Coupang បញ្ជាក់ថា ទិន្នន័យអតិថិជនដែលលេចធ្លាយត្រូវបានលុបចោលវិញអស់ហើយ
26-12-2025 11:36
(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ល្បី Coupang បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនប្រហែល ៣,០០០ នាក់ ដែលត្រូវបានអតីតបុគ្គលិកម្នាក់លួចទាញយកទៅនោះ ត្រូវបានជនសង្ស័យលុបចោលវិញអស់ហើយ ដោយមិនទាន់មានការបញ្ជូនទៅកាន់អ្នកដទៃឡើយ។ ក្រុមហ៊ុនបញ្ជាក់ថា អតីតបុគ្គលិករូបនោះបានសារភាពកំហុសរួចរាល់ ប៉ុន្តែមិនទាន់មានការបង្ហាញអត្តសញ្ញាណជាសាធារណៈនៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា អាជ្ញាធរកូរ៉េខាងត្បូងហាក់មិនទាន់ជឿជាក់ទាំងស្រុងលើការអះអាងនេះទេ។ ក្រសួងវិទ្យាសាស្ត្រកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុង «ការស៊ើបអង្កេតនៅឡើយ» ហើយរាល់ការលើកឡើងរបស់ក្រុមហ៊ុន គឺមិនទាន់មានការបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរនោះទេ។ ក្រសួងថែមទាំងបានរិះគន់ Coupang យ៉ាងចាស់ដៃចំពោះការ «លាតត្រដាងព័ត៌មានតែឯកឯង» ខណៈដែលក្រុមស៊ើបអង្កេតចម្រុះកំពុងធ្វើការងាររបស់ខ្លួន។
កន្លងមក ករណីលេចធ្លាយទិន្នន័យនេះបានក្លាយជាបញ្ហាក្តៅគគុក រហូតដល់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចេញមុខអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើក្រុមហ៊ុន Coupang។ លោកបានសង្កត់ធ្ងន់ថា ត្រូវតែមានវិធានការច្បាប់តឹងរ៉ឹងចំពោះ «ការធ្វេសប្រហែសរបស់ក្រុមហ៊ុន» នៅក្នុងហេតុការណ៍លេចធ្លាយទិន្នន័យដែលចាត់ទុកថាអាក្រក់បំផុតមួយរបស់ប្រទេសនេះ៕
Coupang ចេញមុខសុំទោសជាសាធារណៈចំពោះការបែកធ្លាយទិន្នន័យអតិថិជនជាង ៣៣ លាននាក់ ខណៈរដ្ឋាភិបាលកំពុងបើកការស៊ើបអង្កេតបន្ទាន់៖ https://freshnews.com.kh/freshnewsplus/410446-2025-12-02-09-01-05.html
CEO ក្រុមហ៊ុន Coupang លាលែងភ្លាមៗ ក្រោយទិន្នន័យអតិថិជនជាង ៣៣ លាននាក់ ត្រូវបានលួច៖ https://freshnews.com.kh/freshnewsplus/411547-2025-12-11-09-59-24.html












