* យល់ដឹងផ្នែកច្បាប់៖ នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម
* និន្នាការថ្មីនៅចិន៖ ស្រ្តីវ័យក្មេងចំណាយប្រាក់ខ្ទង់ពាន់ដុល្លារ ដើម្បីថតរូបស្នេហ៍ជាមួយតារាម៉ូដែលប្រុស
* ចំណេះដឹងទូទៅ៖ នរណាជាអ្នកដែលទៅឃើញអង្គរមុនគេ?
* Tesla គ្រោងបញ្ឈប់ការផលិត Cybertruck នៅឆ្នាំ២០២៧ ក្រោយការលក់ធ្លាក់ចុះខ្លាំង

យល់ដឹងផ្នែកច្បាប់៖ នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

08-11-2026 18:12

(ភ្នំពេញ)៖ ក្នុងវិស័យអាជីវកម្ម ការដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ ក្នុងការរក្សាកេរ្ដិ៍ឈ្មោះ និងទំនុកចិត្តពីដៃគូពាណិជ្ជកម្ម ។ ផ្ទុយទៅវិញ ប្រសិនបើវិវាទពាណិជ្ជកម្មត្រូវបានអូសបន្លាយពេលយូរ វាមិនត្រឹមតែបំផ្លាញឱកាសអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យភាគីប្រឈមនឹងហានិភ័យហិរញ្ញវត្ថុទៀតផង ។ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនេះ ក៏ដូចជាដើម្បីធ្វើទំនើបកម្មប្រព័ន្ធដោះស្រាយវិវាទឱ្យស្របតាមបទដ្ឋាន និងនិន្នាការមជ្ឈត្តការអន្តរជាតិ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម.”) បានដាក់បញ្ចូលជាលើកដំបូងនូវ “នីតិវិធីពន្លឿន” នៅក្នុងវិធានស្តីពីមជ្ឈត្តការ ឆ្នាំ២០២១ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ ការបន្ថែមទម្រង់នីតិវិធីពន្លឿននេះមកអនុវត្ត មិនត្រឹមតែផ្តល់ជម្រើសដំណោះស្រាយឆាប់រហ័សដល់ពាណិជ្ជករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់វិនិយោគិនបរទេស ដែលតែងតែស្វែងរកកិច្ចការពារផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ចិត្ត ។ ក្នុងន័យនេះ ការស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ និងដំណើរការនៃនីតិវិធី គឺជាជំហានចាំបាច់ ហេតុដូច្នេះ តើនីតិវិធីពន្លឿនអាចអនុវត្តបានក្នុងករណីណាខ្លះ ហើយមានដំណើរការយ៉ាងដូចម្តេច?

ដើម្បីស្រាយនូវចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី “នីតិវិធីពន្លឿននៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម” មកចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ដូចតទៅ៖

ដំណើរការនីតិវិធីពន្លឿន គឺជាយន្តការមជ្ឈត្តការពិសេសមួយ ដែលមានគោលបំណងដោះស្រាយវិវាទពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស តាមរយៈការធ្វើសាមញ្ញភាពនីតិវិធីមួយចំនួនដូចជា ការកំណត់សមាសភាពមជ្ឈត្តករ ដែលជាទូទៅមានត្រឹម ១ (មួយ) រូប និងការកំណត់រយៈពេលសម្រាប់ចេញមជ្ឈត្តវិនិច្ឆ័យស្ថាពរ ។ បន្ថែមពីនេះ វិធានស្ដីពីមជ្ឈត្តការ ឆ្នាំ២០២១ បានកំណត់នូវលក្ខខណ្ឌ និងដំណាក់កាលអនុវត្តសំខាន់ៗ ដូចខាងក្រោម៖

១. លក្ខខណ្ឌសម្រាប់ស្នើសុំអនុវត្តនីតិវិធីពន្លឿន

មុនពេលវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើត ភាគីវិវាទអាចដាក់សំណើទៅអគ្គលេខាធិការដ្ឋាននៃ ម.ជ.ម. ដើម្បីសុំអនុវត្តនីតិវិធីពន្លឿន ប្រសិនបើករណីវិវាទរបស់ខ្លួនអាចបំពេញលក្ខខណ្ឌណាមួយខាងក្រោម៖

(ក) តម្លៃកម្មវត្ថុនៃវិវាទមិនលើស ៣.០០០.០០០ (បីលាន) ដុល្លារអាមេរិក ដោយរាប់បញ្ចូលសរុបទាំងអស់តម្លៃកម្មវត្ថុនៃការទាមទារ បណ្តឹងតប និងការដោះសាតាមការកាត់កងនានា

(ខ) គូភាគីវិវាទបានព្រមព្រៀងយកនីតិវិធីពន្លឿន ឬ

(គ) ក្នុងករណីពិសេសបន្ទាន់ខ្លាំង ។

លក្ខខណ្ឌទាំងនេះ មិនតម្រូវឱ្យបំពេញទាំងបីក្នុងករណីតែមួយឡើយ ។ ទោះយ៉ាងណា ការបំពេញលក្ខខណ្ឌមិននាំឱ្យការអនុវត្តនីតិវិធីនេះប្រព្រឹត្តទៅដោយស្វ័យប្រវត្តិទេ ព្រោះត្រូវមានការសម្រេចទទួលយកសំណើជាមុន ។

២. ការដាក់សំណើ និងការសម្រេច

ភាគីប្តឹងទាមទារអាចដាក់សំណើសុំអនុវត្តនីតិវិធីពន្លឿនដោយភ្ជាប់ជាមួយសេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្ម ។ ប្រសិនបើភាគីប្តឹងទាមទារមិនបានស្នើសុំទេ ភាគីឆ្លើយតបក៏អាចដាក់សំណើសុំអនុវត្តនីតិវិធីពន្លឿនមកជាមួយសេចក្តីជូនដំណឹងអំពីការឆ្លើយតបបានដូចគ្នា ។ ក្នុងករណីដែលភាគីប្តឹងទាមទារបានស្នើសុំរួច ភាគីឆ្លើយតបអាចបញ្ចេញមតិលើសំណើសុំនោះ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃប្រតិទិន បន្ទាប់ពីបានទទួលសំណើសុំ ។ ភាគីដាក់សំណើត្រូវបញ្ជូនច្បាប់ចម្លងទៅគូភាគីម្ខាងទៀតក្នុងពេលដំណាលគ្នា ។ គណៈកម្មាធិការតែងតាំង និងនីតិវិធី ជាអ្នកសម្រេចលើសំណើ បន្ទាប់ពីពិចារណាយោបល់របស់គូភាគីវិវាទ និងកាលៈទេសៈនៃសំណុំរឿង ។

៣. ដំណើរការបន្ទាប់ពីសំណើសុំត្រូវបានទទួលយក

ការកែប្រែពេលវេលាកំណត់៖ អគ្គលេខាធិការដ្ឋាន អាចកែប្រែពេលវេលាកំណត់ក្រោមវិធានស្ដីពីមជ្ឈត្តការ ឆ្នាំ២០២១ ។
សមាសភាពវេទិកាមជ្ឈត្តកម្ម៖ សំណុំរឿងត្រូវបញ្ជូនទៅវេទិកាមជ្ឈត្តកម្មដែលមានមជ្ឈត្តករ ១ (មួយ) រូប លើកលែងតែកិច្ចសន្យាមជ្ឈត្តកម្មកំណត់យកមជ្ឈត្តករ ៣ (បី) រូប ។ ក្នុងករណីកំណត់យកមជ្ឈត្តករ ៣ (បី) រូប អគ្គលេខាធិការដ្ឋានត្រូវស្នើឱ្យគូភាគីវិវាទព្រមព្រៀងយកមជ្ឈត្តករ ១ (មួយ) រូប ។ បើគូភាគីវិវាទមិនព្រមព្រៀង សំណុំរឿងត្រូវបន្តដោយមជ្ឈត្តករ ៣ (បី) រូប ។

ឯកសារ និង/ឬសវនាការ៖ បន្ទាប់ពីពិភាក្សាជាមួយគូភាគីវិវាទ វេទិកាមជ្ឈត្តកម្មអាចសម្រេចវិវាទដោយផ្អែកលើតែឯកសារ ឬធ្វើសវនាការសម្រាប់សាកសួរសាក្សី អ្នកជំនាញ និងស្តាប់ការទាញហេតុផលផ្ទាល់មាត់ ។ ការសម្រេចនេះត្រូវគោរពបទប្បញ្ញត្តិចាំបាច់នៃច្បាប់ និងធានាឱ្យគូភាគីវិវាទមានឱកាសសមរម្យបង្ហាញសំណុំរឿងរបស់ខ្លួន ។

រយៈពេលចេញមជ្ឈត្តវិនិច្ឆ័យ៖ មជ្ឈត្តវិនិច្ឆ័យស្ថាពរត្រូវចេញក្នុងរយៈពេល ២៧០ (ពីររយចិតសិប) ថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃដែលវេទិកាមជ្ឈត្តកម្មត្រូវបានបង្កើត មិនមែនចាប់ពីថ្ងៃដាក់សំណើឡើយ ។ ក្នុងកាលៈទេសៈពិសេស គណៈកម្មាធិការតែងតាំង និងនីតិវិធី អាចពន្យាររយៈពេលនេះបាន ។

នីតិវិធីទាំងបួនចំណុចក្នុងផ្នែក ៣ នេះ ត្រូវយកមកអនុវត្ត ទោះបីកិច្ចសន្យាមជ្ឈត្តកម្មមានខ្លឹមសារផ្ទុយក៏ដោយ ។

៤. ការបញ្ឈប់នីតិវិធីពន្លឿន

តាមសំណើរបស់ភាគីវិវាទណាមួយ វេទិកាមជ្ឈត្តកម្មអាចសម្រេចបញ្ឈប់ការអនុវត្តនីតិវិធីពន្លឿន បន្ទាប់ពីបានផ្តល់ឱកាសឱ្យគូភាគីវិវាទបញ្ចេញមតិរបស់ខ្លួន ពិនិត្យព័ត៌មានបន្ថែមដែលអាចមាននៅពេលបន្ទាប់ និងពិភាក្សាជាមួយគណៈកម្មាធិការតែងតាំង និងនីតិវិធី ។ ក្នុងករណីនេះ សំណុំរឿងមជ្ឈត្តការនឹងត្រូវអនុវត្តតាមនីតិវិធីធម្មតាវិញ ប៉ុន្ដែនៅតែដំណើរការនីតិវិធីដោយមជ្ឈត្តករដែលត្រូវបានតែងតាំងដើម្បីអនុវត្តដំណើរការនីតិវិធីពន្លឿនដដែល ។

សរុបសេចក្ដីមក នីតិវិធីពន្លឿននៃវិធានស្ដីពីមជ្ឈត្តការ ឆ្នាំ២០២១ គឺជាការធ្វើទំនើបកម្មប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្មដ៏មានសារៈសំខាន់ ក្នុងការផ្តល់ជម្រើសដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សជូនដល់ភាគីវិវាទ ។ ការពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់លើលក្ខខណ្ឌតម្រូវ ព្រមទាំងកាលៈទេសៈនៃសំណុំរឿង មុននឹងស្នើសុំអនុវត្តនីតិវិធីនេះនឹងជួយឱ្យពាណិជ្ជករ និងវិនិយោគិនអាចទាញយកផលប្រយោជន៍ផ្លូវច្បាប់អតិបរមា និងការពារផលប្រយោជន៍ហិរញ្ញវត្ថុរបស់ខ្លួនបានទាន់ពេលវេលា ។

រៀបរៀងដោយ៖ កញ្ញាមេធាវី គន្ធ វិជិតា និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕