់រំ ការថែទាំ និងការការពារ ដើម្បីទទួលបានអនាគតមួយដ៏ល្អប្រសើរ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ដោយសារកត្តាជីវភាពខ្វះខាត ឬតម្រូវការជួយគ្រួសារ កុមារជាច្រើនបានបង្ខំចិត្តបោះបង់ចោលការសិក្សា ហើយចូលបម្រើការងារតាំងពីវ័យក្មេង ដើម្បីរកចំណូលផ្គត់ផ្គង់ខ្លួនឯង និងគ្រួសារ ដែលនេះជារឿយៗអាចឈានដល់ការរំលោភលើពលកម្មកុមារ ។

ផ្អែកតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងពិធីសារបន្ថែម បានកំណត់ថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការការពារពីការធ្វើការងារណាដែលប្រកបដោយគ្រោះថ្នាក់ ឬអាចបង្កជាផលប៉ះពាល់ដល់ការអប់រំ សុខភាព និងការអភិវឌ្ឍរបស់ពួកគេ ។

ដូច្នេះ តើច្បាប់ការងារបានកំណត់នូវលក្ខខណ្ឌបែបណាខ្លះ ដើម្បីធានាថាកុមារធ្វើការប្រកបដោយសុវត្ថិភាព និងទទួលបានការការពារត្រឹមត្រូវ ?

ដើម្បីបកស្រាយចម្ងល់ខាងលើនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី “ការងារសម្រាប់ក្មេង” មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជនទាំងអស់គ្នា ដូចតទៅ៖

តាមច្បាប់ “ក្មេង” (កុមារ) សំដៅលើជនទាំងឡាយណាដែលមានអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។ ជាមួយគ្នានេះ យោងតាមច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិយ៉ាងច្បាស់លាស់ ដើម្បីការពារសិទ្ធិ កម្លាំងពលកម្ម និងសុខុមាលភាពរបស់កុមារ ក្នុងការចូលរួមក្នុងវិស័យការងារផងដែរ ជាក់ស្ដែងអាយុអប្បបរមាដែលអាចចូលធ្វើការជាកម្មករនិយោជិត ត្រូវបានកំណត់ត្រឹម ១៥ (ដប់ប្រាំ) ឆ្នាំ (មាត្រា១៧៧ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការងារ) ។ កុមារ អាចអនុញ្ញាតឱ្យមានមុខរបរ ឬការងារសម្រាប់មនុស្សពេញជំទង់ចាប់ពីអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅតែនៅក្នុងលក្ខខណ្ឌដែលសុខភាព សន្ដិសុខ និងសីលធម៌របស់កុមារ ទាំងនោះត្រូវបានធានាពេញលេញ ដោយត្រូវទទួលបាននូវការអប់រំពិសេស ឬការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងផ្នែកសកម្មភាពដែលពាក់ព័ន្ធ (មាត្រា១៧៧ កថាខណ្ឌទី៣ នៃច្បាប់ស្ដីពីការងារ) ។ បន្ថែមពីនេះ ក្មេងដែលមានអាយុពី ១២ (ដប់ពីរ) ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ គឺអនុញ្ញាតឱ្យធ្វើតែការងារស្រាលៗប៉ុណ្ណោះ នៅក្នុងលក្ខខណ្ឌដែលការងារទាំងនោះមិនបណ្ដាលឱ្យខូចសុខភាព ឬការអភិវឌ្ឍនផ្លូវចិត្ត និងកាយរបស់កុមារ ព្រមទាំងមិនបណ្ដាលឱ្យប៉ះពាល់ដល់ការសិក្សាជាទៀងទាត់ ឬការចូលរួមកម្មវិធីតម្រង់ទិស ឬកម្មវិធីវិជ្ជាជីវៈដែលបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច (មាត្រា១៧៧ កថាខណ្ឌទី៤ នៃច្បាប់ស្ដីពីការងារ និងប្រកាសលេខ ០០២/០៨ កប/ប្រក ចុះថ្ងៃ០៨ ខែមករា ឆ្នាំ២០០៨ ស្ដីពីការកំណត់ប្រភេទមុខរបរ និងការងារស្រាល ដែលអនុញ្ញាតឱ្យកុមារអាចធ្វើការងារ ចាប់ពីអាយុ ១២ ដល់ ១៥ ឆ្នាំ) ។

សូមបញ្ជាក់បន្ថែមថា ប្រភេទការងារសម្រាប់ក្មេង ត្រូវតែជាការងារដែលមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពរាងកាយ ស្មារតី សីលធម៌ និងមិនរំខានដល់ការរៀនសូត្រឡើយ ខណៈដែលការងារធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ ត្រូវបានហាមឃាត់ជាដាច់ខាត ។ កុមារ ដែលមានអាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើការក្នុងអណ្ដូងរ៉ែ ឬការយករ៉ែ ឬយកថ្មក្នុងដីឡើយ (មាត្រា១៧៤ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការងារ) ។ លើសពីនេះទៀត និយោជកក៏មិនអាចទទួលក្មេងអាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ ឱ្យធ្វើការងារណាដែលអាចបង្កជាគ្រោះថ្នាក់ ប៉ះពាល់ដល់សុខភាព ឬលើសកម្លាំងឡើយ (ប្រកាសលេខ ១០៦ សកបយ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៤ ស្ដីពីការហាមឃាត់កុមារធ្វើការនៅកន្លែងការងារប្រកបដោយគ្រោះថ្នាក់) ។

ក្នុងករណីចាំបាច់ អធិការការងារអាចស្នើសុំគ្រូពេទ្យទទួលបន្ទុកអង្គភាពសាធារណៈណាមួយ មកពិនិត្យកុមារអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ដែលកំពុងធ្វើការក្នុងសហគ្រាស ដើម្បីបញ្ជាក់ថាការងារនោះពិតជាមិនលើសកម្លាំងកុមារឡើយ ។ ផ្អែកលើការពិនិត្យផ្ទាល់របស់គ្រូពេទ្យ និងក្នុងករណីមានការតវ៉ាពីមាតាបិតា អធិការការងារមានសិទ្ធិបង្ខំឱ្យនិយោជកប្ដូរការងារក្មេងទាំងនោះ ឬបញ្ឈប់ពួកគេពីការងារតែម្តង ដោយមានយោបល់គាំទ្រពីគ្រូពេទ្យ (មាត្រា១៧៨ នៃច្បាប់ស្ដីពីការងារ) ។

ទាក់ទងនឹងការចុះកិច្ចសន្យាការងារ គ្មានកុមារណាម្នាក់អាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ ឬអាណាព្យាបាល អាចចុះកិច្ចសន្យាការងារដោយគ្មានការយល់ព្រមអំពីជនដែលខ្លួននៅក្រោមការគ្រប់គ្រងនោះឡើយ (មាត្រា១៨១ នៃច្បាប់ស្ដីពីការងារ) ។ នេះមានន័យថា នៅពេលជួលកុមារឱ្យចូលបំពេញការងារនិយោជកត្រូវឱ្យឪពុកម្ដាយ ឬអ្នកអាណាព្យាបាលរបស់កុមារនោះ ដឹងពីលក្ខខណ្ឌការងារ ថិរវេលាបំពេញការងាររបស់កុមារ ពេលវេលាសម្រាប់ទៅសាលារៀន ហានិភ័យនៃគ្រោះថ្នាក់ និងជំងឺដែលបណ្ដាលមកពីការងារ វិធានការអនាម័យ ព្រមទាំងធានាសុវត្ថិភាពនៅកន្លែងធ្វើការងារ ។

ទន្ទឹមនឹងនេះ និយោជកត្រូវមានសៀវភៅបញ្ជីចុះនាមក្មេងអាយុតិចជាង ១៨ (ដប់ប្រាំបី) ឆ្នាំ ដែលបំពេញការងារឱ្យខ្លួន ដោយមានកត់ត្រានូវថ្ងៃខែឆ្នាំកំណើតរបស់កុមារ ហើយសៀវភៅនេះត្រូវជូនអធិការការងារចុះទិដ្ឋាការ ធ្វើសេចក្ដីសង្កេត និងសេចក្ដីព្រមាន (មាត្រា១៧៩ នៃច្បាប់ស្ដីពីការងារ) ។

សរុបមក ទោះបីជាច្បាប់អនុញ្ញាតឱ្យកុមារ អាចចូលបំពេញការងារបានក៏ដោយ ក៏ការជ្រើសរើសកុមារឱ្យចូលបំពេញការងារត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនានាដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារបានកំណត់ ។ ការកំណត់បែបនេះ គឺច្បាប់មានចេតនាការពារកុមារពីការរំលោភបំពាន ការពារសិទ្ធិ សុខភាព និងការអប់រំរបស់កុមារ ហើយក្នុងនាមជាឪពុកម្ដាយ ឬអ្នកអាណាព្យាបាលរបស់កុមារ គួរគប្បីត្រូវស្វែងយល់អំពីសិទ្ធិ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដែលកុមារត្រូវទទួលបានឱ្យបានច្បាស់លាស់ ចៀសវាងមានការកេងប្រវ័ញ្ច ឬរំលោភសិទ្ធិកុមារនោះពីនិយោជក ។

រៀបរៀងដោយ៖ លោកមេធាវី ប៉ូល គីមសេង និងកញ្ញា ប៊ិន សុគន្ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕